BREAKING NEWS
Search

សំណុំរឿង​ក្រុម​ចោរ​ប្លន់ ​អាមមីស ក្រៃ ថោង​ តុលាការ​ខេត្តកណ្តាល ប្រកាស​សាលក្រម​នៅ​ថ្ងៃ​២០ ខែតុលា ​ឆ្នាំ​២០១៧

កណ្តាល​ ៖ សំណុំរឿង​បទ​ឧក្រិដ្ឋ​ប្លន់​កក្រើក​រាជធានី ខេត្ត ​ដែល​មេខ្លោង​ចោរប្លន់​ឈ្មោះ​ អា​មមីស​ និង ក្រៃ​ថោង​ ព្រមទាំងបក្ខពួក ​ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​០២​ ខែតុលា ឆ្នាំ២០១៧ បើកសវនាការ​បញ្ចប់ ​និង​ សម្រេច​ធ្វើការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​៣​ ឬ ​២០​ ខែតុលា ខាងមុខនេះ​។​

​បើតាម​លោក សូ សារិន ប្រធាន​លេខាធិការដ្ឋាន ​និង​ ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល ​បានប្រាប់ឱ្យដឹងថា​ សវនាការ​ជំនុំ​ជម្រះករណី​ប្លន់​ប្រដាប់អាវុធ​នេះ​ ដឹកនាំ​ដោយ​លោក សាយ សម្ផស្ស​សេរី ជា​ប្រធាន​ក្រុមប្រឹក្សា, លោក ទី សំណាង, លោក អ៊ី សុវណ្ណ ជា​ចៅក្រម​ប្រឹក្សា និង លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ។ សំណុំ​រឿងនេះ​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​ ខាងមុខនេះ​។​

​សូម​រំលឹកថា កាលពី​ល្ងាច​ថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ខេត្ដ​កណ្ដាល ​បានបង្ហាញមុខ​ក្រុមចោរប្លន់​ប្រដាប់អាវុធ ១០ នាក់ ដែល​កន្លងមកធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់យ៉ាងកក្រើក​នៅក្នុងភូមិ​សាស្ត្រ​ខេត្ដ​មួយចំនួន​ និង ​រាជធានី​ភ្នុំពេញ។

​លោក​ឧត្ត​ម​សេនីយ៍ រឿន ណា​រ៉ា​ ស្នងការរង​នគរបាល​ខេត្តកណ្តាល បាន​ថ្លែងថា ក្រុមចោរ​ទាំង ​១០ នាក់ ដែល​ត្រូវ​បង្ហាញមុខ​នៅថ្ងៃនេះ រួមមាន ទី​១.​ឈ្មោះ ឈឹម សុផល, ទី​២.​ឈ្មោះ ស្រី ស្រា​ន់ ហៅជាតិ ភេទ​ប្រុស អាយុ​២៣ឆ្នាំ, ទី​៣​.ឈ្មោះ ហ៊ីង នី ហៅ ប៉េ​ន, ហៅ អាមមីស ជា​មេក្លោង,​ ទី​៤.​ឈ្មោះ ហ៊ុត ហាន ហៅ​តូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ, ទី​៥-​ឈ្មោះ ហ៊ុល សុធី​ ហៅ ​ផាន់ គឹម​យន់ ហៅ ក្រៃ​ថោង ជា​មេក្លោង​, ទី​៦.​ឈ្មោះ ឆៃ​ណាន ភិរម្យ ហៅ ណា​ល់ នឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ, ទី​៧.ឈ្មោះ ជឿន ចិន្ដា អាយុ​៣៥​ឆ្នាំ, ទី​៨​.ឈ្មោះ ហ៊ិ​ន ចាន់ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ, ទី​៩​.ឈ្មោះ ហៀ​ង សុ​ផា និង​ ទី​១០.​ឈ្មោះ ឃឿន បុរី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ។

លោក រឿន ណា​រ៉ា ស្នងការរង​បាន​ថ្លែង​ទៀតថា ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុមចោរប្លន់​ជាលក្ខណៈទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​ផ្ដើមចេញ​ក្រោយពី​កើតមាន​ករណី​ប្លន់​ប្រដាប់អាវុធ​ទៅលើផ្ទះផ្ទេរប្រាក់​វី​ង​មួយកន្លែង នៅ​ភូមិសាស្ត្រ​ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល កាលពី​យប់​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៥។​

​ក្រុមចោរប្លន់​ទាំង ១០ ​នាក់​ខាងលើនេះ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្ដបន្ទាប់​ចាប់តាំងពី​ថ្ងៃទី២៥ ខែកុម្ភ​: ឆ្នាំ២០១៦ រហូតដល់​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នេះ នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កណ្ដាល ខេត្ដ​កំពង់ចាម និង​ នៅ​រាជធានី​ភ្នំពេញ។​ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុមចោរ​ខាងលើនេះ​ សមត្ថកិច្ចបានធ្វើការដកហូតកាំភ្លើងខ្លី ម៉ាក ​K៥៩ ចំនួន​១​ដើម និង​ ម៉ូតូ​៥​គ្រឿង ជា​មធ្យោបាយ​ជិះធ្វើ​សកម្មភាព។​

​លោក​បាន​​បញ្ជាក់ទៀ​តថា ក្រុមចោរ​ទាំងនេះ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ដ៏​សកម្ម កន្លងមក​ធ្លាប់ធ្វើសកម្មភាពប្លន់​នៅ​ខេត្ដ​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ធ្លាប់​ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​បញ្ជូនទៅ​កាន់​ពន្ធនាគារ​ជាច្រើនលើក​ច្រើនសារ​ផងដែរ៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114