BREAKING NEWS
Search

ជួល​បន្ទប់​ផ្ទះសំណាក់​ ដើម្បី​ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​បង្ក្រាប

កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ ខ​ណៈ​រៀបចំ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​)​។

កិច្ច​បង្ក្រាប​ធ្វើឡើង​នៅ​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨​និង​១៥​នាទី ចំណុច ផ្ទះសំណាក់​លេខ​៦១១ (​បន្ទប់​លេខ​៧)​ស្ថិតក្នុង​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​។

លោក​វរសេនីយ៍​សេង ​សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ផៃ សំ​ផុន ភេទប្រុស អាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដី​ឡូ​តិ៍ ឃុំ​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។

វត្ថុតាង​ចាប់​យកមាន ​ម្សៅ​ក្រាម​ព​ណ៌ស​សង្ស័យ​ថា​ជា សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០២​កញ្ចប់ (​ធំ ០១​កញ្ចប់ និង​មធ្យម ០១​កញ្ចប់​)​តម្លៃ​១៥០​ដុល្លារ។

លោក​អធិការ​បញ្ជាក់ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​លេខ​៦១១ ថា​មាន​ករណី ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់​របស់​ខ្លួន ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​គយ បាន​ទៅដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ឈ្មោះ ផៃ សំ​ផុន​នៅក្នុង​បន្ទប់​លេខ​៧(​ផ្ទះសំណាក់​ខាងលើ​) បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ០២​កញ្ចប់ នៅ​នឹង​ខ្លួន រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ផៃ សំ​ផុន បាន​សារភាព​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ខាងលើ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ នៅ​ចំណុច វាល​ខ្សាច់ ចាក់អង្រែលើ រាជធានី​ភ្នំពេញ តម្លៃ​១៥០ដុល្លារ ដើម្បី​យក​ទៅ​ឲ្យ​ឈ្មោះ​សឿន ចិ​ត្រា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​សូ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង​ខេ​ត្ត​កណ្ដាល ដើម្បី​លក់​បន្ដ​ដោយ​បាន​ជួល​បន្ទប់​ផ្ទះសំណាក់​ស្នាក់នៅ​ក៏​ត្រូវ​កម្លាំង​សម​ត្ថ​កិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

លោក​អធិការ​បន្ត​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​នា​ថ្ងៃ​ដដែល ​លោក​លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេ​ត្រ​កណ្ដាល ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114