BREAKING NEWS
Search

កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម ជា​ប្រវត្តិសាស្ត្រ​បាន​កំណត់​យក​ថ្ងៃទី​១២ ​ខែមិថុនា ​ក្នុង​ប្រទេស សិង្ហ​បុរី​

លោក ​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ជាមួយ​លោក​គីម​ជុង​អ៊ុន​ ដែលជា​កិច្ចប្រជុំ​លើកទីមួយ​រវាង​មេដឹកនាំ​កំពុង​កាន់​តំណែង​នៃ​ប្រទេស​ទាំងពីរ​គឺ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១២​ខែមិថុនា​ក្នុងប្រទេស សិង្ហ​បុរី​។​

ទីតាំង​និង​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ត្រូវបាន​ប្រកាស​នៅក្នុង​ការ​បង្ហោះ Twitter របស់​ប្រធានាធិបតី​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ត្រាំ​បាន​ស្វាគមន៍​អ្នកទោស​ជនជាតិ​អាមេរិក​ទាំងបី​នាក់​ដែល​ត្រូវបាន​ដោះលែង​ដោយ​ក្រុង​ព្យុងយ៉ាង​។​

លោក​ត្រាំ​បានសរសេរថា “​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​ពេលវេលា​ដ៏​ពិ​សេសមួយ​សម្រាប់​សន្តិភាព​ពិភពលោក​!”​។​

កិច្ចពិភាក្សា​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​រយៈពេល​មួយថ្ងៃ​នេះ​គឺ​ត្រូវ​បានកំណត់​ផ្តោតលើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់​កូរ៉េខាងជើង​។​

លោក​ត្រាំ​បាន​និយាយ​ខណៈពេល​ជិះ​យន្តហោះ Air Force One តាមផ្លូវ​ឆ្ពោះទៅកាន់​ការជួបជុំ​នយោបាយ​មួយ​នៅ​រដ្ឋ Indiana ថា “​ខ្ញុំ​គិតថា​វា​នឹង​ក្លាយជា​ជោគជ័យ​ដ៏​ធំ​មួយ​”​។

ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា ការដោះលែង​ជនជាតិ​អាមេរិក​ឈ្មោះ Kim Hak-song, Tony Kim និង Kim Dong-chul គឺ​បាន​ដកចេញ​នូវ​ឧបសគ្គ​ដ៏​ធំ​ចំពោះ​កិច្ចប្រជុំ​កំពូល​នេះ​។​

ប្រទេស​សិង្ហ​បុរី​នឹង​ផ្តល់នូវ​បរិយាកាស​អព្យាក្រឹត​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ​ដោយ​ចៀសវាង​បញ្ហា​សន្តិសុខ​និង​នយោបាយ​ខ្លះ​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​មួយ​នៅក្នុង​តំបន់​គ្មាន​យោធា​ដែល​បំបែក​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​។​

ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ដើរតួ​ជា​យូរ​មកហើយ​ជា​ស្ពាន​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ដោយ​នាយករដ្ឋមន្ត្រី​ជា​បន្តបន្ទាប់​បានផ្តល់​ជូន​មេដឹកនាំ​អាមេរិក​នូវ​ដំបូន្មាន​ខាង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ថ្លៃថ្លា​។​

គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​នៅតែមាន​សង្គ្រាម​ជា​បណ្តោះអាសន្ន​។ បទ​ឈប់​បាញ់​បានបញ្ចប់​នូវ​សង្គ្រាម​កូរ៉េ​ដ៏​ឃោ​ឃៅ​ដែលមាន​រយៈពេល​៣​ឆ្នាំ​នៅក្នុង​ឆ្នាំ​១៩៥៣​ហើយ​ទាហាន​អាមេរិក​ប្រហែល​៣០,០០០​នាក់​នៅតែ​ស្ថិត​ក្នុងប្រទេស​កូរ៉េខាងត្បូង​ដែលជា​ប្រទេស ជិតខាង​កូរ៉េខាងជើង​និង​ជា​ប្រទេស​ដែល​សហរដ្ឋអាមេរិក​គាំទ្រ​នៅក្នុង​ជម្លោះ​នោះ​៕ AFP

FILE PHOTO: People walk past the ArtScience Museum in Singapore April 10, 2017. REUTERS/Edgar Su/File Photo



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114