BREAKING NEWS
Search

កញ្ញា ធី សុវណ្ណ​ថា គ្រោង​ប្តឹង​នាយក​ប្រតិបត្តិ​អង្គការ Wildlife Alliance ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ​

ភ្នំពេញ ​៖ កញ្ញា ធី សុវណ្ណ​ថា ប្រធាន​យុវជន​កិច្ចការ​សង្គម​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា នឹង​ប្តឹង​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​អង្គការ Wildlife Alliance ពីបទ “​រើសអើង​” តាម​មាត្រា​២៦៥ ទាមទារ​សំណង​ជំងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ ដោយសារ​តែ​នាយក​ប្រតិបត្តិ​អង្គការ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិត្តិយស​។​

កញ្ញា ធី សុវណ្ណ​ថា បញ្ជាក់​បែបនេះ នៅលើ​បណ្តាញ​សង្គម​ផ្លូវការ កាលពី​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨។ កញ្ញា​បាន​សរសេរ​យ៉ាង​នេះ​ថា “​ថ្ងៃនេះ នាង​ខ្ញុំ​ទទួល​ការ “​រើសអើង​” និង​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ពី​លោកស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance បាន​បដិសេធ​វត្តមាន​ខ្ញុំ ក្នុងការ​បោះជំរំ នៅ​តំបន់​អា​រ៉ែ​ង ថ្ងៃទី​២៦ ខែមករា នេះ ដោយ​នាង​ខ្ញុំ បានទទួល​ការអនុញ្ញាត ពី​លោកជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូ​ថង រួចរាល់​ហើយ ។

តើ​លោកស្រី​ជា​នរណា មាន​សិទ្ធិ​អ្វី​បដិសេធ​វត្តមាន​ខ្ញុំ​? នេះ​ជាការ​ប៉ះពាល់ ធ្ងន់ធ្ងរ​លើ​កិត្តិយស​របស់ខ្ញុំ​។ ខ្ញុំ​ទុកពេល​ឲ្យ​លោកស្រី​៣​ថ្ងៃ ធ្វើលិខិត​សុំទោស​ខ្ញុំ ជា​សាធារណៈ និង​ផ្តល់ប្រាក់​សងជំងឺចិត្ត​ខ្ញុំ​១០​ម៉ឺន​ដុល្លារ បើ​លោកស្រី​មិន​ព្រម ខ្ញុំ​នឹង​ប្តឹង​លោកស្រី ទៅ​តុលាការ​ខេត្តកោះកុង ពីបទ “​រើសអើង​” មាត្រា ២៦៥”​។​

កញ្ញា ធី សុវណ្ណ​ថា លើកឡើង​ទៀតថា “​នេះ​ជា​របួស​ចាស់​របស់ខ្ញុំ​។ ខ្ញុំ​ស្អប់ និង​ឈឺចាប់​បំផុត​ ចំពោះ​អ្នក​ដែល​ប្រមាថមើលងាយ រើស​អើង​ខ្ញុំ​។ ក្នុង​តម្លៃ​ណាក៏ដោយ ខ្ញុំ​ទាមទារ​យុត្តិធម៌​ឲ្យ​បាន​។ បើ​ខ្ញុំ​មិនអាច​ទទួលបាន​យុត្តិធម៌ ក្នុង​រឿងនេះ​ទេ​​ ខ្ញុំ​មិន​ទៅ​ជាន់ដី​អា​រ៉ែ​ង ខេត្តកោះកុង​ទៀត​ទេ​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114