BREAKING NEWS
Search

បទ​វិចារណកថា ​៖ ដំណោះស្រាយ​សន្តិភាព​រ​វា​ង​កម្ពុជា និង​ឡាវ​ ជា​ដំណោះស្រាយ​«​ឈ្នះ​ឈ្នះ​» ​

ក្នុ​ងខណៈពេលដែល​យោធា​នៃ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា​ បាន​ប្រឈមមុខ​ដាក់គ្នា​ដោយសារជម្លោះព្រំដែន​ក្នុងអំឡុងពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាន​ប្រឈមមុខ​នឹង​ភាព​តានតឹង​ស្រដៀង​គ្នា​នេះដែរ នៅពេលដែល​ប្រទេស​ឡាវ​បាន​បញ្ជូន​កងទ័ព​ចូលមកក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ នៅក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ឡាវ​។

​ទោះបីជា​យ៉ាងណាក្តី កាលពី​ថ្ងៃទី​១២ ​ខែសីហា ​កន្លងមក សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បានធ្វើដំណើរ​ជាបន្ទាន់​ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ ដើម្បី​ចរចា​សន្តិភាព​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​។ ជា​លទ្ធផល ភាគី​ឡាវ​បា​នស​ម្រេ​ចចិត្ត​ដក​កងទ័ព​ចេញពី​កម្ពុជា​ភ្លាមៗ​ តាម​សំណើរបស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ទាំង​យោធា​នៃ​ប្រទេស​ទាំងពីរ​មិនទាន់បាន​បាញ់កាំភ្លើងដាក់គ្នា​មួយគ្រា​ប់​ផង​។

​ក្រោយពី​មាន​ដំណោះស្រាយ​សន្តិភាព​បណ្តោះអាសន្ន​នេះ​មក ប្រជាពលរដ្ឋ​កម្ពុជា ​បាន​សម្តែង​នូវអំណរ​សាទរ​យ៉ាង​កក់ក្តៅ​ ចំពោះ​ទេពកោសល្យ និង​ភាពឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន ដែល​បាន​ជួយ​រក​ដំណោះស្រាយ​បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេសទាំងពីរ​ ដែល​ធ្លាប់តែ​រួមរឹត​ដោយ​សង្គ្រាម​ដូចគ្នា​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ​។

​​អ្វីដែល​យើង​គួរឱ្យ​កោតសរសើរ​ ចំពោះ​ទេពកោសល្យ និង​ភាពឈ្លាសវៃ​របស់​សម្តេច​តេ​ជោ​ខ្លាំងថែមទៀត​នោះ គឺ​សម្តេច​បានបង្ហាញ​នូវ​តម្រុយ ​នៃ​ការស្វែងរក​សន្តិភាព​យូរអង្វែង​ជាមួយប្រទេស​ឡាវ​ ដែល​ធ្លាប់តែ​ជា​មិត្ត​ល្អ​របស់​កម្ពុជា​នោះ ដោយ​សម្តេច​បាន​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ឡាវ​ ស្ទើរតែ​បាន​ទាំងស្រុង ជាពិសេស​ក្រោយពី​ជំនួប​ជាមួយ​លោកនាយករដ្ឋមន្ត្រី​ឡាវ ថោ​ន​លន់ ស៊ី​សូលី​ត នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី​១​ ខែកញ្ញា​ កន្លងទៅ​ថ្មីៗ​នេះ​។

​​គួររំឭកថា ក្នុងជំនួប​ទ្វេភាគី​នេះ ភាគី​ទាំង​ពីរបាន​ឯកភាព​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេសទាំងពីរ និង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ បន្តធ្វើ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ប្រមាណ ​១៤% ឱ្យបាន​ចប់សព្វគ្រប់ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។

​​កាសែត​កម្ពុ​ជាថ្មី​ យល់ឃើញថា ​នេះ​គឺជា​ដំណោះស្រាយ ​«​ឈ្នះ​ឈ្នះ​»​ រវាង​ប្រទេស​កម្ពុជា និងប្រទេស​ឡាវ នឹង​ឈានទៅរក​សន្តិភាព​យូរអង្វែង​តាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដែលមាន​ប្រវែង ​៥៤០​ គីឡូម៉ែត្រ នៅ​ភូមិភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា​។

​យើង​សង្ឃឹមថា​ ប្រទេស​ឡាវ​ នឹង​ដក​កងទ័ព​ចេញពី​ព្រំដែន​ទាំងស្រុង ដើម្បី​រក​ដំណោះស្រាយសន្តិភាព​យូរអង្វែង ដូចជា​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម ដូចដែលលោក​ អាល់​បឺត អេ​ន​ស្តេ​ន ដែលជា​រូប​វិទូ​ផ្នែក​ទ្រឹស្តី​ជនជាតិ​អាល្លឺម៉ង់​ដ៏​ល្បីឈ្មោះ​ម្នាក់ ដែល​បាន​និយាយថា​ «​សន្តិភាព​មិនអាច​រក្សា​បាន​ដោយសារ​ការប្រើ​កម្លាំង​នោះឡើយ ពោល គឺ​វា​អាច​សម្រេចបាន​ដោយ​ការយោគយល់​គ្នា​តែប៉ុណ្ណោះ​» (Albert Einstein: “Peace cannot be kept by force, it can only be achieved by understanding”)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114