BREAKING NEWS
Search

ឃាត់​ជនសង្ស័យ​២​នាក់ ​ដកហូត​ថ្នាំញៀន​ប្រហែល​១​គីឡូក្រាម

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ជឹម ស៊ី​ថា អធិការ​ខណ្ឌដង្កោ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ២​នាក់ ដកហូត​ថ្នាំញៀន ចំនួន​៥​កញ្ចប់​ធំ សរុប​ប្រហែល ១​គីឡូក្រាម កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្លូវ​បេតុង ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ឯក ជឹម ស៊ី​ថា បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង២​នាក់​នេះ គឺ​កម្លាំង​របស់​លោក​បាន​ដាក់​កម្លាំង​តាមដាន​ស៊ើប​អង្កេត​ត្រង់​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង ក្បែរ​ទីតាំង​បង្ក្រាប អស់​រយៈពេល​៣​ថ្ងៃ​មកហើយ រហូតមកដល់​ព្រឹក​នេះ ជនសង្ស័យ​ទាំង ២​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង មក​ឈប់​ហើយ​បម្រុង​ដោះដូរ​ថ្នាំញៀន​គ្នា ក៏​ត្រូវ​កម្លាំង​របស់​លោក​ចេញ​ឡោម​ព័ទ្ធចាប់​ជនសង្ស័យ​ទាំង​២​នាក់​តែ​ម្តង ប៉ុន្តែ​ពេល​កម្លាំង​លោក​ចេញ​ប្រតិបត្តិការ ក្រុម​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ដែរ តែ​គេច​មិន​រួច​ទេ ព្រោះ​លោក​បានដាក់​កម្លាំង​ត្រៀម​ច្រើន​នាក់​ក៏​ឃាត់ខ្លួន​បាន​ភ្លាមៗ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ កម្លាំង​របស់​លោក​ក៏​ធ្វើការ​ឆែក​ខ្លួន និង​ក្រោម​កែបម៉ូតូ​ជនសង្ស័យ​រក​ឃើញ​ថ្នាំញៀន ចំនួន ៥​កញ្ចប់​ធំ សរុប​ប្រហែល ១គីឡូក្រាម ហេតុនេះ​លោក​ក៏​សម្រេច​នាំ​ខ្លួន​ពួកគេ​រួមទាំង​វត្ថុ​តាង​ថ្នាំញៀន និង​ម៉ូតូ ចំនួន ២​គ្រឿង យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់វិធានការ​តាម​នីតិវិធី។

លោក​អធិការ​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ នុត លី​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) និង​ទី​២ ឈ្មោះ យឹម ប៊ុនឆៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ដកហូត ក្រាម​ពណ៌​ស​ថ្លា ចំនួន ៥ កញ្ចប់​ថង់​ធំ ម៉ូតូ ២​គ្រឿង ​ទី​១ ម៉ាក ហុងដា សេ​១២៥ ស៊េរី២០១៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GM-2632 និង​ទី​២ ម៉ាក ឌូ​ក ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-6552៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114