BREAKING NEWS
Search

រដ្ឋាភិបាល​កម្ពុជា​ សម្រេច​ដាក់​តំបន់​ភ្នំ​នាង​កង្រី និង​តំបន់​មួយ​ចំនួនទៀត ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង

ភ្នំពេញ ​៖ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​សំណើ​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានចេញ​អនុក្រឹត្យ​ចំនួន​ពីរ​ស្តីពី​ការបង្កើត​តំបន់ “​សសរស្ដម្ភ​សត្វ​តោ​” និង “​ភ្នំ​នា​ង​ក​ង្រី​-​ភ្នំ​ទូក​មាស​” ជា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដែល​មាន​ផ្ទៃដី​សរុប​ជិត​៦​ពាន់​ហិកតា​(៥៩០២) ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន។

តំបន់​ប្រើប្រាស់​ច្រើនយ៉ាង “​ភ្នំ​នា​ងក​ង្រី​-​ភ្នំ​ទូក​មាស​” មាន​ផ្ទៃដី​៥០៦៣​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រងិល ឃុំ​ពោធិ៍ ឃុំ​ច្រ​ណូ​ក ឃុំ​ដារ និង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ដោយឡែក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង “​សសរស្ដម្ភ​សត្វ​តោ​” ដែលមាន​ផ្ទៃដី​សរុប​ចំនួន​៨៣៩ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​សំបូរ ខេត្តក្រចេះ​។ ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទាំងពីរ​នេះ មាន​គោលបំណង​ចំនួន​៥​ចំណុច​ធំៗ ទី​១, គឺ​ដើម្បី​ធានាឱ្យមាន​ការថែទាំ​ទីជម្រក និង​ស្ថិរភាព​នៃ​ប្រពន្ធ​អេកូឡូស៊ី សារព័ន​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ សម្រាប់​យូរអង្វែង ទី​២, រក្សា​លំនឹង​បរិស្ថាន ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ ទី​៣, លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​រប​ស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុងការ​ថែរក្សា ការពារ អភិរក្ស និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព និង​ទី​៤ បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ការពារធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់ និង​ទី​៥ ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍។

សូមបញ្ជាក់ថា តំបន់​ប្រើប្រាស់​ច្រើនយ៉ាង សំដៅ​ដល់​តំបន់​ក្នុង​ដែនដី​គោក និង​ដែនទឹក ដែល​ក្នុងនោះ​មាន​សម្បូរ​​​ដោយ​ប្រព័ន្ធ​ធម្មជាតិ ដែល​ពុំ​ទាន់​រង​ការបំផ្លិចបំផ្លាញ និង​តម្រូវ​ឱ្យមាន​សកម្មភាព​គ្រប់គ្រង ដើម្បី​ធានា​ការការពារ ការថែទាំ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ពេល​យូរអង្វែង​។ ទន្ទឹមនឹង​នេះដែរ​វា​អាច​ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍​។

អនុក្រឹត្យ​ដែលមាន​ហត្ថលេខា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង តំបន់​ប្រើប្រាស់​ច្រើន​យ៉ាងនេះ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋបាល​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព។

ប្រព័ន្ធ​ការពារ​ធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន តំបន់​ការពារធម្មជាតិ​ចំនួន​៥០​កន្លែង​ដោយ​បូក​បញ្ចូល​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង “​ភ្នំ​នា​ងក​ង្រី​-​ភ្នំ​ទូក​មាស​” និង “​សសរស្តម្ភ​សត្វ​តោ​” និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ប្រព័ន្ធ​តំបន់​ការពារធម្មជាតិ​ចំនួន​៣​កន្លែង ដែល​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិកតា ស្មើនឹង​៤១​ភាគរយ​នៃ​ផ្ទៃដី​ទូទាំងប្រទេស៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114