BREAKING NEWS
Search

សិក្ខាកាម​៣៨​រូប​ បញ្ចប់​វគ្គ​សិក្សា​មន្ត្រី​​គ្រប់គ្រង​ព្រឹត្តិការណ៍​បាល់ទាត់​ដោយ​ជោគជ័យ

យ៉ាងហោចណាស់​មាន​សិក្ខាកាម​ប្រមាណ​ជា​៣៨​រូប​មកពី​តាម​បណ្តា​ក្លិប សមាគម តាម​ខេត្ត ក្រុង​និង​រាជធានី នានា បានបញ្ចប់​វគ្គ​សិក្សា​ស្តីពី​«​មន្ត្រី​គ្រប់គ្រង​ព្រឹត្តិការណ៍​បាល់ទាត់ (FFC Event Managerment Course)​ដោយ​ជោគជ័យ​ កាលពីពេល​ថ្មីៗ ក្រោម​ការរៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា​។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ដែល​គ្រប់គ្រង​វគ្គ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ថា ​សិក្ខាកាម​ទាំងអស់​ទទួលបាន​ការ​ចែករំលែក​បទពិសោធន៍ និង ចំណេះដឹង រយៈពេល​២​ថ្ងៃ​ពេញ ដោយ​ផ្តោត​លើ​ការរៀបចំ​ការប្រកួត​,​ទីតាំង​, ច្បាប់​ល្បែង​, បច្ចេកទេស​រដ្ឋបាល​, ការ​ផ្សព្វផ្សាយ និង បច្ចេកវិទ្យា​ជាដើម ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​វិស័យ​បាល់ទាត់​។ ក្រោយ​បញ្ចប់​វគ្គ​សិក្សា​នេះ​សិក្ខាកាម​ទាំងអស់​ត្រូវ​មាន​ពេល​គ្រប់គ្រាន់​បម្រើការ​តាម​ការ​ចាត់​តាំងរបស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ផងដែរ​។

វគ្គ​សិក្សា​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥-២៦ ខែសីហា ឆ្នាំ​២០១៨ ដោយ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ សហព័ន្ធ​បាល់ទាត់​កម្ពុជា ជា​អ្នក​ចេញថ្លៃ​ស្នាក់នៅ អាហារ និង​សោហ៊ុយ​ធ្វើដំណើរ​ដល់​សិក្ខាកាម​ដែល​ចូលរួម​ទាំងអស់​។ ចំណែក​លក្ខខណ្ឌ​នៃ​ការចូលរួម​នោះ​គឺ​កំណត់​យក​សិក្ខាកាម​ដែល​ជា​សមាជិក​នៅ​តាម​មន្ទីរអប់រំ​យុវជន​និង​កីឡា​គ្រប់​ខេត្ត​-​រាជធានី សមាគម​/​ក្លិប​បាល់ទាត់​និង​សាធារណជន​ដែល​ពាក់ព័ន្ធ​ទាំងអស់​។ សិក្ខាកាម​ជា​បេក្ខជន​ទាំងអស់​មាន​អាយុ​ចាប់ពី​២៥​ដល់​៣៥​ឆ្នាំ​។

សូម​បញ្ជាក់​ថា ​ក្រោយ​បញ្ចប់​វគ្គ​ទាំងស្រុង សិក្ខាកាម​ទាំង​៣៨​រូប​ទទួល​បាន​លិខិតបញ្ជាក់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ម្នាក់​១​ផង​ដែរ​។ សហព័ន្ធ​នៅតែ​រំពឹង​ថា អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​ចំណេះដឹង​ក្នុង​វគ្គ​សិក្សា​នេះ​ទាំង​ប៉ុន្មាន នឹង​ឈាន​ទៅ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​តាម​ស្ថាប័ន​របស់​ខ្លួន​នីមួយៗ​កាន់តែ​រីកចម្រើន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114