បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បម្រុងយកថ្នាំញៀនទៅលក់ឲ្យគេ ត្រូវបានកម្លាំងការពារភូមិឃាត់ខ្លួន ហើយបញ្ជូនទៅឲ្យកម្លាំងអាវុធហត្ថចាត់ការបន្ត កាលពីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតក្នុងចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មុន នឹងឃាត់ខ្លួនជនសង្ស័យរូបនេះ កម្លាំង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជនម្នាក់ បានយកទូរស័ព្ទគេទៅបញ្ចាំ ហើយកម្លាំងប្រជាការពារភូមិក្បាលកោះ ក៏បានចុះស្រាវជ្រាវភ្លាមៗ ជួបនឹងយុវជនម្នាក់កំពុងឈររេរានៅលើផ្លូវ។ ពេលនោះ កម្លាំង ក៏ធ្វើការសួរនាំ និងសុំឆែកក្នុងខ្លួន រកឃើញគ្រឿងញៀនចំនួន២កញ្ចប់តូច ដែលបម្រុងយកទៅលក់បន្ត ហើយក៏បានបញ្ជូនជនសង្ស័យនេះទៅឲ្យកម្លាំងអាវុធហត្ថក្រុងចាត់ការបន្ត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ អីត វីន រស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាយុ២០ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុង បញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ គង្គា