BREAKING NEWS
Search

Jica ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ស្តារ​ប្រឡាយ បូម​លូ លាង​សម្អាត​បំពង់​លូ​និង​អណ្តូង​លូ ឲ្យ​បាន​រាល់​ឆ្នាំ ដើម្បី​ការពារ​ទឹកជំនន់

​ភ្នំពេញ ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា Jica ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម ក្នុង​ការ​កសាង​បណ្តាញ បង្ហូរទឹក​កខ្វក់​ចេញពី​រាជធានី​ភ្នំពេញ ដោយមាន​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ ជាមួយ​ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី​ស្តារ​ប្រឡាយ​ដែល​មាន​ស្រាប់ កសាង​ប្រព័ន្ធ​បង្ហូរ​ថ្មី និង មាន​ការលាង​សម្អាត​បំពង់​លូ អណ្តូង​លូ ឲ្យ​បាន​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ល្បឿន​ទឹក​ហូរ កាត់បន្ថយ​ការ​ជន់​លិច​ទឹក​ក្នុង​រាជធានី​ភ្នំ​ពេញ។

ការ​ស្នើ​​​របស់​Jica​បែបនេះ​ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​៦ ខែតុលា​ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ជំនួប​ពិភាក្សា​ការងារ និង រាយ​ការណ៍​ជូន​ពី​សកម្មភាព បណ្តុះ​បណ្តាល​មន្ត្រី មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ។

លោក ស៊ូ​ហ្កា​ណុ យូ​អ៊ី​ឈី ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន បាន​ជម្រាប​ជូន​លោក​អភិបាល​រាជធានី​ថា ប្រព័ន្ធ​លូ​បង្ហូរទឹក ពិត​ជា​មាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឲ្យ​មាន​ការថែទាំ លាង​សំអាត និង​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឲ្យ​បាន​ជាប្រចាំ។ លោក​ថា ដើមឡើយ​នៅ​ទីក្រុង​មួយចំនួន​របស់​ជប៉ុន ក៏​មាន​បញ្ហា​ដូច​រាជធានី​ភ្នំពេញ​ដែរ តែ​ក្រោយមក រដ្ឋាភិបាល​បាន​កែសម្រួល​ការគ្រប់គ្រង រួមផ្សំ​ជាមួយ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ផង​នោះ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​បាន​យ៉ាង​ល្អប្រសើរ។

ជាមួយគ្នា​នោះ លោក​ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី បន្ត​ការស្តារ និង​បាញ់​លាង​បំពង់​លូ អណ្តូង​លូ នៅ​តំបន់​ជាច្រើន​ទៀត​ក្នុង​រាជធានី​ ដែល​មាន​ការ​លិចលង់​ខ្លាំង​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ។

អ្នក​ជំនាញ​មកពី​ទីក្រុង Kitakyushu ក្នុង​ឱកាស​នោះ​បាន​លើកឡើង​នូវ​របាយការណ៍​មួយ​ចំនួន ដែល​ចៃ​ការ បាន​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ជំនាញ នៃ មន្ទីរ​សាធារណការ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមក​នេះ ដោយ​បាន​អនុវត្ត​ផ្ទាល់​ក្នុង​ការ​បាញ់​លាង​បំពង់​លូ និង​អណ្តូង​លូ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្តភ្នំ ដើម្បី​ធានា​ថា បំពង់​និង​អណ្តូង​លូ មិន​មាន​អ្វី​កក់​ស្ទះ​ទៀត​ទេ ពោល​គឺ​តំបន់​នោះ អាច​ជួយ​ជំរុញ​ល្បឿន​ទឹក​ជំនន់​ទឹកភ្លៀង​បាន​លឿន មិន​បង្ក​ឲ្យ​មាន​ការ​លិចលង់​យូរ​នៅ​ក្នុង​តំបន់​នោះ​ទៀតឡើយ។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ និង​ចាត់ទុក​ជប៉ុន​ជា​មិត្ត​ដ៏​ល្អ​កម្រ​មាន ដោយសារ​មិត្ត​ម្នាក់​នេះ បាន​ជួយ​កម្ពុជា​ដោយ​ចិត្ត​ស្មោះ ពោល​គឺ​ជួយ​ទាំង​ថវិកា បច្ចេកទេស និង​ធនធានមនុស្ស ពិសេស​បាន​គិត​គូរ​ដោយ​យកចិត្តទុកដាក់​បំផុត ក្នុងការ​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ចរាចរ ការ​ជន់​លិច​ជំនន់​ទឹកភ្លៀង និង បញ្ហា​ជាច្រើន​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា​ជាច្រើន​ទៀតផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នោះ លោក​អភិបាល បាន​ជម្រាប​ជូន​ថា បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ផែនការ និង​មាន​ឆន្ទៈ​យ៉ាងច្បាស់ ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខ។

លោក​អភិបាល​បញ្ជាក់​ថា គម្រោង​ស្តារ​ប្រឡាយ ថ្មី​ចាស់ ត្រូវ​បាន​អនុវត្ត​ជា​បន្តបន្ទាប់ ហើយ ផែនការ​ស្តារ​អណ្តូង​លូ បំពង់​លូ គឺជា​អាទិភាព​មួយ ដែល​ក្នុង​មុខ​តំណែង​ជា​អភិបាល លោក​ត្រូវ​ធ្វើ​ឲ្យ​បាន ដើម្បី​កាត់បន្ថយ ឬ លុបបំបាត់​ការ​ជន់​លិចលង់​លំនៅឋាន ផ្លូវ ថ្នល់​នានា​ក្នុង​រាជធានី​ភ្នំពេញ។

លោក ឃួ​ង ស្រេង បញ្ជាក់​ថា ការ​លាង​សំអាត​បំពង់​លូ​នៅ​ភ្នំពេញ​នេះ មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​ពឹងផ្អែក​តែ​លើ​រថយន្ត​បាញ់​លាង ជា​ជំនួយ​របស់​មិត្ត​ជប៉ុន​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​ប្រើ​កម្លាំង​មនុស្ស​ចុះ​ជួយ​ដោយផ្ទាល់ ព្រោះថា​បណ្តាញ​លូ​បង្ហូរទឹក​កខ្វក់​ទាំង​អស់ មានការ​កក់ស្ទះ​ជា​យូរ​ឆ្នាំ​ហើយ ដោយសារ​ការ​ហូរចូល​ដី សំរាម ថង់​ផ្លា​ស្ទីក និង​របស់របរ​រឹងៗ​មួយ​ចំនួន​ទៀត ដែល​ប្រជាជន​បាន​បោះចោល។

យ៉ាងណាក៏ដោយ​លោក​អភិបាល បាន​ទទួល​យក​នូវ​សំណើ និង អនុសាសន៍ បទពិសោធន៍​ដែល​អ្នក​ជំនាញ​ជប៉ុន​ផ្តល់​ឲ្យ​ទៅ​អនុវត្ត លើ​ការងារ​ការពារ ថែរក្សា និង បាញ់​លាង​បំពង់​លូ​ង អណ្តូង ក្នុង​រាជធានី​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​សន្យា​ថា នៅ​ខែប្រាំង​ឆ្នាំ​២០១៨​ខាងមុខនេះ នឹង​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ខ្លាំងក្លា តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធានា​ថា ជំនន់​ទឹកភ្លៀង​នឹង​មិន​បង្ក​បញ្ហា​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទៀត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114