BREAKING NEWS
Search

តើ​ការ​បួងសួង ​អាចជួយ​ដល់​បេក្ខជន​ប្រឡង​ជាប់​ដែរ​ ឬ​យ៉ាងណា​ ក្រៅពី​ចំណេះ​ផ្ទាល់ខ្លួន ?​

​បាត់ដំបង ​៖ ​នៅ​ថ្ងៃទី​២១ ខែសីហា ​ឆ្នាំ​២០១៧​ ត្រូវ​នឹង​ថ្ងៃ​១៤ ​រោច ​ខែស្រាព ​ឆ្នាំរកា ​នព្វស័ក​ពស​២៥៦១ ​ចំ​នឹង​ថ្ងៃ​ឧបោសថ​សីល​ផងដែរ​ ដែល​ជា​ថ្ងៃ​​​របស់​បេក្ខជន​គ្រប់រូប​ ចូលខ្លួន​ប្រឡង​យក​ជ័យលាភី​រៀងៗ​ខ្លួន ​ដែលជា​ក្តី​បំណង ​ក្នុង​រយៈពេល ​១​ឆ្នាំ​ចុងក្រោយ​។​

មាតាបិតា​របស់​បេក្ខជន​មួយចំនួន​ បាន​ប្រាប់​កម្ពុជា​ថ្មី​ នៅ​ថ្ងៃទី​២១ ​ខែសីហា ​នេះ​ថា ៖ ក្រោយពី​ពួកគាត់​បាន​ជូន​កូន​របស់​ពួកគាត់​ទៅតាម​មណ្ឌល​ប្រឡង​រួច ​ពួកគាត់​មិនបាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ទេ ​គឺ​ពួកគាត់​យក​សម្ភារៈ​ខ្លះមក​បែរបន់​ និង​បួងសួង​ ដល់​បារមី​លោកតា​ដំបង​គ្រញូង ​ក្នុង​គោលបំណង​សុំ​ឲ្យ​កូន​របស់​ពួកគាត់​បាន​ប្រឡង​ជាប់​។

ពួកគាត់​បន្តថា ៖ ​ការ​មក​បន់ស្រន់​នេះ ​គ្រាន់តែ​ជា​ផ្នែក​មួយ នៃ​សាសនា​ ដែល​មនុស្ស​គ្រប់គ្នា​មិនអាច​ចៀសបាន​។ ​ពួកគាត់​បន្តថា ​៖ កាលពី​ឆ្នាំមុន​កូន​គាត់​បាន​ប្រឡង​ជាប់ ​ចូល​បាក់​ឌុប​ ក៏​ពួកគាត់​បាន​បន់ស្រន់ ​និង​បួងសួង​ផងដែរ​ ទើប​ពួកគាត់​នៅតែមាន​ជំនឿ​គ្រប់ៗ​គ្នា ​ហើយ​អី្វ​ដែល​គាត់​ប្រាថ្នា​ឲ្យ​លោកតា​ជួយ​នោះ​ គឺ​ផ្នែក​ស្មារតី​ ឲ្យ​បាន​ចងចាំ​មេរៀន ​កុំ​ឲ្យ​ពេល​ប្រឡង​បែរ​ជា​កូនៗ ​គាត់​ភ្លេចភ្លាំង​។​

ពួកគាត់​ថា​អ្វី​ដែល​ពួកគាត់​រំពឹងទុក​នោះ ​គឺ​សមត្ថភាព​របស់​កូនៗ​ផ្ទាល់​ ដែល​មិនអាច​ខ្វះ​បាន​ ទន្ទឹម​នឹង​ការ​បែរ​បន់​ របស់​ពួកគាត់​។​

លោក​អភិបាលខេត្ត ​ច័ន សុផល អភិបាលខេត្ត​បាត់ដំបង​រំពឹងថា ៖ ​ក្មួយៗ ​នឹង​ប្រឡង​ជាប់​គ្រប់គ្នា ​​ក្មួយៗ​ត្រូវ​ផ្ចិតផ្ចង់​ផុស​ចេញពី​គំនិត​ខ្លួនឯង​ផ្ទាល់​ ដើម្បី​អ​នា​គតគ្រួសារ​និង​សង្គមជាតិ​រួម ​និង​ការងារ​ច្រើនណាស់ ដែល​រង់ចាំ​ពួក​ក្មួយៗ​បន្តវេន​។

​ការ​ថ្លែង​បែបនេះ​ខ​ណៈ ​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ចែក​វិញ្ញាសា​ប្រឡង ដល់​បេក្ខជន​នៅ​សកល​វិទ្យាល័យ​បាត់ដំបង​។​ ក្រៅពី​សកម្មភាព​របស់​មាតាបិតា​សិស្ស​មក​ធ្វើ​ពិធីបួងសួង​នោះ​ ក៏មាន​សកម្ម​ភាព​របស់​សមត្ថកិច្ច​ បាន​ដាក់​ពង្រាយ​ការពារ​យ៉ាង​តឹងតែង​បំផុត ​ស្របតាម​ផែនការ​រឹតបន្តឹង​របស់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​ដែល​បាន​ដាក់ចេញ​ ដើម្បី​កែទម្រង់​លើ​គុណភាព​ចំណេះដឹង​ច្បាស់លាស់​របស់​បេក្ខជន​ម្នាក់ៗ​។

​គួរបញ្ជាក់​ផងដែរ​ថា ៖ តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បា​នបញ្ជាក់ថា ​បេក្ខភាព​ដែល​ចូល​ប្រឡង​ចែកជា​ពីរ​ផ្នែក​គឺ​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ​ពិត​ និង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។ ​ចំណែក​បេក្ខជន​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំនេះ​ ទាំង​បេក្ខភាព​ចំណេះ​ទូទៅ ​ទាំង​បំពេញវិជ្ជា​មាន​ចំនួន​សរុប​ ១០១,៤១០​នាក់ ​ស្រី ​៥០,០៤៩​នាក់​​ ​ហើយ​មណ្ឌល​ប្រឡង​មាន​ចំនួន ​១៧៩​ មណ្ឌល​ ស្មើ​នឹង​ ៤,០៩៣​បន្ទប់​៕​

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684