BREAKING NEWS
Search

រួមគ្នា​លើកកម្ពស់​សិទ្ធិ​ជនពិការ​នៅ​កម្ពុជា​

​ភ្នំពេញ ​៖ ដោយបាន​ទទួល​ថវិកា​ពី​ភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID តាមរយៈ​គម្រោង DI អង្គការ​ជនពិការ​កម្ពុជា នៅព្រឹក​ថ្ងៃទី១៤ ខែកក្កដា​នេះ បានរៀបចំ​សិក្ខាសាលា​ចែករំលែក​ការយល់ដឹង និង​ការលើកកម្ពស់​សិទ្ធិ​ជនពិការ​នៅ​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​។

​​លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា (​អ​.​ព​.​ក​) ថ្លែងថា សិក្ខាសាលា​ថ្ងៃនេះ​មាន​គោលដៅ​លើកកម្ពស់​សិទ្ធិ​ជនពិការ តាមរយៈ​បញ្ជ្រាប​បញ្ហាពិការភាព ទាក់ទង​ថា​តើ​បងប្អូន​ជនពិការ​អាច​ទទួលបាន​ព័ត៌មាន​ជាក់លាក់​របៀប​ណា​បាន បញ្ហា​ការអប់រំ បញ្ហា​សុខភាព បញ្ហា​ចូលរួម​ក្នុង​ឆាកនយោបាយ​របស់​ជន​ពិការ បញ្ហា​ច្រក​ផ្លូវចេញចូល​សាធារណៈ​របស់​បងប្អូន​ជនពិការ ដើម្បីឱ្យអ្នកតាក់តែង​គោលនយោបាយ​ លោក​បាន​យល់ហើយ​កំណត់​បាន​ត្រឹមត្រូវសម្រាប់​យកទៅអនុវត្ត​ន៍ជួយ​ដល់​ជនពិការ​។

​លោក ងិន សៅ​រ័ត្ន បន្តថា កន្លងមក​ប្រទេស​កម្ពុជា​យើង​ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល ការងារ​លើកកម្ពស់​សិ​ទ្ធិ​ជនពិការ​ត្រូវបា​អននុវត្ត​យ៉ាង​ល្អ​។ ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​សម្រាប់​បងប្អូន​ជនពិការ​នៅឡើយ​។ ដូចជា​បញ្ហា​អគារ​ជាច្រើនសាងសង់​មិនបាន​គិតគូរ​ដល់​បង​ប្អូន​ជនពិការ កង្វះ​ព័ត៌មាន​នៃដំណើរការ​បោះឆ្នោត បងប្អូន​ជនពិការ​មួយចំនួន​នៅ​ទីជនបទ​មិនបាន​ទទួលព័ត៌មាន​ពេញលេញ ជនពិការ​គ្រប់​វ័យ​មួយចំនួនមិន​បានទទួល​ព័ត៌មានជាក់លាក់​ពី​ការចុះឈ្មោះ និង​ការបោះឆ្នោត និង​ការផ្សព្វផ្សាយ​ព័ត៌មានសម្រាប់​ជនពិការ​នៅមានកម្រិត​។ ដូច្នេះ​សិក្ខាសាលា​ថ្ងៃនេះ​ដើម្បី​ពិភាក្សាគ្នា ដោយមាន​មន្ត្រី​ខាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​អញ្ជើញ​ចូលរួម ក្នុង​គោលដៅ​រិះ​រកយន្តការ​បែបណា កំណត់​សម្រាប់​ជួយ​ដល់​ជនពិការ​នាពេល​អនាគត​បានជា​ក់លាក់​។ ក្នុងនាម​អង្គការ​ជនពិការ​កម្ពុជា សូម​អំពាវនាវ និង​សំណូមពរ​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ សាធារណជន ជាពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ មេត្តាជួយ​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ជនពិការ​។​

​លោក កែវ រ៉ូ​ហ្សេ អគ្គនាយករងក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏បាន​លើកឡើងថា សិក្ខាសាលា​ថ្ងៃនេះយើង​ក៏បាន​ពិភាក្សា​លើ​ការកែសម្រួលបទដ្ឋាន​ប​ច្ចេកទេស​មួយចំនួន ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​លេខ​៨៦ តាំងពី​ឆ្នាំ​១៩៩៦​ មក​នោះ សម្រាប់​ដាក់ឱ្យអនុវត្ត​ឱ្យបាន​សមស្រប សម្រាប់យកទៅអនុវត្ត​ជួយ​ដល់​ជនពិការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ អនុក្រឹត្យ​ដែល​កំពុង​សិក្សា​ជិត​ចប់​នេះ តម្រូវឱ្យ​សាធារណជនដែល​សាងសង់​អគារ​ថ្មីៗ តម្រូវឱ្យមាន​ច្រកចេញចូល ឬក៏​ផ្លូវ​ជម្រាល​សម្រាប់​ជនពិការ ហើយអគារ​ចាស់ពីមុនមកក៏​តម្រូវឱ្យមាន​ការកែលម្អ​ផ្លូវ ឬ​ច្រក​សម្រាប់​ជនពិការ​អាច​ចេញចូល​បាន​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114