BREAKING NEWS
Search

បងប្អូន​ត្រកូល «​កែវ​» របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ទៅ​ចែករំលែក​បទពិសោធន៍​បាល់ទាត់​នៅ​ខេត្តសៀមរាប

បងប្អូន​ត្រកូល «​កែវ​» គឺ​កែវ សុខ​ង៉​ន និង​កែវ សុខ​ផេង ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ទៅ​ចែករំលែក​បាល់ទាត់​នៅ​ខេត្តសៀមរាប កាលពី​ពេល​ថ្មីៗ​អំឡុងពេល​លីក​កំពូល​កម្ពុជា (Metfone Cambodian League 2017) កំពុងតែ​សម្រាក​។

ក្រោយ​បញ្ចប់​ការ​ចែករំលែក​បទពិសោធ​ន៍​បាល់ទាត់​ដល់​យុវជន​ប្រមាណ​ជា​៥០​នាក់ នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ថ្មីៗ​នេះ កីឡាករ កែវ សុខ​ផេង បាន​លើកឡើងថា​ «​ខ្ញុំ​ពិតជា​មាន​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ចូលរួម​ជាមួយ​យុវជន និង​កីឡាករ​មួយ​ចំនួន នៅ Y.E.S Football Academy ដើម្បី​បង្ហាញ​ដល់​ពួកគេ​នូវ​បច្ចេកទេស​ខ្លះៗ​នៃ​កីឡាបាល់ទាត់ ក៏ដូចជា​បាន​ចែករំលែក​បទពិសោធន៍​ដែល​ខ្ញុំ និង​បងប្រុស​ធ្លាប់បាន​ឆ្លងកាត់​កន្លងមក​ទាំង​នៅ​ក្នុង​កម្រិត​ក្លឹប​ក្នុងស្រុក ក្រៅ​ស្រុក និង​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាដើម​»​។

ចំណែក​កីឡាករ កែវ សុខ​ង៉​ន វិញ​បានបង្ហាញ​ចំណាប់អារម្មណ៍​ថា «​ទោះបី​ជា​មាន​រយៈពេល​ខ្លី​មែន ប៉ុន្តែ​យើង​បាន​កសាង​នូវ​ចំណងមិត្តភាព​ដ៏​ល្អ​ជាមួយគ្នា ជាពិសេស​ខ្ញុំ​សង្ឃឹមថា នឹង​អាច​វិល​ត្រលប់​មក​ចូល​រួម​ក្នុង​កម្មវិធី​បែបនេះ នៅ​ពេល​ឆាប់ៗ​ខាងមុខ​ទៀត ព្រោះ​វា​ជា​ផ្នែក​មួយ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​បាន​ចូលរួម​ក្នុង​វិស័យ​បាល់ទាត់​កាន់តែ​ផុសផុល និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ឬ​អំពើ​មិនល្អ​នានា​»។

២ នាក់​បងប្អូន កែវ សុខ​ង៉​ន និង កែវ សុខ​ផេង បាន​ផ្ទេរ​ទៅ​ក្លិប​បឹងកេត​អង្គរ ទៅកាន់​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពីដើម​រដូវ​កាល​២០១៥ កន្លងទៅ​។ កីឡាករ កែវ សុខ​ង៉​ន ធ្លាប់​ជា​ផ្នែក​មួយ​បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ពានរង្វាន់​លី​ក​MCL នៅ​រដូវ​កាល ២០០៨ និង ២០១០ និង​ពានរង្វាន់​សម្ដេច ហ៊ុន សែន (Hun Sen Cup) ២​ឆ្នាំ​ជាប់​គ្នា​ពោល ២០០៨ និង ២០០៩​។ ពេល​គេ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ រូបគេ ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​បឹងកេត ឈ្នះ​ពាន​លី​ក​បាល់ទាត់​កម្ពុជា ជា​លើកដំបូង​នៅ​ឆ្នាំ​២០១២ ផង​ដែរ បន្ទាប់​ឡើង​មក​ពី​លេង​នៅ​ក្រប​ខណ្ឌ​ក​១ ខណៈ​កែវ សុខ​ផេង បាន​បណ្តោះ​បណ្តាល​ឲ្យ​ក្លាយជា​កីឡាករ​អាជីព​ជាមួយ​បឹងកេត នៅ​ឆ្នាំ​នោះដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114