BREAKING NEWS
Search

ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​កំពង់ចាម កំពុង​ផលិត​សម្ភារៈ​វេជ្ជសាស្ត្រ​ការពារ​ជំងឺ​កូវីដ-១៩ ចែកចាយ​ដល់​បុគ្គលិក​ពេទ្យ​ជួរមុខ​ក្នុង​ប្រទេស​ចំនួន​១១

ភ្នំពេញ​ ៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​បន្ទាន់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​ជាស​កល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 ក្រុម​ផ្នែក​សុខាភិបាល នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការប្រែប្រួល​អាកាសធាតុ (SDCC) បាន​កៀរគរ​មូលនិធិ​សម្រាប់​ជំនួយ​បច្ចេកទេស (TA) ស្តីពី​ការគាំទ្រ​ថ្នាក់​តំបន់ ដើម្បី​ដោះស្រាយ​ការផ្ទុះ​ឡើង ​នៃ​ជំងឺ​នេះ ក្នុង​ចំនួន​ទឹក​ប្រាក់​ចំនួន​៤៨,៣ លាន​ដុល្លារ នៅ​ដើម​ឆ្នាំ​២០២០។​

ជាមួយគ្នា​នោះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានទទួល​សំណើ​ពី​បណ្តា​សមាជិក ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដើម្បី​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ ដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សុខា​ភិបាល​ក្នុង​ការ​ការពារ ការរកឃើញ និង​ព្យាបាល​ករណី COVID-19 ហើយ​គិត​ត្រឹម​ចុងខែ​មិថុនា​ឆ្នាំ​២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈ​នាយកដ្ឋាន​លទ្ធ​កម្មផល​ប័ត្រ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ (PPFD) បាន​ដំណើរការ និង​ផ្តល់​កិច្ច​ព្រមព្រៀង​ចំនួន​១៥​លាន​ដុល្លារ ក្រោម​ជំនួយ​បច្ចេកទេស ដូចជា​ឧបករណ៍​ការពារ​ខ្លួន (PPE) សម្ភារៈ​ធ្វើតេស្ត ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ គ្រឿង​ពិសោធន៍ និង​បរិក្ខារ​សំខាន់ៗ​ផ្សេងទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19​។​

បើតាម​ធនាគារអភិវឌ្ឍន៍អាស៊ី ក្រុមហ៊ុន​មួយ​ដែលមាន​ឈ្មោះថា Medtecs គឺជា​អ្នកផ្គត់ផ្គង់​មួយ ក្នុង​ចំណោម​អ្នកផ្គត់ផ្គង់ ដែល​បានជ្រើសរើស​តាមរយៈ​ដំណើរការ​លទ្ធកម្ម​ប្រកបដោយ​ភាព​ប្រកួត​ប្រជែង ហើយ​ក្រុមហ៊ុន Medtecs នេះ ត្រូវ​បានផ្តល់​កិច្ចសន្យា​ក្នុង​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ ដើម្បី​ផលិត​ឈុត​គម្រប​ស្បែកជើង និង​សម្ភារៈ​ការពារ រ៉ូប​ការពារ ដើម្បី​ចែកចាយ​ដល់​បុគ្គលិក​សុខភាព​ជួរមុខ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន​១១។ ក្រុមហ៊ុន​នេះ បាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក និង​មាន​បុគ្គលិក​ចំនួន​៥.៥០០ នាក់​ នៅក្នុង​រោងចក្រ​ក្នុង​ខេត្តកំពង់ចាម​។ ប្រមាណ​៨២ ភាគរយ​នៃ​បុគ្គលិក​របស់​ក្រុមហ៊ុន​នេះ​ជា​ស្ត្រី​។ រោងចក្រ​នេះ​បានផ្តល់​ការងារ​ប្រកប​ដោយ​ស្ថិរភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រស់នៅ​ទីនោះ ហើយ​បានរួម​ចំណែក​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ដែលមាន​សារៈសំខាន់​ ជាពិសេស​ខណៈដែល​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​បង្ក​ដោយ COVID-19​។​

ក្រុមហ៊ុន ​បាន​ចំណាយ​ពេល​ប្រមាណ​មួយខែ ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ PPE សកល សម្រាប់​ផលិតកម្ម​វាយនភណ្ឌ​សរុប​ជិត​១,២ លាន​ឈុត​។

បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិត​ប្រចាំខែ​រហូតដល់​ទៅ រ៉ូ​ប​ការពារ​៨​លាន ឈុត​ការពារ​២,៥​លាន និង​គម្រប​ស្បែកជើង​៤​លាន​។ ទំនិញ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ភាគី​ទី​បី​ឯករាជ្យ​ហើយ​បានចាប់ផ្តើម​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​នៅ​ចុងខែ​មិថុនា​ ដើម្បី​ជញ្ជូន​ទៅកាន់​ប្រទេស​គោលដៅ​ផ្សេងៗ​។​

លោក Jesper Pedersen អ្នកឯកទេស​ជំនាញ​លទ្ធកម្ម​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ឲ្យ​ដឹង​ដែរ​ថា “​ទំនិញ​ដំបូង​ដែល​បាន​ទិញ​ក្រោម​គោលការណ៍​ណែនាំ ស្តីពី​លទ្ធកម្ម​បន្ទាន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី សម្រាប់​ឆ្លើយតប​នឹង COVID-19 ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​ប្រទេស​ទទួល ត្រូវ​ប្រើ​ផលិតផល​ទាំង​នោះដែរ​។ ធនាគារ​អភិវឌ្ឍន៍អាស៊ី​មាន​សេចក្តី​រីករាយ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​លទ្ធកម្ម​ដោយផ្ទាល់ និង​ជួយ​សម្រួល​ដល់​ការ​កៀរគរ​ការផ្គត់ផ្គង់​សម្រាប់​តម្រូវការ​បន្ទាន់​ពី​ប្រភព​នានា​ក្នុង​សកលលោក និង​ទៅកាន់​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងៗ​”៕

អត្ថបទ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114