BREAKING NEWS
Search

និស្សិត​កម្ពុជា​ចំនួន​៨០​នាក់​ក្នុងចំណោម ១៧៤ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នឹងធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ​នា​រសៀល​នេះ​

​ភ្នំពេញ ៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ប្រាប់​កម្ពុ​ជាថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា នេះ​ថា និស្សិត​កម្ពុជា​ចំនួន​៨០​នាក់​ក្នុងចំណោម​១៧៤ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ នា​ល្ងាច​នេះ តាម​ជើងយន្តហោះ​ពាណិជ្ជកម្ម​ពិសេស លេខ MH762​។​

​លោក កុយ គួ​ង បញ្ជាក់​យ៉ាងនេះ​ថា “​ដោយមាន​កិច្ចសហការ​ល្អ និង​សម្រប សម្រួល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និស្សិត​កម្ពុជា​ចំនួន​៨០ នាក់ ក្នុងចំណោម​និស្សិត​សរុប​ចំនួន​១៧៤ នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​មកកាន់​ប្រទេស​កម្ពុជា តាម​ជើង​យន្ត​ហោះ​ពាណិជ្ជកម្ម​ពិសេស លេខ MH762 ដែល​នឹង​ចាក​ចេញពី​ទីក្រុង​កូឡាឡាំពួរ​ នៅ​វេលា​ម៉ោង​១៦ និង​៣០ នាទី​រសៀល ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​នឹង​ទៅដល់​ទីក្រុង​ភ្នំពេញ នៅ​វេលា​ម៉ោង​១៧ និង​២៥ នាទី ថ្ងៃ​ដដែល​”​។​

​សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២០ ពលរដ្ឋ​ខ្មែរ​ចំនួន​៨៦​នាក់ បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​ផង​ដែរ តាម​ជើង​យន្តហោះ​ពាណិជ្ជកម្ម លេខ AK538 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ក្នុងនោះ មាន​អ្នកដំណើរ​សរុប​ចំនួន​៩០​នាក់ ពលរដ្ឋ​ខ្មែរ​ចំនួន​៨៦​នាក់ និង​ជនបរទេស​ចំនួន​៤​នាក់​។​

​បើតាម​លោក កុយ គួ​ង ជើងយន្តហោះ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ដែល​បាន​ដឹក​អ្នកដំណើរ​ឆ្ពោះ​កាន់​ទីក្រុង​ភ្នំពេញ​នេះ គឺជា​ជើង​ហោះហើរ​ពាណិជ្ជកម្ម​ធម្មតា​លើក​ទី​០១ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ចាប់​តាំង​ការ​បិទ​ជើង​ហោះហើរ​របស់​ខ្លួន​ក្នុង​ខែ​មីនា ឆ្នាំ​២០២០​មក ហើយ​ការ​ចាប់ផ្តើម​ហោះហើរ​នេះ ដោយមាន​មាន ការ​ជួយ​សម្របសម្រួល​បន្ថែម​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​។​ ​បើ​តាម​អ្នកនាំពាក្យ​រូប​នោះ ក្នុង​អំឡុង ពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ ពលករ​-​ពលការ​នី សិស្ស​-​និស្សិត​កម្ពុជា បាន​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ តាមរយៈ​ជើង​យន្តហោះ​ពាណិជ្ជកម្ម​ធម្មតា និង​ជើងយន្តហោះ​ពាណិជ្ជកម្ម​ពិសេស ក្រោម​កិច្ច​សម្របសម្រួល​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia បាន​ចំនួន​៤​លើក ដែល​មាន​ពលរដ្ឋ​ខ្មែរ​សរុប​ចំនួន​៥១៧​នាក់ (​រួម​ទាំង​អ្នកដំណើរ​ឆ្លងកាត់​ជនជាតិ​ខ្មែរ​ផង​ដែរ​)​។​

​បច្ចុប្បន្ន​ស្ថានទូត​កំពុង​បន្ត​ជួយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងពីរ ដែល​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​រវាង​កម្ពុជា​-​ម៉ាឡេស៊ី អាច​ចាប់​ផ្តើម​បើក​ដំណើរការ​ជើង​ហោះហើរ​របស់​ខ្លួន​ជា​ប្រក្រតី​ឡើងវិញ​បាន​ឆាប់​៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖ ​ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ