BREAKING NEWS
Search

កងទ័ព​មួក​ខៀវ​កម្ពុជា​នៃ​កង​វិស្វកម្ម​លេខ​៩៦៣ ចំនួន​១៨៤​នាក់ ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​សុវត្ថិភាព

ភ្នំពេញ ​៖​ កងទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​បម្រើការ​នៅ​កង​វិស្វកម្ម​លេខ​៩៦៣ ចំនួន​១៨៤​នាក់​ ក្នុង​នោះ​ មាន​នារី​ចំនួន​១៣​នាក់ ដែល​បាន​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​លី​បង់ និង​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ បាន​ធ្វើ​មាតុភូមិនិវត្តន៍​ត្រឡប់មកដល់​កម្ពុជា​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា​ នេះ​ដោយ​សុវត្ថិភាព។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ តំណាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ លោកស្រី Claire Van der Vaeren​ អ្នក​សម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​​​ទទួល​ដំណើរ​និវត្តន៍​មកដល់នេះ​។

តាម​របាយការណ៍​រប​ស់​លោក​នាយ​ឧ​ត្ត​មសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​បានរាយការណ៍​ជូន​អង្គពិធី​បានឱ្យដឹងថា កងទ័ព​មួក​ខៀវ​កម្ពុជា នៃ​កងវិស្វកម្ម​លេខ​៩៦៣ ចំនួន១៨៤​នាក់ ​ក្នុងនោះ​មាន​នារី​ចំនួន​១៣​នាក់ ​ដែល​បាន​បញ្ជូនទៅ​បំពេញបេសកកម្ម​នៅ​ប្រទេសលី​បង់ និង​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​នេះ សុទ្ធតែមានការ​អប់រំ​សតិអារម្មណ៍​នយោបាយ និង​ បទពិសោធន៍​ជំនាញ​ការងារ​ ដើម្បី​ចេញទៅបំពេញបេសកកម្ម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ថែមទៀត​។

បើតាម​សេចក្ដី​ជូនដំណឹងរបស់​ក្រសួងការពារជាតិ ដែល​បណ្តាញ​ព័ត៌មាន​ទទួល​បាន​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ ​នេះបាន​បញ្ជាក់ថា​ ចាប់តាំងពី​ឆ្នាំ​ ២០០៦ ​មកកម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត ​៥០០០ ​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង ​២០០ ​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់អង្គការសហប្រជាជាតិ​។

បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត​ ១០០០​ នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥រួមមាន​ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល​ លី​បង់ និង​ ម៉ាលី។ កម្លាំង​មួក​ខៀវទាំងអស់នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេលំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114