BREAKING NEWS
Search

សេង ស្រឿ​ន ជួប Phat Chhayden ឯ​ ធន់ ចាន់​តាក់ ជួប Kolap Dam

​អ្នក​ប្រដាល់​កម្ពុជា​ សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក នឹង​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ Phat Chhayden ដែល​បាន​សុំ​មកជួប​ប្រកួត​សងសឹក​វិញ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែធ្នូ ឆ្នាំ២០១៧នេះ លើសង្វៀន​ Alexand នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍។ សេង ស្រឿ​ន និង Phat Chhayden នេះ ធ្លាប់​ជួបគ្នា​ម្តង​កាលពី​ថ្ងៃទី​២៨ ​តុលា​ ២០១៧ កន្លងទៅនេះ ហើយ Phat Chhayden ត្រូវ​ សេង ស្រឿ​ន វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ដែល​ធ្វើ​ឱ្យគេ​មិន​អស់ចិត្តសុំ​មកសងសឹក​វិញ។ ពួកគេ​ពីរ​នាក់​នេះជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម។

សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គីឡូក្រាម។ ​អ្នក​ប្រដាល់​រូបនេះគេ​ល្អ​ទាំងកណ្តាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ ​១៦​ លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១២​លើក ​និង ​ចាញ់​០៤​លើក ដែល​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់ថៃ Kev Kongvan ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៨​ វិច្ឆិកា​ ២០១៧។ ចាំមើល សេង ស្រឿ​ន អាចរក្សា​ភាព​ឈ្នះ​លើ Phat Chhayden បាន​ទៀត​ឬ​អត់​លើក​នេះ?។

​អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​រូបនេះ តាំងពី​ដូរ​របៀប​វ៉ៃ ដោយ​មិន​ចាំ​គូបដិបក្ខ​វាយ​មុន​នោះទេ គឺ​គេ​ចូលវាយ​មុន​តែម្តង។ ដោយសារ​ការប្តូរ​យុទ្ធវិធី​ប្រកួត​បែបនេះ ធ្វើអោយ​គេ​ទទួលជោគជ័យ​ជាបន្តបន្ទាប់​ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ។ សម្រាប់​លើក​នេះ សេង ស្រឿ​ន ក៏ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ដែរ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ម្តង​រួចទៅហើយ។

Phat Chhayden តាមពិត​គេ​មិន​អន់​នោះទេ គេ​ចាញ់​ សេង ស្រឿ​ន លើក​មុនដោយសារតែ​ភ្លាត់ស្នៀតប៉ុណ្ណោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​៨២​លើក ឈ្នះ​៦៥​លើក ចាញ់​១៧​លើក មិនដែល​ស្មើ ខ​ណៈ​ដែល​ សេង ស្រឿ​ន មាន​កំណត់​ត្រា​ប្រកួត​៦៧​លើក ឈ្នះ​៥៧​លើក ចាញ់​១០លើក និង មិនដែល​ស្មើ​ដូចគ្នា ព្រមទាំង​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​ចំនួន​១៤​លើក។​ ទោះជាយ៉ាងណា សេង ស្រឿ​ន គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ចំនួន​ជាង​ដប់​នាក់​ហើយ ដោយ​វាយចាញ់​តែ​០៣​នាក់​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​គេ​ឈ្នះ​ទាំងអស់។ ចាំមើលការប្រកួត​លើក​នេះ​ជាមួយ Phat Chhay den តើ សេង ស្រឿ​ន ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនោះបាន​ទៀត​ឬ​អត់ ?​។

​ចំណែក ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ និង​​ជា​ម្ចាស់​ខ្សែក្រវាត់ ត្រូវគេផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kolap Dam ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គ.​ក្រ។​ ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំនួន​១៣​នាក់​ទាំង​លើក​នេះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃលើក​មុននេះ​(១១ ​វិច្ឆិកា ​២០១៧) គេ​វាយ​ចាញ់ ​Kong Sayam ដោយ​ពិន្ទុ។ ធន់ ចាន់​តាក់ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៦៥​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៥៥លើក និង ​ចាញ់​១០លើក មិនដែល​ស្មើ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែយ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ចាន់​តាក់​ អាច​យកឈ្នះ Kolap Dam បាន​ឬក៏​អត់នោះទេ​? ។

​ ​Kolap Dam ជា​ជើង​ខ្លាំង ដែល​ធ្លាប់​វាយ​ឈ្នះ​ យ៉េន ឌី​ណា ជើង​ខ្លាំង​របស់​កម្ពុជា ក្នុង​ទឹក​ទី​៥កន្លងមក ហើយ​គេ​ក៏​ធ្លាប់​ប៉ះ​ រឿ​ម វ​ណ្ណះ និង ​ឆៃ សា​រ៉ា ផងដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀតទាត់​ និង​ កណ្តាប់ដៃ​ល្អ។

​ទោះជា​យ៉ាងណា ធន់ ចាន់​តាក់​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង។ តែបើ​អាច​ឈ្នះ​បាន​គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យជំនះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៨​លើក ឈ្នះ​៧៧​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​ធន់ ចាន់​តាក់ និង Kolap Dam តើ នរណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ ? ។

​ចំពោះ​ការប្រកួត​គូ​មិត្តភាព​ធម្មតា​វិញ សំណាង សុខ​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ​ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដោយ​ប្រកួត​ក្នុងប្រភេទ​ទម្ងន់​ ៥៧ គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះពុំ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដូច្នេះការជួបគ្នា​លើក​នេះ គឺជា​ការជួប​លើក​ទី​១ របស់​ពួកគេ​ទាំងពីរ ដែល ​ភួង ពិសិដ្ឋ ជា​អ្នក​ប្រដាល់ចាស់វស្សា ហើយ​ សំណាង សុខ​នឿន ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​នោះ។ ប៉ុន្តែ​យ៉ាងណា ភួង ពិសិដ្ឋ ប្រហែលជា​យ៉ាប់​ជាមួយ​ សុខ​នឿន ហើយ។​ ទោះជា​យ៉ាងនេះ​ក្តី សុខ​នឿន ​មិនអាចមើលស្រាល ​ភួង ពិសិដ្ឋ បានឡើយ ព្រោះថា​អ្នក​ប្រដាល់​ជើងចាស់​ម្នាក់នេះ មានចិត្តប្រដាល់​ធំ​ណាស់ មិន​ងាយ​ចុះចាញ់​ងាយៗ​នោះទេ ៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114