BREAKING NEWS
Search

ឡុង សុវណ្ណ​ឌឿ​ន កៀក​ស្មា​ ​​​សរ រាជសីហ៍ ឡើង​តតាំង​ជាមួយ​កីឡាករ​ថៃ

ភ្នំពេញ ​៖​ កីឡាករ​ជើង​ខ្លាំង​ឡុង សុវណ្ណ​ឌឿ​ន អ្នក​ប្រដាល់​នៃ​ក្លិប​សាលវ័ន្ត​កីឡា កៀក​ស្មា​​ ​​​កីឡាករ​សរ រាជសីហ៍ អ្នក​ប្រដាល់​មកពី​ក្លិប​មោងឬស្សី​ខេត្ត​បាត់ដំបង ជួប​កីឡាករ ថៃ ​Deth nat Taphun និង​កីឡាករ ​Nam Khakboun TongprasaThin នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃអាទិត្យ​​ ទី​១៦​ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ។

កីឡាករ​ឡុង សុវណ្ណ​ឌឿ​ន គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Deth nat Taphun ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ​៦៩​គីឡូក្រាម​។ សុវណ្ណ​ឌឿ​ន គេ​ក៏​ជា​កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ ​និង​កំពុងតែ​ឡើង​កូដ​មួយ​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ជួ​មុខ​របស់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

កីឡាករ​ឡុង សុវណ្ណ​ឌឿ​ន គេ​ជា​អ្នកលេង​ស្នៀត​កណ្តាប់​ដៃ និង​កែង រីឯ​ស្នៀត​ជើង​ទាត់ និង​ជង្គង់​របស់គេ ក៏ល្អ​ហើយ​ខ្លាំង​ថែមទៀត​។ ប៉ុន្តែ​យ៉ាងណា សុវណ្ណ​ឌឿ​ន ក៏មាន​ចំណុចខ្សោយ​ខ្លះ​ដែរ គឺ​ត្រង់​គេ​វាយ​ចេញ​រាង​យឺត​បន្តិច​ប៉ុណ្ណោះ តែ​គេ​មាន​កម្លាំង​ពលំ​ពេញ​ ៥​ទឹក​មិន​ពិបាក​ឡើយ​។ ឡុង សុវណ្ណ​ឌឿ​ន គេ​ជា​កីឡាករ​ជើងចាស់ ​និង​ខ្លាំង​ម្នាក់​ដែល​ឡើង​ប្រកួត​លើក​ណា​ក៏​ពិបាក​រក​ដៃគូ​មក​ផ្តួល​ឱ្យគេ​ចាញ់​ពិន្ទុ ឬ​ឱ្យ​សន្លប់​នៅលើ​រេញ​ណាស់​។ អញ្ចឹង​ហើយ​ទើប​អ្នក​ស្នេហា​កីឡាប្រដាល់​ភាគច្រើន​នៅតែ​គាំទ្រ​កីឡាករ​ ឡុង សុវណ្ណ​ឌឿ​ន ថា​ជា​កីឡាករ​ដែលមាន​សក្តានុពល ហើយ​មាន​សមត្ថភាព​គួរឱ្យ​សរសើរ ដោយ​ម្នាក់ៗ​ហាក់​សម្តែង​នូវ​ទំនុកចិត្ត​ចង់​ទស្សនា​យ៉ាងខ្លាំង​នៅ​គ្រប់ ពេល​កីឡាករ​រូបនេះ​ឡើង​រេញ​ប្រកួត​ម្តងៗ​នោះ​។ ចាំមើល​កីឡាករ​ឡុង សុវណ្ណ​ឌឿ​ន នឹង​កីឡាករ​ថៃ Deth nat Taphun នេះ​ន​ណា​ជា​អ្នកឈ្នះ​?​។​

ចំណែក​កីឡាករ​ជើង​ខ្លាំង​សរ រាជសីហ៍ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Nam Khakboun TongprasaThin ក្នុង​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​ផងដែរ តែ​គេ​មិនទាន់​ដឹងថា​កីឡាករ​ថៃ​ម្នាក់នេះ​មាន​វិជ្ជា​គុន​ខ្លាំង​ប៉ុណ្ណា​នោះទេ​។​

កីឡា​ករសរ រាជសីហ៍ ស្ថិតិ​ក្នុងការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅលើ​សង្វៀន​ស៊ី​អិន​ស៊ី​នេះ​ប្រមាណ​ជាង​ ១០​ប្រកួត​កន្លងមកនេះ​មិនដែល​ចាញ់​នោះទេ​។ សរ រាជសីហ៍ ជា​អ្នក​ប្រដាល់​ពូកែ​ខាង​ប្រើ​កណ្តាប់ដៃ​ដែល​អាច​វាយ​ចេញ​បាន​លឿន​ និង​ចំគោលដៅ​បានល្អ​ទៀត ឯ​ស្នៀត​ជើង ​និង​ជង្គង់​ក៏​មិន​អន់​ដែរ​។ ជាងនេះទៀត គេ​ជា​អ្នក​ប្រដាល់​ពូកែ​ស៊ូ​ព្រោះ​កាន់តែ​គូរ​ប្រកួត​វាយ​ត្រូវ​គឺ កាន់តែ​ដើរចូល​មិន​ខ្លាច​ដៃគូ​ជាណា​ម្នាក់​ឡើយ​។ ចាំមើល​កីឡា​ករសរ រាជសីហ៍ ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Nam Khakboun TongprasaThin នេះ​គេ​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​របស់ខ្លួន​បាន​ទៀត​ដែរ​ឫ​យ៉ាងណា​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684