BREAKING NEWS
Search

ក្រុម​សូល​ទី​ឡូ​អង្គរ ប្រកាស​ជ្រើសរើស​កីឡាករ​ត្រៀមខ្លួន​ចូល​លេង​លី​គ​កំពូល​រដូវ​កាល​ក្រោយ

ក្រុមបាល់ទាត់​សូល​ទី​ឡូ​អង្គរ (​សៀមរាប​អង្គរ​) ដែល​ជា​បេក្ខភាព​ឡើង​ទៅលេង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) ខាងមុខ ក្រោយ​ដណ្តើមបាន​កៅអី​មកពី​លី​គ​លំដាប់​ទី​២ រដូវ​កាល​២០១៧​នេះ ​បាន​ប្រកាស​ស្វែងរក​កីឡាករ​គ្រប់​ជាតិ​សាសន៍​ចូលរួម​ក្លិប​របស់ខ្លួន ដើម្បី​ពង្រឹង​ក្រុម​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប មួយ​នេះ​បាន​បញ្ជាក់ថា ​កីឡាករ​ដែល​ដាក់ពាក្យ​ទាំងអស់​គឺ​ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​ជា​មុន​សិន មុន​សម្រេច​ចុះ​កុងត្រា​ធ្វើជា​កីឡាករ​របស់ខ្លួន​។ កីឡាករ​ដែល​ក្លិប​ជ្រើសរើស​នេះ​នឹងមាន​ឱកាស​ចូលរួម​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ផងដែរ។

ចំពោះ​លក្ខខណ្ឌ​ ដែល​ក្លិប​តម្រូវ​ឲ្យ​បេក្ខជន​នីមួយៗ​មាន​នោះ​គឺ អាយុ​ត្រូវ​លើស​ពី​១៨​ឆ្នាំ ដោយ​មិន​កំណត់​ជាតិ​សាសន៍​នោះ​ទេ​។ ជាពិសេស​ត្រូវ​មាន​កាយ​សប្ប​ទា​មាំមួន និង​មានចិត្ត​អំណត់​ក្នុងការ​ហ្វឹកហាត់​។ ក្នុង​ពេល​ចុះឈ្មោះ​ធ្វើតេស្ត​បេក្ខជន​ត្រូវ​ជាប់​មកជា​មួយ​នូវ រូបថត ៤x៦ ចំនួន​៤​សន្លឹក បូក​ទាំង​អត្តសញ្ញាណ​ប័​ណ្ណ ឬ​លិខិតឆ្លងដែន ១​ច្បាប់​និង​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ​១​ច្បាប់​។ ចំណែក​កាលបរិច្ឆេទ​និង​ទីតាំង​សម្រាប់​ធ្វើតេស្ត​សមត្ថភាព​និង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៩ ដល់​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ទីលាន​បាល់ទាត់​បាក់​ខែង ក្នុង​ខេត្តសៀមរាប។

សម្រាប់​កីឡាករ​ដែល​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​អាច​ចូលរួម​ធ្វើតេស្ត​នេះ​បាន​ដែរ​ដោយ​ក្លិប​សូល​ទី​ឡូ​អង្គរ ធានារ៉ាប់រង​លើ​ការ​ស្នាក់នៅ​។ ចំពោះ​ព័ត៌មាន​បន្ថែម​សម្រាប់​បេក្ខជន​ដែល​ចាប់អារម្មណ៍​សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៩៦ ២២២ ៤២២១/ ០៧៧៧៥៥ ៥៣០ ឬ​តាម​អ៊ី​ម៉ែ​ល cheamenggly2013@gmail.com ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​ឈ្មោះថា Soltilo Angkor FC​។

ក្រុម​សូល​ទី​ឡូ​អង្គរ ជា​បេក្ខភាព​មួយ​ក្នុងចំណោម​ក្រុម​២​ដែល​មាន​កៅអី​ឡើង​ទៅ​លេង​លីក​កំពូល​កម្ពុជា រដូវ​កាល​២០១៨ ក្រោយ​ទទួល​សិទ្ធិ​ពី​ពានរង្វាន់​លីក​លំដាប់​ទី​២​កម្ពុជា រដូវ​កាល​នេះ​ជាមួយ​ក្រុម​វិសាខា​។ ក្រុម​នេះ​មាន​ភាគហ៊ុន​ពាក់កណ្ដាល​ជា​របស់​កីឡាករ​ជនជាតិ​ជប៉ុន Keisuke Honda ដែល​បាន​ចូលរួម​កាលពី​ចុងឆ្នាំ​២០១៦​។ ចាប់ពីពេលនោះ​មក​ក្លិប​បាន​ប្តូរ​ឈ្មោះ​ពី​ក្រុម​សៀមរាប​អង្គរ ទៅជា​Soltilo Angkor FC វិញ​។ ឆ្នាំ​២០១៧ នេះ​ក្លិប​Soltilo Angkor FC ជា​សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២ កម្ពុជា ខណៈ​គោលដៅ​របស់​កីឡាករ Honda គឺ​ចង់​ឲ្យ​ក្លិប​នេះ​រឹងមាំ ជាពិសេស​គឺ​ធ្វើ​ឲ្យ​កុមារ​មាន​ក្តី​ស​ង្ឃឹម​និង​ផ្ដល់ឱកាស​ឱ្យ​កុមារ​កម្ពុជា​នៅ​ថ្ងៃ​អនាគត​គាត់​លេង​ក្នុង​ក្លិប​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114