BREAKING NEWS
Search

ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩ ឆ្នាំនេះ​ នឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ពេជ្រ ដែល​មាន​មហាជន​ចូលរួម​ជិត​៥​ម៉ឺន​នាក់

​ភ្នំពេញ​ ៖ ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩ ឆ្នាំ​២០១៨នេះ នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ហើយ​បើ​តាម​គម្រោង​នឹង​មាន​មហាជន​ចូលរួម​ជិត​៥​ម៉ឺន​នាក់ ក្រោមអធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នេះ​បើតាម​ការ​ឱ្យដឹង​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី​០២ ខែមករា​ នេះ ស្តីពី​ការពង្រឹង​សន្តិសុខ របៀបរៀបរយ ជុំវិញ​ការរៀបចំ​ពិធី​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ​ឃួ​ង ស្រេង អភិបាលរាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពីកម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ប្រភេទ ​និង អភិបាលខណ្ឌ​ទាំង​១២​ ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ក្នុង​កិច្ចប្រជុំ​នោះ​ លោក​ ឃួ​ង ស្រេង បាន​ជំរុញឱ្យកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ពង្រឹង​សន្តិសុខ និង របៀបរៀបរយ​ឱ្យបាន​ល្អ ជាពិសេស​ថែមទៀត​នោះ គឺ​ការណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ទង់ជាតិនៅតាម​មុខផ្ទះ​របស់ខ្លួន ដើម្បី​ទទួល​បុណ្យ​៧​មករា ដោយ​នេះ​ជា​បុណ្យជាតិ ហើយ​ទិវាបុណ្យ​នេះ​ជា​បុណ្យ​កំណើត​ទី​ពីរ​របស់​យើងទាំងអស់គ្នា​ផងដែរ បើ​គ្មាន​ថ្ងៃ​៧​មករាក៏​មិនមាន​ថ្ងៃនេះដែរ​។

លោក ​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩ ឆ្នាំនេះ​ នឹងធ្វើ​ឡើងដោយមាន​មហាជន​ចូលរួម​ចំនួន ​៤៥០០០​ នាក់ ហើយ​ក្នុង​ចំនួន​នេះ​សម្រាប់រាជធានី​ភ្នំពេញ​មាន​មហាជន​មកពី​បណ្តា​​ខណ្ឌ​ទាំង​១២ ​មាន​ចំនួន ​២៥០០០​ នាក់​។ ​លោក​បញ្ជាក់ថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩ ឆ្នាំនេះ​ធ្វើឡើង​ធំ​ជាង​បណ្តាល​ឆ្នាំមុនៗ ​ដោយកន្លងមកនេះ​យើង​ធ្លាប់តែ​ធ្វើ​នៅក្នុង​ទីតាំង​ គ​៨៥(​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅចំការមន​) ដែល​ដាក់​មហាជន​បានតែ​ប្រមាណ ​១៦០០​ នាក់​ប៉ុណ្ណោះ​។ តែ​ឆ្នាំនេះជា​លើក​ទី​១ហើយ ដែល​នឹង​ធ្វើឡើង​ដោយមាន​មហាជន​ចូលរួម​រហូតដល់​ចំនួន​៤៥០០០​នាក់៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114