Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! ថ្នាំព្យាបាលជំងឺមហារីក តម្លៃត្រឹម ១ដុល្លារ ជិតដាក់លក់លើទីផ្សារហើយ

បានផុស

នៅ

បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលមួយទសវត្សរ៍ វិទ្យាស្ថាន TATA នៅទីក្រុង បុមបៃ ប្រទេសឥណ្ឌា បានផលិតថ្នាំគ្រាប់ ដែលអាចព្យាបាលជំងឺមហារីក ហើយប្រសិនវាទទួលបានភ្លើងខៀវមែន ថ្នាំនេះនឹងត្រូវដាក់លក់លើទីផ្សារនៅខែមិថុនាឬកក្កដា ក្នុងតម្លៃមួយគ្រាប់ត្រឹម១ដុល្លារប៉ុណ្ណោះ។

(រូបថត៖ India Today)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់កាសែត Economic Times, ថ្នាំឈ្មោះ “R+Cu” នេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា រ៉េសវេរ៉ាត្រុលនិងទង់ដែង ដែលអាចបង្កើត “រ៉ាឌីកាល់អុកស៊ីសែន” ប្រឆាំងមហារីក។ ថ្នាំនេះមានសមត្ថភាពការពារកោសិកាងាប់ក្នុងខ្លួនមនុស្ស មិនឲ្យប្រែក្លាយមនុស្សមានសុខភាពល្អ ទៅជាអ្នកកើតមហារីក ហើយរារាំងចលនានៃកោសិកាមហារីក មិនឲ្យរាលដាលពីផ្នែកមួយទៅផ្នែកមួយទៀតនៃរាងកាយ ដែលគេស្គាល់ថា “Metastasis”។

ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ថ្នាំនេះអាចមានប្រសិទ្ធភាពក្នុងការព្យាបាលមហារីកលំពែង សួត និងមាត់ ហើយវាកំពុងរង់ចាំការយល់ព្រមពីអាជ្ញាធរសុវត្ថិភាពចំណីអាហារ និងស្តង់ដារឥណ្ឌា (FSSAI) មុនដាក់លក់លើទីផ្សារ។

(រូបថត៖ Mdanderson)

ក្នុងបទសម្ភាសជាមួយ NDTV លោកវេជ្ជបណ្ឌិត Rajendra Badve មកពីមន្ទីរពេទ្យ Tata Memorial និយាយថា “យើងបានធ្វើតេស្តរកផលប៉ះពាល់លើសត្វកណ្តុរនិងមនុស្ស ប៉ុន្តែការធ្វើតេស្តបង្ការ គឺយើងធ្វើឡើងតែលើសត្វកណ្តុរប៉ុណ្ណោះ។ យ៉ាងណា យើងនៅតែបន្តចំណាយពេលប្រហែល៥ឆ្នាំទៀត ដើម្បីបញ្ចប់ការសាកល្បងរឿងនេះលើមនុស្ស។ មាន​បញ្ហា​ប្រឈម​ក្នុង​អំឡុង​ពេល​ស្រាវជ្រាវ ប៉ុន្តែ​នៅ​ទី​បំផុត យើងទទួលបានជោគជ័យ​យ៉ាងធំធេង”។

មជ្ឈមណ្ឌល Tata Memorial Center គឺស្ថិតក្នុងចំណោមកន្លែងស្រាវជ្រាវជំងឺមហារីកមានវ័យចំណាស់ជាងគេ និងធំជាងគេលើពិភពលោក ហើយទទួលបានមូលនិធិនិងគ្រប់គ្រងដោយនាយកដ្ឋានថាមពលអាតូមិករបស់ប្រទេសឥណ្ឌា។

(រូបថត៖ Cancer Center)

ក្នុងនាមជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ឥណ្ឌាមានអត្រាមហារីកខ្ពស់បំផុតនៅអាស៊ី ហើយជំងឺនេះត្រូវបានគេមើលឃើញថា ជាមូលហេតុចម្បងនៃក្តីបារម្ភរបស់រដ្ឋាភិបាល។ ករណីជំងឺមហារីកនៅក្នុងប្រទេសឥណ្ឌា ត្រូវគេព្យាករថានឹងកើនឡើងពី ១.៤៦លាននាក់ក្នុងឆ្នាំ២០២២ ដល់១.៥៧លាននាក់ក្នុងឆ្នាំ២០២៥។

ដំណឹងល្អនេះកើតឡើងកន្លះខែ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួន កំពុងធ្វើការលើវ៉ាក់សាំងប្រឆាំងជំងឺមហារីក និងថ្នាំលេបជំនាន់ថ្មី ដែលពេលនេះជិតផលិតបានហើយ។

តាមការបញ្ជាក់ពីលោកពូទីន, រុស្ស៊ីជិតបង្កើតបាននូវអ្វីដែលគេហៅថា វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីក onco-vaccine និងថ្នាំ immunomodulatory ជំនាន់ថ្មី ហើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ វា​នឹង​ត្រូវ​បាន​ប្រើ​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​វិធី​ព្យាបាល​មនុស្សទូទៅ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ជិតផលិតបាន វ៉ាក់សាំងប្រឆាំង ជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម