BREAKING NEWS
Search

ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៨​នេះ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី​ភ្នំពេញ ជួសជុល និង​កែ​លម្អ​​​ផ្លូវ​បាន​១៥​ខ្សែ ពិសេស​ខណ្ឌ​នៅ​ជាយក្រុង

ភ្នំពេញ​ ៖​ ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ ពោលគឺ​ក្រោយពី​ទទួលបាន​គម្រោង​ពី​ក្រសួង មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី​ភ្នំពេញ បានធ្វើ​ការជួសជុល និង​កែ​លម្អ​ផ្លូវ​ខូច នៅតាម​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ឡើងវិញ​បាន​ចំនួន​១៥​ខ្សែ ដែល​មាន​ប្រវែង​៤៦៣៨០ ម៉ែត្រ ដើម្បី ចូលរួម​កសាង និង​អភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កាន់តែ​ភាពល្អ​ប្រសើរឡើង។​

នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​លោក គឹម វិបុល ប្រធាន​មន្ទីរ អភិវឌ្ឍន៍​ជនបទ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៨ កញ្ញា​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា សម្រាប់​គម្រោង​ផែនការ​រួម ក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ អភិវឌ្ឍន៍​ជនបទ​រាជធានី​ភ្នំពេញ​ទទួល​បាន​ពី​ក្រសួង លើ​ការងារ​ជួសជុល និង​កែម​លម្អ​​ផ្លូវ​ខូច ក្នុង​រាជធានី​ភ្នំពេញ​បាន​ចំនួន​១៥​ខ្សែ។

លោក​ប្រធាន​មន្ទីរ​បន្តថា ក្នុងចំណោម​ផ្លូវ​ទាំង​១៥​ខ្សែ​នេះ មាន​៤​ខ្សែ ស្ថិតនៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​ប្រវែង​១៤.៨៦០​ម៉ែត្រ​។ ចំណែក​១០​ទៀត ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ និង​ខណ្ឌ​ព្រែកព្នៅ​នេះ​​ដែរ ដែលមាន​ប្រវែង ៣​ម៉ឺន​ម៉ែត្រ និង​១​ខ្សែ​ទៀត ជា​ផ្លូវ​ជួសជុល​បន្ទាន់ ស្ថិតនៅក្នុង​ខណ្ឌដង្កោ មាន​ប្រវែង​១៥២០ ម៉ែត្រ ដែល​ផ្លូវ​ទាំងអស់នេះ សុទ្ធសឹង​ជា​ផ្លូវដី​ក្រាល​ក្រួស​ក្រហម​។

លោក បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន ផ្លូវដី​គ្រួស​ក្រហម​ទាំងអស់នេះ មន្ទីរ ធ្វើការ​ថែទាំ​ជា​លក្ខណៈ​ខួប និង​លក្ខណៈ​ប្រចាំ លើផ្លូវ​លំ ដែល​ក្រសួង​បាន​សម្រេច​ឲ្យ​ធ្វើការ​ថែទាំ​។​

លោក ប្រធាន​មន្ទីរ បាន​បញ្ជាក់ថា ក្រៅពី​គម្រោង​ជួសជុល និង​កែលម្អ ​ផ្លូវ​ខូច ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​ក្រសួង​អភិវឌ្ឍន៍​ផ្តល់​ឲ្យ​នេះ មន្ទីរ អភិវឌ្ឍ​ន៍​ជនបទ​រាជធានី ក៏បាន​ទទួល ការអនុវត្ត​នូវ​គម្រោង​ជួសជុល​អណ្តូងទឹក ការងារ​ទឹកស្អាត និង​បង្គន់​អនាម័យ ពី​ក្រសួង​បន្ថែមទៀត ដើម្បី ធ្វើយ៉ាងណា ចូលរួមចំណែក​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

លោក បន្តថា អនុវត្តតាម​ការ​ដឹក​នាំ​របស់​ក្រសួង អភិវឌ្ឍ​ន៍​ជនបទ និង​ការណែនាំ​ពី​អភិបាល​រាជធានី មន្ទីរ បាន​ចូលរួមចំណែក ពី​ផ្នែក​គ្រប់​ភាគី​ពាក់ព័ន្ធ សប្បុរសជន អង្គការ​ជាតិ និង​អន្តរជាតិ​នានា ក្នុង​ជំហរ​រឹងមាំ ដើម្បី រួមចំណែក​អភិវឌ្ឍ​ន៏ រាជធានី​ភ្នំពេញ​ឲ្យ​មានការ​រីកចម្រើន​បន្ត​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114