BREAKING NEWS
Search

រៀន​បើក​បរថ្មីៗ ហ៊ានមកដឹក​កម្មករ​រោង​ចក្រ បើក​វ៉ាជែង​ម៉ូតូ​ក្រឡាប់ របួស​ធ្ងន់​ស្រាល​៣៤​នាក់

កំពង់​ឆ្នាំ​ង ៖ កម្មករ​កាត់ដេរ​ចំនួន​៣៤​នាក់​ បាន​រង​របួស​ធ្ងន់ និង​ស្រាល​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ដែល​មាន​កម្មករ​សរុប​ចំនួន​៦០​នាក់ ខណៈ​ដែល​អ្នកបើកបរ​ទើបតែ​ចេះ​បើក​រថយន្ត​ឡើង​វ៉ា​ជែង​ម៉ូតូ​ធ្លាក់​ពីលើ​ផ្លូវជាតិ។​

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ខាង​លើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ៗ ថ្ងៃទី​០៣​មិថុនា​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ស្ពាន​អូរ​ប្រ​ម៉ាត់ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៤៦​និង​៤៧​ស្ថិត នៅ​ក្នុង​ភូមិ ចម្ការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច​នគរ​បាល​មូលដ្ឋាន ​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​គ្រឿង ពិតជា​បាន​បើក​ធ្លាក់​ផ្លូវ​ពិតមែន​នៅ​ក្នុង​ហេតុការណ៍​ខាងលើ ​បណ្តាល​មាន​កម្មករ​រង​របួស​សរុប​២១​នាក់​ ក្នុង​នោះ​របួស ធ្ងន់​០៣​នាក់ ស្រី​០៣​នាក់ និង​ប្រុស​១​នាក់ ក្នុង​ចំណោម​កម្មករ​៦០​នាក់​ ដែល​បាន​ជិះ​នៅ​លើ​រថយន្ត​នោះ។

លោក​អធិការរង​នគរ​បាល​ស្រុក​សាមគ្គី​មាន​ជ័យ​ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិថុនា​ឆ្នាំ​២០២០​នេះ​ថា កម្មករ​រោង​ចក្រ​ដែល​រងគ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ខាង​លើ​នេះ ធ្វើការ​នៅ​រោងចក្រ​ផលិត​កាបូប​Horizon outdoor​និង​រោងចក្រ​ផលិត​សំលៀកបំពាក់ Golden Apparel និង​រោងចក្រ​ការ​បូ​ប Khai neng នៅក្នុង​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្ត​កំពង់ឆ្នាំង។ ករណី​នេះ​នៅមុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ បាន​ដឹក​កម្មករ​ដែល​ជិះ​លើ​រថយន្ត​សរុប​មាន​គ្នា​ចំនួន​៦០​នាក់ ដែល​អ្នក​បើក​បរ​បាន​បើក​នៅ​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់ ហើយ​ខណៈ​នោះ​គេ​បាន​បើក​រថយន្ត​ឡើង​វ៉ា​ជែង​ម៉ូតូ​១​គ្រឿង ក៏បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់ ដោយសារតែ​អ្នកបើកបរ​រូប​នោះ​ទើប​រៀន​បើកបរ​ថ្មី ក្រោយពេល​កើត​អ្នកបើកបរ​រថយន្ត​ខាងលើ បាន​ចុះ​រត់​គេច​ខ្លួន​បាត់។

​ដោយឡែក លោក មាស ស៊ី​ណាត អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ដែល​ថា​ គិត​ត្រឹម​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៤ ខែ​មិថុនា ២០២០​នេះ កម្មករ​នៅ​ក្នុង​រោងចក្រ​ទាំង​៤​ខាងលើ បាន​រង​របួស​សរុប​៣៤​នាក់ មាន​ប្រុស​៥​នាក់ របួសធ្ងន់​៣​នាក់។​ ក្នុង​នោះ​ជនរងគ្រោះ ​បាន​ចូល​មក​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច​ចំនួន​១១​នាក់ និង​សម្រាក​នៅ​ឃ្លី​និ​ច តែ​វណ្ណា ចំ​នួន​២១ នាក់ ប្រុស​៥​នាក់ និង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ភ្នំពេញ ០១​នាក់ ផង​ដែរ៕
អត្ថបទ៖ ឈៀង ថា​រិ​ទ្ធ
សូមចុចអាន៖ កន្លែង​សប្បាយ​ភាព​នានា​ក្នុង​រាជធានី​ភ្នំពេញ ជិត​៤០០​ទីតាំង ​ត្រូវ​បាន​បិទ​អាជីវកម្ម ធ្វើ​ឲ្យ​ប៉ះពាល់​បុគ្គលិក​រាប់​ពាន់​នាក់