BREAKING NEWS
Search

ម៉ៃ សុគន្ធ ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ ខណៈ​ពេជ្រ ថៃ ត្រូវ​បាត់បង់​លោកយាយ​ជាទី​ស្រឡាញ់

ភ្នំពេញ ​៖ ​ស្រប​ពេលដែល​តារាចម្រៀង​វ័យក្មេង ពេជ្រ ថៃ និង ក្រុមគ្រួសារ​កំពុង​តែមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ ខណៈ​ដែល​លោកយាយ​ជាទី​ស្រឡាញ់​ ដែល ពេជ្រ ថៃ តែង​ហៅថា ម៉ែ​ចាស់ បានទទួល​មរណភាព​នោះ ​ភ្លាមៗ​នេះ​គេ​សង្កេតឃើញ​មានការ​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ។

ទន្ទឹមគ្នា​នៃ​ដំណឹង​មរណភាព​ដ៏​គួរ​ឲ្យ​ក្រៀមក្រំ និង​សោកសៅ​ខ្លាំង​របស់​ក្រុម​គ្រួសារ​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​The Voice Kid Cambodia​រដូវ​កាល​ទី​១​គឺ​កុមារ ពេជ្រ ថៃ នេះ​ដែរ​ ក្រៅតែ​ពី​ការ​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ និង​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​មហាជន​និង​អ្នកគាំទ្រ​ខាងលើ​នោះ ​ក៏មាន​តារា​សិល្បៈ​រៀមច្បង​មួយចំនួន​ចូលរួម​ផ្ញើ​សារ​រំលែក​ទុក្ខ​ផង​ដែរ។

ជាក់ស្តែង​តារាចម្រៀង​ប្រុស​រៀមច្បង ​ដែល​ធ្លាប់តែ​តាម​ប្រមាញ់​ការរិះគន់​មិន​សំចៃ​មាត់​លើ​តារាចម្រៀង​សិស្ស​ប្អូន ពេជ្រ ថៃ គឺ​លោក ម៉ៃ សុគន្ធ អំឡុង​ពេល​ដែល ពេជ្រ ថៃ កំពុងមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ​ដែរ ​លោក​បែរជា​ធ្វើ​រឿង​ដ៏​ចាប់អារម្មណ៍ និង សរសើរ​ផង​ដែរ​ ដោយ​តារា​ប្រុស​រូប​នេះ​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ និង​ថែមទាំង​លើកទឹកចិត្ត​ឲ្យ ពេជ្រ ថៃ ត្រូវ​តាំងចិត្ត​ឲ្យ​រាំង​មាំ​ឡើង។

តារា​ប្រុស​លោក ម៉ៃ សុគន្ធ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់ ពេជ្រ ថៃ ដែល​កំពុង​មាន​ទុក្ខ​នោះ​ថា បង​សូម​ចូលរួម​រំលែក​ទុក្ខ ដ៏​ក្រៀមក្រំ​មួយ​នេះ​ផង​សូម​អោយ​វិញ្ញាណក្ខន្ធ​ជីដូន​ប្អូន​ទៅកាន់​សុគតិភព​ណា ប្អូន​ត្រូវ​រឹងមាំ​ឡើង​ណា។

បន្ថែម​ពីលើ​នេះ​លោក ម៉ៃ សុគន្ធ ក៏បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ចាប់ពី​ពេលនេះ​រហូត​ទៅ​លោក ​និង​បញ្ឈប់​លើ​ការរិះគន់​ឬ​បើក​កកាយ​រឿងរ៉ាវ​របស់ ពេជ្រ ថៃ ទៀតហើយ។

សូម​បញ្ជាក់​ថា ​លោកយាយ​ជាទី​ស្រឡាញ់​របស់​តារាចម្រៀង​វ័យក្មេង​ និង​ជា​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​The ​Voice Kid Cambodia​រដូវ​កាល​ទី​១​កុមារា ពេជ្រ ថៃ បាន​ទទួល​មរណភាព​កាលពី​យប់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨​ ខណៈ​ពេលនេះ​ប្អូនប្រុស ​និង​ក្រុម​គ្រួសារ​កំពុងតែ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុកកំណើត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114