BREAKING NEWS
Search

ឌុ​ម កែវ​ដា សាក​កណ្តាប់ដៃ​ជាមួយ Ha Chhlam នៅ​SEA-TV

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឌុ​ម កែវ​ដា ក្លិប​មកុដ​រាជសីហ៍ នឹងត្រូវ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​Ha Chhalam នៅក្នុង​កម្មវិធី​ប្រដាល់​Boostrong Fighter On Fire នៅលើ​សង្វៀន​SEA-TV ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ​តុលា ​២០១៨​នេះ​។

ឌុ​ម កែវ​ដា និង Ha Chhalam ត្រូវ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​Ha Chhalam ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តង​ពីរដង​ហើយ​ហើយ​ដែល​ការ​មក​លើកចុងក្រោយរ​បស់​គេ​នោះ គឺ​វាយ​ឈ្នះ​ទេស ជីវ៉ា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​០៦​តុលា​២០១៨ ។​

បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEA-TV​អោយដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​លើក ឈ្នះ​៥២​លើក ចាញ់​០៨​លើក និង​មិនដែល​ស្មើ ។​

ឌុ​ម កែវ​ដា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​ច្រើន​នាក់​ហើយ ក្នុងនោះ​ជួប​អ្នក​ប្រដាល់​ថៃ​ចំនួន​៣៤​លើក ដោយ​ឈ្នះ​១៥​នាក់ ចាញ់​១៧​លើក​និង​ស្មើ​០២​នាក់ ដែល​ការប្រកួត​ចុងក្រោយ​របស់គេ​នោះ គឺ​វាយ​ចាញ់​Pha Yaklek ដោយ​ពិន្ទុ ។

ទោះជា​យ៉ាងណា រវាង​ឌុ​ម កែវ​ដា និង Ha Chhalam នេះ មិនដឹងថា​អ្នកណា​ជា​អ្នកឈ្នះ​ទេ សំរាប់​ការជួបគ្នា​លើកដំបូង​នេះ ? ។ ព្រោះថា អ្នក​ប្រដាល់ Ha Chhalam នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​វាយ​ខ្លាំង ដែល​កែវ​ដា មិនអាច​មើលស្រាល​គេ​បានឡើយ ។ ចាំមើល តើ​ឌុ​ម កែវ​ដា អាច​យកឈ្នះ Ha Chhalam បាន​ឬ​អត់​នោះ ? ។​

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា ឌុ​ម កែវ​ដា ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Ha Chhalam នេះឡើយ ? ចាំមើល កែវ​ដា អាច​យកឈ្នះ Ha Chhalam បាន​ឬ​អត់ សម្រាប់​ជំនួប​លើក​នេះ ? ។ ឌុ​ម កែវ​ដា ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​៩៤​លើក គេ​វាយ​ឈ្នះ​៧២​លើក ចាញ់​១៩​លើក និង​ស្មើ​០៣​លើក ។​

ចំពោះ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក នឹង​ជួប​ប្រកួត​ជាមួយ​សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ខេត្តបាត់ដំបង ។

ការជួបគ្នា​រវាង​សូត្រ ខេ​វិ​ន និង សេន កុសល នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា សូត្រ ខេ​វិ​ន ទំនងជា​មិន​ឈ្នះ​សេន កុសល ដែលជា​អ្នក​ប្រដាល់​ជើងចាស់​នោះឡើយ ។ ព្រោះ​សូត្រ ខេ​វិ​ន ក្នុងការ​ប្រកួត​ប៉ុន្មាន​លើកចុងក្រោយ​នេះ គឺ​គេ​វាយ​ចាញ់​រហូត តែម្តង ។

សេន កុសល គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ។ ឯ សូត្រ ខេ​វិ​ន ថ្វិ​ត្បិតតែ​បាន​កម្ពស់ តែ​គេ​នៅ​ខ្ចី បទពិសោធន៍ ហើយ​មួយទៀត កម្លាំង​ស៊ុ​ហ្វ​របស់គេ​នៅ​មិនទាន់​រឹងមាំ​នៅឡើយ ។ ចាំមើល តើ​រវាង​សេន កុសល និង សូត្រ ខេ​វិ​ន តើន​រណា​ឈ្នះ​នោះ ? ។​

មាឃ វណ្ណ​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ ខេត្តរតនគិរី នឹងត្រូវ​ជួប​ប្រកួត​ជម្រះបញ្ជី​ជា មួយ​ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ។​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ កាលពី​ជួបគ្នា​លើក​មុន​(២២​កញ្ញា​២០១៨) គឺ​វាយ​ស្មើ​ពិន្ទុ​គ្នា ។ ចាំមើល ជួបគ្នា​លើក​ទី​២​នេះ តើ​មាឃ វណ្ណ​រ៉ា ឬ​ពុទ្ធ ម៉ា​ណូយ ដែល​ឈ្នះ​ការប្រកួត​លើក​នេះ ? ។​

ដោយឡែក សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​សល់ ស្រស់ ក្លិប​សាល​វ័​ន្ត​កីឡា ក្នុង​ទម្ងន់​៥១​គីឡូក្រាម ហើយ​ជា វិ​រៈ​បុត្រ ក្លិប​អមតៈ​គុន​ខ្មែរ ខេត្តសៀមរាប ក៏​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​សំខាន់ ពិសិដ្ឋ ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114