BREAKING NEWS
Search

រឿង សោ​ភ័ណ្ឌ ដឹក​ដៃ​ មាស សុជាតិ ស្វាគមន៍​កីឡាករ​ថៃ ​មកសុំ​សាក​ស្នៀតគុន​ក្បាច់​ខ្មែរ​បុរាណ

​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង ​រឿង សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​របស់​ក្លិប​ម្កុដ​រាជសីហ៍ ដឹក​ដៃ​កីឡាករ​ជើងខ្លាំង​វ័យក្មេង មាស សុជាតិ អ្នក​ប្រដាល់​មកពី​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ឡើងស្វាគមន៍​កីឡាករ​ថៃ ​Phetchai និង​កីឡាករ ​Chailek មកសុំ​សាក​ស្នៀតគុន​ក្បាច់​ខ្មែរ​បុរាណលើស​ង្វៀន​ភី​អិន​អិន នា​ថ្ងៃអាទិត្យ​ ទី​២៧ ខែសីហា ឆ្នាំ​២០១៧​នេះ​។

​កីឡាករ ​រឿង សោ​ភ័​ណ្ឌ ជួប​ជាមួយ​កីឡាករ​ថៃ ​Phetchai ក្នុង​ប្រភេទ​ទម្ងន់ ​៦៩​គីឡូក្រាម ដែលកីឡាករ​ថៃ​ម្នាក់នេះ​គេ​ជា​ជើង​ខ្លាំងប្រចាំ​នៅ​ប្រទេស​ថៃ ហើយ​គេ​មាន​ស្នៀត​ប្រយុទ្ធ​ខ្លាំង កីឡាករ​ល្មមៗ​មិនអាច​ទប់ទ​ល់​ជាមួយ​គេ​បាន​ ៥ ​ទឹក​នោះទេ​។ ចំណែក​កីឡាករ​ជើង​ខ្លាំង​ រឿង សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ដែល​ឡើង​ប្រកួត​កម្រ​ចាញ់​គូរ​ប្រកួត​ណាស់ ​ព្រោះ​រូបគេប្រកួត​មិនចេះ​លាក់កម្លាំង​ និង​មាន​ស្នៀត​ពិសេស​ ដើម្បី​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ថែមទៀត​។ ដោយ​អ្នក​ប្រដាល់​រូបនេះមានបទពិសោធន៍ ​និង​តិច​និក​ក្នុងការ​ប្រកួត​ច្រើន ​ទាំង​ការប្រកួត​លក្ខណៈ​មិត្តភាព​ជាតិ និងអន្តរជាតិ​។

​កីឡាករ​ដែលមាន​ដើមកំណើតនៅ​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល រឿង សោ​ភ័​ណ្ឌ មួយរយៈពេល​ចុង​ក្រោយនេះ​ មានការ​រីកចម្រើន​ជាង​មុន​ច្រើន ​ទាំង​ស្នៀតគុន ​ទាំង​កម្លាំង​ស៊ុ​ហ្វ ពោល គឺ​គេ​ហ្វឹកហាត់​បានជា​ប់លាប់ ធ្វើឱ្យ​កម្លាំង​ស៊ុ​ហ្វ​របស់គេ​ធានាបាន​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​ ដោយ​គ្មាន​បញ្ហា​ឡើយ​។ ចាំមើល​ជួប​ជាមួយ​កីឡាករ​ថៃ​ Phetchai ក្នុង​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​នេះ​ រឿង សោ​ភ័​ណ្ឌ ជា​អ្នកឈ្នះ ​ឬ​កីឡាករ​ថៃ​?​។

​ដោយឡែក​កីឡាករ​ មាស សុជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ Chailek ក្នុង​ប្រភេទ​ទម្ងន់​ ៦៥គីឡូក្រាម​។ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង មាស សុជាតិ បច្ចុប្បន្នកំពុង​ទទួល បានការ​គាំទ្រយ៉ាងច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការចេះ​ប្រើ​ក្បាច់​គ្រប់ស្នៀត ជាពិសេស​រូបគេ​ចូលចិត្ត​ប្រើ​ស្នៀត​កណ្តាប់ដៃ ​និង​កែង ដែល​អាច​វាយ​ចេញ​ជា​ប្រយោលក៏បាន ចូល​កៀក​ក៏បាន ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុ​ហ្វ​ដ៍​ខ្លាំងរបស់គេ​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។

​កីឡាករ​ មាស សុជាតិ ជាង​១០​ប្រកួត​ចុងក្រោយ​នេះ គេ​ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់ មិនតែប៉ុណ្ណោះ ការប្រកួត​ភាគច្រើន​គេ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​មុន​ទឹក​ទី ៥​ទៀតផង​។ មាស សុជាតិ ​​គេ​ជា​អ្នក​ប្រដាល់មហា​កម្លាំង ​មាន​កណ្ដាប់ដៃ​ធ្ងន់ និង​ការ​ទាត់​ចេញ​របស់គេ​ក៏​ធ្ងន់​ដែរ​។ ចាំមើល​រវាង មាស សុជាតិ និង Chailek នរ​ណា​ជា​អ្នកឈ្នះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114