លោក​យាយ​ ៩៦ឆ្នាំ​ក្លាយ​ជា​អ្នក​ជំងឺកូវីដ១៩ចាស់​ជាង​គេនៅ​កូរ៉េ​ខាងត្បូងដែល​​បាន​ជា​សះស្បើយ​

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​មក​ថា ​ស្ត្រី​អាយុ ៩៦ ឆ្នាំ​ម្នាក់​ដែល​ជា​អ្នក​ជំងឺ​វ័យ​ចំណាស់​ជាង​គេ​​ នៅ​ក្នុង​ប្រទេស ពេលនេះ​បាន​ជា​សះស្បើយ​ពេញលេញ​ពី​វីរុស​ឆ្លង​កូវីដ១៩ហើយ។ លោក​យាយ​មាន​ឈ្មោះ Hwang នៅ​ស្រុក Cheongdo ត្រូវ​បាន​ប្រកាស​ថា​បាន​ជា​សះស្បើយ​ហើយ​កាល​ពី​ថ្ងៃ​ពុធ។

គួរ​បញ្ជាក់​ថា​ស្រុក Cheongdo គឺ​នៅ​ជិត​ទីក្រុង Daegu ភាគ​ខាងត្បូង​ ដែល​ជា​កន្លែង​ដែល​មាន​ករណី​ឆ្លង​វីរុស​កូវីដ១៩​នៅ​ប្រទេស​នេះ​ច្រើន​ជាង​គេ។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ​Hwang ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​កូវីដ១៩កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មីនា​ ហើយ​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​ នៅ​ឯ​គ្លីនិក​សាធារណៈ Pohang ភាគ​ខាង​កើត​នៃ ទីក្រុង Daegu ។

បច្ចុប្បន្ន​នេះ ​ស្ត្រី​វ័យ​ចំណាស់​ដែល​បាន​ជា​សះស្បើយ​ កំពុង​ស្ថិតនៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ Cheongdo ជា​កន្លែង​ដែល​គាត់​រស់នៅ​ជាមួយ​កូនប្រុស។

គួរ​រំលឹក​ថា ​រហូត​មក​ដល់​ពេល​នេះ ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង​ ៩២៤១ ករណី ​និង​អ្នក​ស្លាប់ ១៣១ នាក់ ៕

 

ចុចអាន៖ក្រោយដាក់ប្រទេសក្នុងភាពអាសន្ន ថៃប្រឈម​នឹងការរិះគន់ផ្នែកសិទ្ធិមនុស្ស​

 

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖ CNN