BREAKING NEWS
Search

អ្នក​សម្របសម្រួល អ​.​ស​.​ប ប្រចាំ​កម្ពុជា​កត់សម្គាល់​ឃើញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​សហគមន៍​អាស៊ាន​ដែល​បាន​បរិច្ចាគ​កងកម្លាំង​ចូលរួម​រក្សា​សន្តិភាព​ច្រើន​ជាង​គេ

ភ្នំពេញ ​៖ កម្ពុជា ជា​ប្រទេសមួយ​ក្នុង​សហគមន៍​អាស៊ាន ដែល​បាន​បរិច្ចាគ​កម្លាំង​ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ច្រើនជាងគេ​។ នេះ​បើតាម​ប្រសាសន៍​លោកស្រី Paulin Tamesis អ្នកសម្របសម្រួល អ​.​ស​.​ប ប្រចាំ​កម្ពុជា ក្នុង​ពី​ធី​ជូន​ដំណើរ​កងកម្លាំង​វិស្វកម្ម​សំណង់​លេខ ៥៩៤ ដែលមាន​ចំនួន​២០៤​នាក់ ក្នុងនោះ​មាន​នារី​ចំនួន​១០​នាក់ ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដើម្បី​ប្ដូរ​វេន​កងកម្លាំង​វិស្វកម្ម​សំណង់​លេខ​៩៥៤ ដែល​បាន​បញ្ចប់​បេសកកម្ម​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ កាល​ព្រឹក​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ព្រលានយន្តហោះ​ទ័ពអាកាស​ពោធិចិនតុង​។​

ក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​វិស្វកម្ម​សំណង់​លេខ​៥៩៤ ចេញ​បំពេញបេសកកម្ម​ពហុ​ខ្នាត​រួមគ្នា នៃ​សហប្រជាជាតិ ដើម្បី​ស្ថិរភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល ដែល​មាន​ការចូលរួម​ជា​អធិបតី​ភាព​ពី​លោកនាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ផង​នោះ លោកស្រី Paulin Tamesis មានប្រសាសន៍​លើកឡើង​ពី​ការ​កត់សម្គាល់ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព​រប​ស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល ដែលជា​ភារកិច្ច​ដ៏​សំខាន់បំផុត និង​ជា​សក្ខីភាព​ជាក់ស្ដែង​ផងដែរ​។

ជាងនេះទៀត​តាមរយៈ​ព័ត៌មាន​ដែល​លោកស្រី​ទទួលបាន​ក្នុង​ចំណាត់ថ្នាក់​ នៃ​ការ​បរិច្ចាគ​កងកម្លាំង ដែល​វាយតម្លៃ​ដោយ​អង្គការសហប្រជាជាតិ​ កាលពី​ខែសីហា​ ឆ្នាំ​២០១៨​នេះ គឺ​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​២៩ លើ​១២២​ ប្រទេស​បរិច្ចាគ​កង​កម្លាំង ដែល​បាន​បរិច្ចាគ​កងកម្លាំង​ច្រើនជាងគេ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ដែល​សូម​អបអរសាទរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ចំពោះ​ចំណាត់ថ្នាក់​នេះ​។

ប្រការ​ដែល​គួរ​ឲ្យ​សរសើរ​ទៀត​នោះ បច្ចុប្បន្ន​កម្លាំង​កម្ពុជា​ចំនួន​៨១១​នាក់ ដែល​ក្នុងនោះ​មាន​នារី​ចំនួន​៦៦​នាក់ កំពុង​បំពេញបេសកកម្ម​ក្នុង​បណ្ដា​ប្រទេស​នានា ក្នុង​ទ្វីបអាហ្វ្រិក និង​មជ្ឈិមបូព៌ា​។​

លោកស្រី​អ្នកសម្របសម្រួល អ​.​ស​.​ប ប្រចាំ​កម្ពុជា​រូបនេះ បានធ្វើការ​កត់សម្គាល់​ពី​ការបញ្ជូន​កម្លាំង​ជា​នារី​របស់​កម្ពុជា​កាន់​តែមាន​ចំនួន​ច្រើន​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ទៅកាន់​បណ្ដា​ប្រទេស​នានា​របស់​អង្គការសហប្រជាជាតិ​។

លោកស្រី​បញ្ជាក់ថា នារី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ជម្លោះ ព្រមទាំង​រក្សា​សន្តិភាព​ដោយ​ស្មើ​ភាព​ដូច​បុរស​ដែរ​។

ក្នុងករណី​ជាច្រើន នារី​អាច​អនុវត្តន៍​ការងារ​រក្សា​សន្តិភាព​សំខាន់ៗ​រួមមាន ការធ្វើ​បទសម្ភាសន៍​ជាមួយ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ផ្លូវ​ភេទ ធ្វើការ​ជាមួយ​នារី​ដែល​ជាប់ពន្ធនាគារ ផ្ដល់​ជំនួយ​ដល់​ស្ត្រី​ដែលជា​អតីត​អ្នក​ប្រយុទ្ធ​អំឡុង​ពេល​ដំណើរការ​កាត់​រំសាយទ័ព និង​ការ​ធ្វើ​សមាហរណកម្ម និង​ជួយ​បង្ហាត់​ដល់​និស្សិត​ដែលជា​យោធិន​នារី និង​នគរបាល​ផងដែរ​។

ម្យ៉ាងទៀត​ការ​សម្រេច​បាន​នូវ​សមភាព​យេនឌ័រ គឺជា​អាទិភាព​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ Antonio Guterres នៅពេល​លោក​ចូលកាន់​តំណែង​ជា​លើកដំបូង ហើយ​ក៏បាន​បញ្ចូល​អាទិភាព​នេះ​នៅ​ពាសពេញ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​របស់ អង្គការសហប្រជាជាតិ​។​

បើ​យោង​តាម​ប្រសាសន៍​ ឯកឧត្ដម ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ច​ការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ថ្លែង​ថា ក្នុង​វិស័យ​រក្សា​សន្តិភាព​លើ​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​ក្នុង​គោលដៅ​ធានា និរន្តរភាព ​នៃ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ដោយ​ប្ដេជ្ញា​យ៉ាង​មុតមាំ​បន្ត​វិភាគទាន ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការ សហប្រជាជាតិ​ដើម្បី​រួម​ចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​កិច្ចប្រឹងប្រែង​រក​សន្តិភាព​ជូន​ប្រទេស​ដទៃ​នៅ​លើ​ពិភព​លោក​តាម​សំណូមពរ ជាក់ស្ដែង​របស់​អង្គការសហប្រជាជាតិ​។​

របាយការណ៍​របស់​អគ្គ​នាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម ​នៃ​កម្ពុជា​បាន​បង្ហាញ​ដែរ​ថា បច្ចុប្បន្ន​កងកម្លាំង​កម្ពុជា​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៥​រួមមាន សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ស៊ូដង់ លី​បង់ អាហ្វ្រិក​កណ្ដាល និង​ម៉ាលី​។

លោក​បន្តថា ចាប់ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​សរុប​ចំនួន​៥៥៧៩​នាក់ ក្នុង​នោះ​មាន​នារី​ចំនួន​២៦៧​នាក់ លើ​ជំនាញ​បោសសំអាត​មីន វិស្វកម្ម​សំណង់​ផ្ដេក បញ្ឈរ តម្រួត​សណ្ដាប់ធ្នាប់ មន្ទីរពេទ្យ​កម្រិត​២ វិស្វកម្ម​ព្រលានយន្តហោះ និង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ ទៅកាន់​បេសកកម្ម​ចំនួន​១០ ក្នុង​ប្រទេស​ចំនួន​៨​មាន​ជាអាទិ៍ ​៖ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត ស៊ី​រី សាយ​ប្រឺស អាហ្វ្រិក​កណ្ដាល លី​បង់ និង​ម៉ាលី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114