BREAKING NEWS
Search

អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ នាំ​យក​គ្រឿង​ឧបភោគ បរិភោគ​ចែក​ជូន​គ្រួសារ ជន​ពិការ ចាស់ជរា​ និង​គ្រួសារ​ទីទ័លក្រ ៤៥ គ្រួសារ នៅ​ស្រុក​ស្ទោង

កំពង់ធំ​ ៖ ​ប្រជាពលរដ្ឋ​ជា​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង ទីទ័លក្រ និង​គ្រួសារ​ជន​ពិការ​ចំនួន​៤៥​គ្រួសារ មកពី ១៣​ឃុំ​ស្រុក​ស្ទោង ត្រូវបាន​ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​នាំយក​គ្រឿងឧបភោគ បរិភោគ​ទៅ​ចែកជូន​នៅ​ថ្ងៃទី​១៥ ខែ កុម្ភៈ ឆ្នាំ ២០២០។

ឯកឧត្តម យឹម លាត​ បាន​លើកឡើងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង​ចូលរួម​រំលែក​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ បាន​មួយគ្រា​ផង​នោះ។ ថ្ងៃនេះ​ដោយមាន​ការគាំទ្រ​ពី​ក្រុមហ៊ុន​អិន​ស៊ី​អិ​ច​សហការ​ជាមួយ​ក្រុមហ៊ុន​ហុងដា ង៉ូ​វ វង្ស​ឆាយ បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​មួយ​គឺ កម្មវិធី​ផ្ដល់​ភាពកក់ក្តៅ​ដល់​ចាស់ជរា ដើម្បី​ចែករំលែក​ក្តី​ស្រឡាញ់​ស្នាម​ញញឹម​និង​ភាពកក់ក្តៅ​ជូន​ចំពោះ​លោកយាយ​តា​ជាពិសេស​ដើម្បី​ពង្រឹង​វប្បធម៌​ចែករំលែក​ជូន​គ្នា​ទៅវិញទៅមក​ក្នុង​គោ​ការស្រឡាញ់​រាប់អាន​ផ្ដល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក។

ឯកឧត្តម បាន​បន្តថា​ ការផ្តល់​ស្បៀងអាហារ​និង​សម្ភារៈប្រើប្រាស់​ថ្ងៃនេះ​គឺ មិនបាន​បែងចែក​វណ្ណៈ​ពណ៌​សម្បុរ ឬ​ប្រកាន់​បក្សនយោបាយ​អ្វី​ឡើយ គឺ​ផ្តល់ជូន​គ្រួសារ​ជួប​ការលំបាក ពិតប្រាកដ ជាក់ស្តែង។ ឯកឧត្តម​បាន​បន្តទៀតថា ទោះបី​ការផ្តល់​ជា​អំណោយ​មនុ​ស្សធ​ម៌​ថ្ងៃនេះ​មាន​តិចតួច មិនបាន​ជួយ​ដល់​បងប្អូន​យូរអង្វែង​ក៏ដោយ ប៉ុន្តែ​វា​អាចជួយ​ដោះស្រាយ​បងប្អូន​នៅពេល​លំបាក​បាន​មួយគ្រា​ដែរ​។ ​​ក្នុង​ពិធី​នោះ​ឯកឧត្តម យឹម លាត ក៏បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត សុំ​អោយ​ពួកគាត់​នាំគ្នា​ដាំ​បន្លែ​រួមផ្សំ បន្ថែម​នៅ​តាម​ផ្ទះ​របស់​ខ្លួន ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ទៅលើ​ផ្នែកអនាម័យ ដូច​ការ​បរិភោគ​សាច់​ឆៅ បន្លែ​ឆៅ ទឹក​ឆៅ​ដែល​បណ្តាល​ឲ្យ​មានការ​រាករូស​​ បង្ក​ជា​ជំងឺ​ឆ្លង​ផ្សេងៗ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ សម្ភារៈ​ដែល​ទទួលបាន​ក្នុង​១​គ្រួសារ​មាន​អង្ករ ៥០​គីឡូក្រាម មី ១​កេស ទឹកក្រូច ១​កេស​ ត្រី ខ ១​យួរ ទឹកស៊ីអ៊ីវ មុង ភួយ សារុង​ សាប៊ូ អាវ​ភ្លៀង និង​ថវិកា​៦​ម៉ឺន​រៀល៕
​​ប៊ុន រដ្ឋា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114