៧ យ៉ាងដែលបុរសចង់បានជាងរឿងលើគ្រែ

បុរសមិនមែនត្រឹមតែចាប់អារម្មណ៍លើរាងកាយរបស់ស្ត្រីទេ ប៉ុន្តែពួកគេភាគច្រើនចង់បានរបស់ដូចគ្នាដែលស្ត្រីចង់បានដែរ គ្រាន់តែតាមរបៀបផ្សេងប៉ុណ្ណោះ។ នេះជាមូលហេតុសំខាន់ដែលនារីៗត្រូវយល់ដឹងថា បុរសមានតម្រូវការអ្វីផ្សេងលើសពីការរួមភេទ។

ដើម្បីឲ្យមានទំនាក់ទំនងប្រកបដោយសេចក្តីស្រឡាញ់ពេញលេញ មនុស្សស្រីត្រូវយល់ដឹងថា តើរបស់អ្វីដែលបុរសចង់បាន និងត្រូវការពិតប្រាកដពីដៃគូ?

១. យល់ពីគ្នា

ការយល់ពីគ្នាជាអ្វីដែលបុរសត្រូវការច្រើនជាងការរួមភេទ។ បុរសត្រូវការមនុស្សស្រីម្នាក់ដែលអាចអង្គុយស្ដាប់ពីបញ្ហារបស់គេដោយស្ងៀមស្ងាត់ និងមិនសួរដេញដោលឲ្យគេកាន់តែស្មុគស្មាញ។ វាជាការសំខាន់ បើសិនមនុស្សស្រីណាអាចយល់ថា គេមានបញ្ហាអី? គេចង់មានគ្នាឬចង់នៅម្នាក់ឯង? ​បើសិនគេចង់មានពេលផ្ទាល់ខ្លួន នោះចូរទុកពេលពេលឲ្យគេមានវេលាម្នាក់ឯងខ្លះ។

២. ទទួលយក

មនុស្សស្រីយើងត្រូវដឹងថា មនុស្សប្រុសមិនចង់ឮការទទូចសុំឲ្យគេផ្លាស់ប្តូរបែបនេះ ឬបែបនោះទេ។ បើគេពិតជាស្រឡាញ់នារីណា នោះគេនឹងប្ដូរទម្លាប់មិនល្អដោយខ្លួនឯង។ នារីៗកុំទៅវិនិច្ឆ័យគេ! កុំទៅតាមចាប់កំហុសគេ! កុំទៅថ្កោលទោសគេ! ព្រោះថាគេក៏ដូចអ្នកដែរ គឺត្រូវការមនុស្សម្នាក់ដែលទទួលយកគេដែលជាគេ! នេះហើយជាការកាត់បន្ថយបញ្ហាក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ។

៣. ភាពស្មោះត្រង់

បុរសក៏ដូចស្រ្តីគឺចូលចិត្តភាពស្មោះត្រង់។ គេមិនចូលចិត្តការកុហក ឬលេងសើចទេនៅពេលគេព្រមប្រាកដជាមួយនារីណាម្នាក់ហើយនោះ។ ការលាក់បាំង ជារឿងដែលគេស្អប់បំផុត។ មនុស្សស្រីអាចខូចចិត្តបើសិនបុរសកុហក តែសម្រាប់បុរសនឹងមិនអាចទទួលបានទេ បើនាងក្បត់គេ។

៤. នារីរឹងមាំ

បុរសគ្រប់រូបចង់បានស្ត្រីរឹងមាំ និងឯករាជ្យគ្រប់គ្រាន់។  នាងជាស្ត្រីម្នាក់ដែលអាចថែខ្លួនឯងបាន បើសិនគ្មានគេនៅក្បែរ។  គេចង់បានស្ត្រីម្នាក់ដែលមានគោលដៅច្បាស់លាស់ ហើយគេក៏នឹងគាំទ្រនាងផងដែរ។ គេក៏ត្រូវការស្រ្តីដែលមានឯករាជ្យភាពលើហិរញ្ញវត្ថុដោយមិនចាំបាច់សុំការអនុញ្ញាតពីគេ ពេលចង់បានអ្វីមួយ។

៥. សេរីភាព

បុរសត្រូវការសេរីភាពក្នុងការសេពគប់មិត្តភក្ដិ និងការដើរហើរជាដើម។ គេមិនចូលចិត្តជាប់ឃុំជាមួយនារីគ្រប់ពេលទេ។ បើសិនគេត្រូវការជួបជុំមិត្តភក្ដិ នាងគួរផ្ដល់ពេលឲ្យគេ។ សូមកុំព្យាយាមដាក់គេក្នុងគុករបស់អ្នក ព្រោះគេជាមនុស្សធម្មតាទូទៅដែលត្រូវការសេរីភាពផ្ទាល់ខ្លួន គេមិនមែនអ្នកទោសរបស់អ្នកទេ។

៦. ស្នាមញញឹម

ស្នាមញញឹមវាគឺថ្នាំទិព្វធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។ នៅពេលនារីញញឹមមិនត្រឹមតែឆក់ទាញបេះដូងបុរសទេ តែវាក៏ជាអ្វីដែលបុរសត្រូវការបំផុតពីនារី។ ពេលមនុស្សស្រីយំ បុរសពិតជាពិបាកចិត្តដោយមិនដឹងថាគេមានកំហុសឬយ៉ាងណា។ ប៉ុន្តែពេលមនុស្សស្រីញញឹម ទោះគេហត់នឿយ មួរម៉ៅ មានកំហឹង គេនឹងមានអារម្មណ៍ធូរស្រាលបានមួយផ្នែកធំ។

៧. ការថ្នាក់ថ្នម

នារីៗប្រហែលគិតថា បុរសមិនត្រូវការការថ្នាក់ថ្នមដូចខ្លួនឡើយ។ តាមពិតបុរសក៏ត្រូវការថ្នាក់ថ្នម ការអោបថើបតិចៗ បែបផ្អែមៗដូចនារីដែរ គ្រាន់តែគេមិននិយាយប៉ុណ្ណោះ។ កាយវិការទន់ភ្លន់របស់នារី ជាអាវុធសម្លាប់ចិត្តបុរសឲ្យលង់ស្រឡាញ់កាន់តែខ្លាំង៕

 

ចុចអាន៖ សញ្ញាបង្ហាញថា ទំនាក់ទំនងអ្នកគ្រាន់ជាតណ្ហា មិនមែនស្នេហាពិតទេ

ចុចអាន៖ មេរៀនស្នេហាពី Michelle Obamaដែល​ស្ត្រីគ្រប់​រូបត្រូវចងចាំ

 

ប្រែសម្រួល៖ សន្យា