BREAKING NEWS
Search

យក​ប្ដី​ក្មេង​តាម​ទំនើងចិត្ត ពេល​ប្ដី​ធ្វើ​បាប​មក​លោតទឹក​ស្ពាន

កំពង់ចាម ៖ ស្ត្រី​ម៉ាស្សា​ម្នាក់ ​បាន​លង់​ស្នេហ៍​នឹង​ប្រុស​ក្មេង រហូត​រួមរស់​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មិន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ឡើយ។

ការ​រស់នៅ​ជាមួយ​គ្នា​បែប​ហេង​ស៊យ​នេះ ជួនកាល​​ប្រើ​ហិង្សាជា​ញឹកញាប់ពី​ប្រុស​ក្មេងដែលមាន​ចិត្ត​ប្រចណ្ឌ​។ អំពើ​ហិង្សាក្នុង​គ្រួសារ​ជា​ញឹកញាប់ បាន​ធ្វើឱ្យ​នាង​ជា​ប្រពន្ធ​ខឹង និង ​តូច​ចិត្ត​ចំពោះ​ប្តី​ហេង​ស៊យ​របស់ខ្លួន ​ដែលតែងវាយ​ធ្វើបាប ក៏មកលោតទឹកបំណង​ធ្វើអត្តឃាត​។

សមត្ថកិច្ច​បានឱ្យដឹង​ថា ការប៉ុនប៉ងសម្លាប់ខ្លួននេះ មិនបាន​សម្រេច​ទ្បើ​យ ​ដោយនគរបាលការពារនៅ​គោលដៅស្ពានគី​ហ្សូ​ណា ជួយ​សង្គ្រោះទាន់ពេលវេលា បង្កឱ្យមានការភ្ញាក់ផ្អើលនៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ​១៤ និង ៣០ ​នាទី។

លោក វុត្ថា នគរបាលប៉ុស្តិ៍វាលវង់ ក្រុងកំពង់ចាម បានឱ្យដឹងថា ករណី​ប៉ុនប៉ង​​លោតទឹកពីលើ​ស្ពានគី​ហ្សូ​ណា ស្ថិតក្នុង​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បង្កដោយឈ្មោះ លឹម សុខ​រី ភេទ​ស្រី អាយុ​២៧ឆ្នាំ ស្នាក់នៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​បឹង​កុក ​ក្រុង​កំពង់ចាម​ មានមុខរបរ​ម៉ាស្សា មាន​ប្ដី​ឈ្មោះ រស់ រ៉េត អាយុ២១​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ឃុំ​ខាង​លើ។

នារី​រងគ្រោះ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​ជា​ប្រពន្ធ​ខឹង​ប្តី ដែល​តែងតែ​ប្រើ​ហិ​ង្សា​មក​លើ​ខ្លួន ក៏​មក​លើ​ស្ពាន​គំរាម​រក​លោត​ទឹកតែ​ត្រូវ​ខកបំណង ព្រោះ​សមត្ថកិច្ច​មក​អន្តរាគមន៍​ទាន់​ពេល​វេលា​។ នារី​រងគ្រោះបាន​បញ្ជាក់​ថា នាង​ និងឈ្មោះ រស់ រេ​ត បាន​ស្រលាញ់គ្នាជា​ប្តីប្រពន្ធដោយ​មិនបានរៀបការ​ទេ​។ ការរស់នៅជា​ប្តីប្រពន្ធហេងស៊យនេះ មិនសូវល្អប៉ុន្មាន​ដែរ ព្រោះ​នាង​ជា​អ្នក​ម៉ាស្សា ជា​មុខរបរ​មួយធ្វើ​​​ឱ្យ​ប្តី​មានការ​ប្រចណ្ឌ។

បន្ទាប់មកនាងក៏ចង់​ធ្វើ​អត្តឃាត តែ​ត្រូវ​កម្លាំង​ការពារ​គោលដៅ​ស្ពាន និង កម្លាំង​ប៉ុស្តិ៍​នគរបាល​វាលវង់ បាន​មក​ជួយ និង នាំ​យក​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​ ​និង ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​ប្តីរបស់​នាង​នាំយកទៅ​មូលដ្ឋាន​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114