BREAKING NEWS
Search

ទៅ​ស៊ី​ឈ្នួល​កាត់​ស្មៅ​ឲ្យ​គេ​ ចៃដន្យ​បាក់​ផ្លែ​ម៉ាស៊ីនកាត់ស្មៅ ​ត្រូវក្បាលស្លាប់​មួយ​រំពេច​

រតនគិរី ៖ បុរស​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាត់​ស្មៅ​ ឲ្យ​គេ​ស្រាប់តែ​ជួប​ឧបទ្ទវហេតុ​បាក់​ផ្លែ​ម៉ា​ស៊ីន​កាត់​ស្មៅ​ហោះ​មក​ប៉ះ​ក្បាល​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ។ ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៤​និង​១០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ចម្ការ ស្ថិតនៅ​ភូមិ​កា​ម៉ែន​តូច ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ យ៉ែ​ក ហឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ ដោយ​គាត់​បាន​ទៅ​កាត់​ស្មៅ​ស៊ី​ឈ្នួល​ឲ្យ​ឈ្មោះ ភើ​ន ប្លា​ន់ នៅ​ភូមិ​ជាមួយគ្នា នៅ​ចម្ការ​ខាងជើង ភូមិ​ការ​ម៉ែន​តូច ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពេល​គាត់​កំពុង​កាត់​ស្មៅ​នោះ​ ស្រាប់តែ​ម៉ាស៊ីន​កាត់​ស្មៅ​ប៉ះ​ថ្ម ​បណ្តាល​ឲ្យ​បាក់​ផ្លែ​ម៉ាស៊ីនកាត់ស្មៅមួយ​កំណាត់​ ហោះ​ត្រូវ​ចំ​ក្បាល​ពី​ខាងមុខ​លើ​ថ្ងាស បណ្តាល​ឲ្យ​ដួល​ស្លាប់​មួយ​រំពេច​។​

​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​និង​សាកសួរ​បំភ្លឺ​ជុំវិញ​នៅ​កន្លែង​កើត​ហេតុ ហើយ​បាន​ធ្វើ​កោសល្យវិច័យ បាន​សណ្ឋាន​ថា ពិតជា​ស្លាប់​និង​ផ្លែ​​ម៉ាស៊ីន​កាត់​ស្មៅ​នោះ​ពិតប្រាកដ​មែន​ មិនមែន​រឿង​អ្វី​ផ្សេងនោះ​ទេ​។ ក្រោយ​កើតហេតុសព​ជនរងគ្រោះ​សមត្ថកិច្ច​ បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
អត្ថបទ៖ វុ​ទ្ធ​ឦសាន
សូមចុចអាន៖ ​ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​ ករណី​គាស់​ដំបូល​សាលា​ លួច​យក​កុំព្យូទ័រ​