BREAKING NEWS
Search

អង្គការ​ហេ​ឡូ​ត្រា​ស្ដ រំដោះ​ផ្ទៃដី​មាន​គ្រាប់មីន​ជិត​៣០០​គីឡូម៉ែត្រ​ក្រឡា ​និង​កម្ទេច​មីន​បាន​ជិត​កន្លះ​លាន​គ្រាប់​

​ភ្នំពេញ​ ៖​ អង្គការ​បោសសម្អាត​មីន​មនុស្សធម៌ ហេ​ឡូ​ត្រា​ស្ដ​ បាន​ឲ្យ​ដឹងថា​ រយៈពេល​២៧​ឆ្នាំ​មកនេះ ​អង្គការ​បាន​ចូលរួម​រំដោះ​ផ្ទៃដី​មាន​គ្រាប់មីន​បាន​ចំនួន​២៨៧​គីឡូម៉ែត្រ​ក្រឡា​ និង​បាន​កម្ទេច​មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​ជិត​កន្លះ​លាន​គ្រាប់​។​
​ ​
លោក Damian O’Brien នាយក​កម្មវិធី​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍​ថា ​ចាប់តាំងពី​ឆ្នាំ​១៩៩១ ​រហូតមកដល់​ឆ្នាំ​២០១៨​នេះ អង្គការ​បាន​រំដោះ​ផ្ទៃដី​មាន​គ្រាប់មីន បាន​ចំនួន​២៨៧​គីឡូម៉ែត្រ​ក្រឡា និង​បាន​កម្ទេច​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ជិត​កន្លះ​លាន​គ្រាប់​។​

លោក​បាន​បន្ត​ថា បើ​គិត​ជា​មធ្យម​ជា​រៀងរាល់​ខែ អង្គការ​បាន​កម្ទេច​មីន និង​គ្រាប់​ចំនួន​៧៦០​គ្រាប់ ដោយ​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ជិត​មួយ​លាន​នាក់​។​

លោក​បាន​បន្ថែមទៀតថា ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ អង្គការ​បោសសម្អាត​មីន​មនុស្សធម៌ ហេ​ឡូ​ត្រា​ស្ត​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល បុគ្គលិក​បោសសម្អាត​មីន​ថ្មី​ចំនួន​១២៤​នាក់ ហើយ​ការពង្រីក​ចំនួន​បុគ្គលិក​បន្ថែម​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​បោសសំអាត​គ្រាប់មីន​សំដៅ​ចូលរួមចំណែក​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ដែល​បាន​កំណត់​គោលដៅ កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ​។​

ការ​បណ្ដុះបណ្ដាល​មាន​រយៈពេល​ពេញ​មួយ​ខែ នៅ​មណ្ឌល​មណ្ឌល​ហ្វឹកហ្វឺន​ក្ដិ​ប​ថ្ម របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត ដោយ​បុគ្គល​ម្នាក់ៗ ត្រូវ​បាន​បណ្ដុះបណ្ដាល​អំពី​ជំនាញ​ប្រើប្រាស់ ប្រភេទ​ម៉ា​ស៊ី​រាវ​មីន​ផ្សេងៗ ដើម្បី​កំណត់​ទីតាំង​សញ្ញា​ឮ​ក្នុង​ដី និង​បច្ចេកទេស​ជីក​កាយ​ដោយ​សុវត្ថិភាព ក្នុង​ការ​តាម​រក​សញ្ញា​ឮ ដើម្បី​កំណត់​ទីតាំង​មីន​។​

លោកនាយក​កម្មវិធី​របស់​អង្គការ​ហេ​ឡូ​ត្រា​ស្ត​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ​« វា​ពិត​មាន​សារៈ​សំខាន់ និង​ជាការ​ជំរុញ​លើកទឹកចិត្ត ដែល​បណ្ដា​ប្រទេស​ជា​ម្ចាស់​ជំនួយ រួមមាន ចក្រភព​អង់គ្លេស អាល្លឺម៉ង់ អាមេរិក និង​អៀរឡង់ នៅ​បន្ត​ទទួលស្គាល់​ពី​គុណ​តម្លៃ នៃ​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា ហើយ​ការគាំទ្រ​ពី​ប្រទេស​ទាំងនេះ បានធ្វើ​ឲ្យ​អង្គការ​មាន​លទ្ធភាព ពង្រាយ​កម្លាំង​បោស​សម្អាត​មីន​បន្ថែម​ទៀត នៅ​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង ដោយសារ​មីន​»​។​

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ អង្គការ​ហេ​ឡូ​ត្រា​ស្ត មាន​បុគ្គលិក​សរុប​ជិត​១.២០០​នាក់ ក្នុង​ក្រុម​ប្រតិបត្តិការ​បោសសំអាត​មីន ក្នុង​ខេត្ត​ពោធិ៍សាត់​, បាត់ដំបង​, ប៉ៃលិន​, បន្ទាយមានជ័យ​, ឧត្ដរមាន​ជ័យ​, ព្រះវិហារ​, សៀមរាប និង​កោះកុង ដែល​បុគ្គលិក​ប្រមាណ​៥០​ភាគរយ​ជាច្រើន​ស្ត្រី​។​

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥​បាន​ឲ្យ​ដឹងថា​ នៅ​កម្ពុ​ជាមាន​ផ្ទៃដី​សង្ស័យ​មាន​ផល​ប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង​១៩៧០​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ប្រមាណ​៨៧៧​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ខ្ពស់​ដោយសារ​មីន​៤៩៩​គីឡូ​ម៉ែត្រ​ការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង ៣៣៣​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

ផ្ទៃដី​មាន​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​ពាន់​គីឡូ​ម៉ែត្រការ៉េ​នេះ​ កម្ពុជា ​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ សម្រាប់​បោស​សំអាត​រយៈពេល​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ​២០២៥​ខាងមុខ​។​

គួរ​បញ្ជាក់​ថា​ ចាប់ ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៧ ការ​បោសសំអាត​ផ្ទៃដី​មាន​គ្រាប់មីន​បាន​ចំនួន​ជាង​១.៦៨០​គីឡូម៉ែត្រ​ការ៉េ ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​កសាង​ភូមិដ្ឋាន ធ្វើស្រែ​ចម្ការ កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធ​សាធារណៈ​នានា និង​បាន​រកឃើញ និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​១.០៤៧.៤៤៧​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​២៤.៦១៨​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​២.៧១៣.៦០៦​គ្រាប់ ព្រមទាំង​បាន​ធ្វើ​ឲ្យ​ចំនួន​ជនរងគ្រោះ ធ្លាក់​ចុះ​ពី​៤.៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៥៨​នាក់​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114