Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានអ៊ីស្រាអែល ជាសាធារណៈ  កុំលុកលុយទីក្រុង Rafah ឲ្យសោះ

បានផុស

នៅ

សហរដ្ឋអាមេរិក បានព្រមានអ៊ីស្រាអែលខ្លាំងៗជាសាធារណៈ ប្រឆាំងនឹងការលុកលុយទីក្រុង Rafah ដោយនិយាយថា កុំវាយលុកឲ្យសោះ! ប្រតិបត្តិការជើងគោកនៅទីនោះ នឹងបណ្តាលឲ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីរាយការណ៍របស់ Reuters។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១៨ខែមីនាថា ត្បិតប្រធានាធិបតីអាមេរិក Joe Biden នៅតែប្តេជ្ញាចិត្ត ចំពោះគោលដៅកម្ចាត់ក្រុមហាម៉ាសក៏ពិតមែន ប៉ុន្តែលោកក៏បានទាក់ទងទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែរថា ការវាយប្រហារដ៏ធំណាមួយនៅ Rafah នឹងក្លាយជា “កំហុស”។

លោក Sullivan និយាយថា “រឿងបែបនោះ នឹងបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ ស្លាប់កាន់តែច្រើន, បង្កជាវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ, ធ្វើឲ្យភាពអនាធិបតេយ្យនៅក្នុងតំបន់ហ្គាហ្សាកាន់តែអាក្រក់ និងនាំឲ្យអ៊ីស្រាអែលកាន់តែឯកោជាអន្តរជាតិបន្ថែមទៀត”។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan (រូបថត៖ The Hill)

ស្របពេលជាមួយគ្នានោះដែរ ក្នុងការនិយាយទូរស័ព្ទរវាងលោក Biden និង Netanyahu, ប្រ​ធានាធិបតីអាមេរិក បានស្នើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជូនក្រុមស៊ើបការណ៍សម្ងាត់និងមន្ត្រីយោធា ទៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីស្តាប់ក្តីកង្វល់ពាក់ព័ន្ធការលុកលុយនៅ Rafah។

ពេញមួយសង្រ្គាម អ៊ីស្រាអែលបានបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីននៅហ្គាហ្សា ត្រូវជម្លៀសទៅភាគខាងត្បូង ពេលដែលខ្លួនវាយលុកនៅភាគខាងជើង។ ដំបូងឡើយ ពលរដ្ឋរាប់ម៉ឺននាក់ បានភៀសទៅភាគកណ្តាលតំបន់នេះ ហើយបន្ទាប់មកក៏បន្តទៅទីក្រុង Khan Younis នាភាគខាងត្បូង ហើយទីបំផុត ពួកគេ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ម្តងទៀត​ទៅកាន់​ទីក្រុង Rafah ដែល​ស្ថិតនៅ​ជាប់ព្រំដែន​អេហ្ស៊ីប។

(រូបថត៖ CTV)

ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនប្រជាជនរបស់ Rafah បានកើនឡើងដល់ជាង១.៥លាននាក់ទៅហើយ ពោលគឺកើនឡើងពីប្រហែល ៣០០ ០០០នាក់មុនពេលសង្គ្រាមផ្ទុះ។

យ៉ាងណា មួយលើកជាពីរលើក មេដឹកនាំ​អ៊ីស្រាអែល​បាន​បង្ហាញ​ចេតនា​ ​លុកលុយ​ទីក្រុង Rafah ដែល​បម្រើ​ជា​មជ្ឈមណ្ឌល​ដ៏សំខាន់ ​សម្រាប់​ជំនួយ​មនុស្សធម៌ ​ចូល​មក​តាម​ព្រំដែន​អេហ្ស៊ីប ប៉ុន្តែ​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​បាន​ព្រមាន​ពី​គ្រោះ​ទុរ្ភិក្ស​នៅ​ក្នុង​ទឹកដីនេះ ហើយ​បណ្តា​ប្រទេស​លោកខាងលិច រួមទាំង​សម្ព័ន្ធមិត្ត​របស់​អ៊ី​ស្រា​អែ​ល​នៅ​អឺរ៉ុបផងដែរនោះ បាន​ព្រមាន​ប្រទេស​នេះ​ កុំ​ឲ្យ​វាយលុក​ទីក្រុង Rafah ឲ្យសោះ។

សូមបញ្ជាក់ជាថ្មី យោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣១ ០០០ នាក់ហើយនៅតំបន់ហ្គាហ្សា ចាប់តាំងពីផ្ទុះសង្គ្រាមថ្មីកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារដ៏សាហាវនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងតិច ១ ១០០ នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមហេសបូឡា ប្រាប់ អ៊ីរ៉ង់ ថា ត្រឹម អ៊ីស្រាអែល ខ្លួនច្បាំងតែម្នាក់ឯងក៏បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម