BREAKING NEWS
Search

រន្ទះបាញ់​២​ករណី សម្លាប់​ជីវិត​មនុស្ស​២​នាក់ នៅ​ខេត្តបាត់ដំបង

បាត់ដំបង ៖ ជនរងគ្រោះ​ចំនួន​២​នាក់ បាន​ស្លាប់​ជា​បន្តបន្ទាប់ នៅ​ល្ងាច​ថ្ងៃ​តែមួយ​ ខណៈដែល​ជនរងគ្រោះ​ទាំងនេះ បានធ្វើ​ដំណើរ​ទៅ​មើល​ស្រែ​កាត់​ក្រោម​ភ្លៀងរលឹម​នៅតាម​ស្រុក​រៀង​ៗ​ខ្លួន ហើយ​ត្រូវ​រន្ទះ​បាញ់​ប្រហារ​តែម្តង។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា ករណី​គ្រោះធម្មជាតិ​នេះ​ បានកើត​ឡើង​លើក​ទី​១ គឺ​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨នៅត្រង់ចំណុច​បឹង​ថ្ម ស្ថិតក្នុង ភូមិ​បាក់រទេះ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ​ខណៈដែល​មេឃ​ចាប់ផ្តើម​ងងឹត រកកល់នឹង​ភ្លៀង ក៏មាន​រន្ទះ​មួយ​បាន​បាញ់​ទៅលើ​យុវជន​ម្នាក់ ឈ្មោះ តិ​ញ តុលា ភេទ​ប្រុស អាយុ​២១ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ពេលដែល​ជនរងគ្រោះ​បាន​ដើរ​ចេញទៅ​ខាងក្រៅ​ផ្ទះ។

​របាយការណ៍​មួយទៀត​បាន​បន្ថែម​ថា លុះ​នៅ​វេលា​ម៉ោង ៦​និង ៣០ នាទី ល្ងាច​ថ្ងៃ​ដដែល​នៅត្រង់ចំណុច​ភូមិ ទួល​ស្នួល ឃុំ រាំង​កេ​សី ស្រុក សង្កែ ខេត្ត​បាត់ដំបង ក៏មាន​ករណី​រន្ទះបាញ់​នេះ​ បាន​កើតឡើង​មួយ​លើក​ទៀត គឺ​បាន​បាញ់​ទៅលើ​បុរស​ម្នាក់​ឈ្មោះ ខ្មែ​ត សា​វេត អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ ស្វាយ​ជាតិ ឃុំ​រាំង​កេ​សី ស្រុក សង្កែ គឺ​នៅពេលនោះ​មេ​យ​កំពុង​ភ្លៀង​យ៉ាងខ្លាំង ហើយ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​​មើ​ល​ស្រែ​ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​ដូចគ្នា។

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ​ សព​ជនរងគ្រោះ​ទាំងពីរ​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ​ ប្រកបដោយ​ភាណ​សោក​សង្រេង​ជាទីបំផុត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114