ព័ត៍មានទាន់​ហេតុការណ៏
Search

រោង​ចក្រ​ផលិត​​ស៊ីម៉ងត៍​ធំ​​មួយ​​ទៀត ​​នឹង​ត្រូវ​​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​​ពាក់​កណ្ដាល​ខេត្ត​ខែ​នេះ

កំពត ៖ រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​​ធំ​មួយ​ទៀត​ នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ក្នុង​ខេត្ត​​កំពត។ ​រោង​ចក្រ​នេះ ​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​ ថៃ​ ប៊ុនរ៉ុង ស្ថិត​នៅ​ភូមិ​ល្អាង ​ឃុំ​ល្អាង ស្រុក​ដង​ទង់ ខេត្ត​កំពត​ ក្នុង​ទំហំ​វិនិយោគ​​ប្រមាណ​ ១២០​​លាន​ដុល្លារ​អាមេរិក​ ។​ រោង​ចក្រ​នេះ​អាច​ផលិត​បាន​​ ប្រមាណ​ជា ៣០០០តោន ក្នុង​មួយ​ថ្ងៃ​ និង​​ផ្ដល់​ការងារ​​ប្រមាណ​ ៣០០​កន្លែង។

ការ​ដំណើរ​ការ​​រោងចក្រ​ថ្មី​នេះ​​ កម្ពុជា​នឹង​កាន់​តែ​​កាត់​បន្ថយ​ការ​នាំ​ចូល​ស៊ីម៉ងត៍ ​ពី​ក្រៅ​ស្រុក​ថែម​ទៀត​ និង​អាច​ជួយ​បង្កើន​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​ខ្ពស់ ​ហើយ​ក៏​សង្ឃឹម​ ថា​ប្រជាជន​កម្ពុជា​នឹង​ចូល​រួម​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ទាំង​អស់​គ្នា​។

ខណៈ​ដំណើរ​សម្ពោធ​​កាន់​តែ​ខិត​ជិត​មក​ដល់ ក្រោម​អធិបតី​ភាព​សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​​ កាល​ពី​ព្រឹក​មិញ​​នេះ​ ​​លោក ជាវ តាយ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​​បាន​អញ្ជើញ​អម​ដំណើរ ​និង​ចូល​រួម​កិច្ច​ប្រជុំ​ជាមួយ​ នាយ​ឧត្ដមសេនីយ៍ ​យូ ​ស៊ុនឡុង​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង ​លោក ​ហ៊ុន​ ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី និង​ជា​នាយក​រង​ខុទ្ទកាល័យ​ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

​រាប់​​ទាំង​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​​គ្រោង​សម្ពោធ​នៅ​ជិត​ពាក់​កណ្ដាល​ខែ​នេះ​​ ធ្វើ​ឲ្យ​ចំនួន​រោង​ចក្រ​នៅ​កម្ពុជា​​កើន​ឡើង​រហូត​ដល់​៥​​ទីតាំង​ ក្នុង​នោះ​​៤​​ទី​តាំង ​ស្ថិត​នៅ​ក្នុង​ខេត្ត​​​កំពត​ និង​​មួយ​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​​​​បាត់​ដំបង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114