BREAKING NEWS
Search

បារាំងបើកការស៊ើបអង្កេតពីបទធ្វើទារុណប្រឆាំងនឹងព្រះអង្គម្ចាស់របស់ទីក្រុង Abu Dhabi

ប្រភពមួយបាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរបារាំងកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទសមគំនិតនៃសកម្មភាពធ្វើទារុណកម្មប្រឆាំងនឹងឥស្សរជនដ៏មានឥទ្ធិពលរបស់ទីក្រុង Abu Dhabi គឺព្រះអង្គម្ចាស Mohammed bin Zayed Al-Nahyan ។

ប្រភពជាច្រើនដែលដឹងអំពីករណីនេះបានប្រាប់ AFP ថា អង្គចៅក្រមស៊ើបអង្កេតបារាំងបានចេញដីកាដើម្បីធ្វើការស៊ើបអង្កេតសកម្មភាពដែលត្រូវបានចោទប្រកាន់នៅក្នុងសង្គ្រាមនៅប្រទេសយេម៉ែន ។

ការស៊ើបអង្កេតដំបូងត្រូវបានដំណើរការនៅខែតុលា ឆ្នាំ ២០១៩ ប្រឆាំងនឹងព្រះអង្គម្ចាស់ដែលត្រូវបានគេស្គាល់ថា MBM បន្ទាប់ពីមានបណ្តឹងចំនួនពីរនៅពេលដែលព្រះអង្គបានយាងដល់ទីក្រុងប៉ារីសក្នុងព្រះរាជទស្សនកិច្ចផ្លូវការមួយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ។

ព្រះអង្គ MBZ ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់ព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតត្រូវបានគេមើលឃើញថាជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់ ហើយក៏បានកសាងសម្ព័ន្ធភាពដ៏តឹងរឹងជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ផងដែរ ។

កងកម្លាំងអារ៉ាប់រួមបានចូលរួមជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅក្នុងជម្លោះដ៏ធំសម្បើមមួយនៅក្នុងប្រទេសយេម៉ែនដែលសម្ព័ន្ធអារ៉ាប់រួមកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូទីនៅក្នុងសង្គ្រាមមួយដែលនាំឲ្យមានការរំលោភបំពានសិទ្ធិ ។

ទន្ទឹមនោះប្រជាជនយេម៉ែនចំនួន ៦ នាក់បានដាក់ពាក្យបណ្តឹងទៅចៅក្រមជំនាញខាងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីក្រុងប៉ារីស ។

មេធាវីរបស់ពួកគេលោក Joseph Breham បានប្រាប់ AFP ថា “កូនក្ដីរបស់ខ្ញុំស្វាគមន៍ការបើកការស៊ើបអង្កេតនេះ ហើយមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះយុត្តិធម៌នៅប្រទេសបារាំង” ។

ពាក្យបណ្តឹងរបស់ពួកគេផ្តោតលើសកម្មភាពនៃការធ្វើទារុណកម្មដែលបានចោទប្រកាន់នៅក្នុងមជ្ឈមណ្ឌលឃុំឃាំងដែលគ្រប់គ្រងដោយអារ៉ាប់រួមនៅលើទឹកដីយេម៉ែន ។

វាបានចោទប្រកាន់ថា ព្រះអង្គម្ចាស់ MBZ ជាមេបញ្ជាការកងកម្លាំងអារ៉ាប់រួមទំនងជាបានផ្តល់មធ្យោបាយ និងបទបញ្ជាសម្រាប់ការរំលោភទាំងនេះ ។

ការចោទប្រកាន់បែបនេះអាចត្រូវបានកាត់ទោសនៅក្នុងប្រទេសបារាំងដោយឈរលើមូលដ្ឋាននៃយុត្តាធិការសកលដែលអនុញ្ញាតឲ្យតុលាការទទួលយករឿងក្តី បើទោះបីជាបទឧក្រិដ្ឋដែលបានកើតឡើងនៅលើទឹកដីបរទេសក៏ដោយ ។

គួរបញ្ជាក់ថា សង្គ្រាមយេម៉ែនបានឃើញមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ ហើយប៉ាន់ស្មានមានមនុស្សចំនួន ៤ លាននាក់បានផ្លាស់ទីលំនៅ និង ៨០ ភាគរយនៃប្រជាជន ២៩ លាននាក់ពឹងផ្អែកលើជំនួយសម្រាប់ការរស់រានមានជីវិត ៕ AFP

ប្រែសម្រួលដោយ ៖ ជីវ័ន្ត