BREAKING NEWS
Search

លោក​អូស្មាន ហាស្សាន់​ ៖​ និស្សិត​ពេទ្យ​មុ​ស្លិ​ម​កម្ពុជា ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ​ក្រម​សីលធម៌ ជា​គ្រូ ពេទ្យ

ភ្នំពេញ ៖ ​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​បញ្ជាក់ថា ​ក្រុម​និស្សិត​ពេទ្យ មុ​ស្លិ​ម​កម្ពុជា ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ ក្រម​សី​លធ​ម៌ ជា​គ្រូពេទ្យ ប្រកបដោយ​វិជ្ជាជីវៈ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស សាំង​ហ្គា​ពួរ។

លោក​បាន​ណែនាំ​បែបនេះ ខណៈ​ដែល​លោក​ទទួល​ជួប សម្ដែង​ការ​ពី​ក្រុម ស​ម្ព័​ន្ធ​និស្សិត​ពេទ្យ​មុ​ស្លិ​ម​កម្ពុជា​២៤​រូប​ដើម្បី ទទួលយក​អនុសាសន៍​ផ្តាំ​ផ្ញើ​ល្អៗ សម្រាប់​កម្មវិធី​ទស្សនកិច្ច​សិក្សា​ទៅកាន់​មន្ទីរ ពេទ្យ​សាកលវិទ្យាល័យ​ពេទ្យ​សាំង​ហ្គា​ពួរ (NUS)​នា​ល្ងាច​ថ្ងៃទី ២១ វិច្ឆិកា ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៍​មុ​ស្លិ​ម​កម្ពុជា។

លោក​វេជ្ជបណ្ឌិត កូប រ៉ូ​លី អ្នកដឹកនាំ​ក្រុម​និស្សិត​ក្នុង​កម្មវិធី​ទស្សនកិច្ច​ខាងលើ បាន​ឲ្យ​ដឹងថា ក្រោម​កិច្ចសហការ​ទំនាក់ទំនង​ល្អ​រវាង​សមាគម​គ្រូពេទ្យ​ឥស្លាម​កម្ពុជា ជាមួយ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​សាំង​ហ្គា​ពួរ គឺ​ភាគី​សាំង​ហ្គា​ពួរ​បាន​អនុញ្ញាត​ឲ្យ​និស្សិត​គ្រូពេទ្យ​មុ​ស្លិ​ម​កម្ពុជា រៀបចំ​កម្មវិធី​ទស្សនកិច្ច​នេះ​ ទៅកាន់​ប្រ​ទេស​សាំង​ហ្គា​ពួរ ដើម្បី​ពង្រឹង​កិច្ច​ទំនាក់ទំនង ចែករំលែក​បទពិសោធន៍ និង ផ្តល់​ឱកាស​ដល់​និស្សិត​ពេទ្យ​កម្ពុជា បាន​សិក្សា​ស្វែងយល់​បន្ថែម​ពី​វិទ្យាសាស្ត្រ​ពេទ្យ​នៃ​ប្រទេស​ដែល​ជឿនលឿន​។

លោក​បន្ត​ថា ក្នុងនាម​សម្ព័ន្ធ​និស្សិត​ពេទ្យ យើងខ្ញុំ​ប្តេជ្ញា​នឹង​ខិតខំ​ស្វែងយល់ និង សិក្សា​ឲ្យ​ស៊ីជម្រៅ​ក្នុង​កំឡុងពេល​ទស្សនកិច្ច​សិក្សា​រយៈពេល​៥​ថ្ងៃ ដែល​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​កម្រិត ជាពិសេស​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​សម្រួល និង​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា មានការ​រីកចម្រើន ជាពិសេស​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល គឺ​បាន​ធ្វើ​ឲ្យ​វិស័យ​អប់រំ​សុខាភិបាល មានការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ផ្នែក​មួយ​ដែល​បាន​ដើរ​តួនាទី​អោយ​សង្គម​កម្ពុជា មានការ​រីកចម្រើន។

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ បាន​កោតសរសើរ​ពី​ការ​លះបង់​តស៊ូរ​របស់​ប្អូនៗ​និស្សិត​ពេទ្យ​ដែល មាន​ឆន្ទៈ​តស៊ូ ស្វះ​ស្វែង​រកដៃ​គូរ​សហ​ការ ពង្រឹង​ទំនាក់ទំនង ដើម្បី​ទទួល​បាន​បទពិសោធន៍​ល្អៗ​ពី​បណ្តា​ប្រទេស​ដែល​មាន​ភាព​ជឿនលឿន​លើ​វិស័យ​សុខាភិបាល ដើម្បី​យក​មក​អនុវត្ត​បម្រើ​សង្គម​កម្ពុជា​យើង​វិញ​។

លោក​ក៏បាន​ផ្តាំផ្ញើ​ថា ដើម្បី​ក្លាយ​ជា​បុគ្គល និង​គ្រូពេទ្យ​ល្អ ដែល​ជោគជ័យ​ក្នុង​ឆាក​ជីវិត សូម​កុំ​មាន​ទស្សនៈ​ថា ខ្លួន​ខំប្រឹង​រៀន​វិទ្យាសាស្ត្រ​ពេទ្យ​ដើម្បី​ធ្វើ​អាជីវកម្ម តែ​ត្រូវ​តាំង​ខ្លួន​ថា នឹង​ត្រូវ​ត្រៀមខ្លួន​ក្លាយជា​អ្នក​ដែល​បម្រើ​ដល់​អាយុជីវិត​មនុស្ស ក៏ដូចជា​អាយុជីវិត​ជាតិ​យើង​ទាំងមូល ដោយ​ឈរ​លើ​ក្រមសីលធម៌​គ្រូពេទ្យ​ដ៏​ល្អ​។ លោក​ក៏បាន​ផ្តាំ​ផ្ញើ ឲ្យ​សម្ព័ន្ធ​និស្សិត​គ្រប់គ្នា ត្រូវ​មាន​ឆន្ទៈ​ធ្វើការ​រួម​សហការ​គ្នា ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ភារកិច្ច​ដ៏​ជោគជ័យ​បាន ហើយ​ការ​សម្ងំ​មិន​ចូលរួម​សាមគ្គី​គ្នា​ក្នុង​ការ​បំពេញការងារ​ជូន​សង្គម​យើង គឺជា​កត្តា​ដែល​នាំ​ឲ្យ​យើង​មាន​ភាព​បរាជ័យ​ជាមិនខាន​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ក៏បាន​ឧបត្ថម្ភ​ប្រាក់​ហោប៉ៅ ដល់​និស្សិត​ពេទ្យ​ទាំង​២៤​រូប ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥០​ដុល្លា​រអាមេរិក​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114