ហ្វេស​ប៊ុក​សុំទោស​នូវ​កំហុស​បច្ចេកទេស​ក្នុង​ការ​បកប្រែ​ឈ្មោះ​លោក​ Xi Jinping ទៅជា “Mr. Sh*thole”

កាលពីថ្ងៃ​ទី ១៧ ខែ​មករា​ឆ្នាំ ២០២០នេះ ​ប្រធានាធិបតី​ចិន​លោក​ Xi Jinping បាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល ២ ថ្ងៃ​នៅ​ទីក្រុង​ Naypyidaw ប្រទេស​មីយ៉ាន់ម៉ា។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​មេដឹកនាំ​ចិន​ក្នុង​រយៈពេល​ជិត​ពីរ​ទសវត្សរ៍។

ទោះ​យ៉ាងណា​ក៏​ដោយ​ កំហុស​ធំ​ហើយ​ច្របូកច្របល់​មួយ ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី ២ នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ដោយ​​ការ​បកប្រែ​​ស្វ័យប្រវត្តិ​របស់​ហ្វេសប៊ុក​បាន​ធ្វើ​ឱ្យ​ខូចឈ្មោះ​របស់​លោក​ Xi​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ប្រទេស​មីយ៉ាន់ម៉ា។

“កំហុស​បច្ចេកទេស” បាន​ធ្វើ​ឱ្យ​ឈ្មោះ​របស់​ប្រធានាធិបតី​ចិន​ មិន​ត្រឹមត្រូវ​ទៅ​ជា “ Mr. Sh * Thole” ហើយ​ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​មេដឹកនាំ​ភូមា​ គឺ​លោកស្រី​អ៊ុងសាន ​ស៊ូជី។

សេចក្ដី​ប្រកាស​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសបុក​ផ្លូវការ​ កាល​ពី​ថ្ងៃ​សៅរ៍ ទី ១៨ ខែ​មករា​ឆ្នាំ ២០២០ បាន​និយាយ​ថា “ លោក Shithole  ប្រធានាធិបតី​ចិន​មក​ដល់​ម៉ោង ៤ រសៀល” ។ កម្មវិធី Google បាន​សរសេរ​ថា “ប្រធាន​ប្រទេស​ចិន​គឺ​លោក Shithole បាន​ចុះហត្ថលេខា​លើ​កំណត់ត្រា​ភ្ញៀវ​របស់​ផ្ទះ​អ្នក​តំណាង” ។ ឆ្នាំ​នេះ​ក៏​ជា​ខួប​លើក​ទី ៧០ នៃ​ចំណង​ការ​ទូត​ជា​ផ្លូវការ​ រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ។

យោង​តាម​សារព័ត៌មាន​ Reuters បាននិយាយថា ​ហ្វេសប៊ុក​បាន​សុំទោស​ចំពោះ​បច្ចេកទេស​ដោយ​និយាយ​ថា​ហ្វេសប៊ុក​មិន​មាន​ឈ្មោះ​របស់​លោក ​Xi នៅ​ក្នុង​ប្រព័ន្ធទិន្នន័យ​ភាសាភូមា​របស់​ខ្លួន​ទេ​ ហើយ​បាន​ធ្វើការ​បកស្រាយ​នូវ​ការ​បកប្រែ​មួយ​នេះ។

ហ្វេសប៊ុក​បន្ថែម​ថា​ការ​ធ្វើ​តេស្ត​បកប្រែ​ពាក្យ​ស្រដៀង​គ្នា​ដែល​ចាប់ផ្ដើម​ដោយ​ពាក្យ “ xi” និង “ shi”  នៅ​ក្នុង​ភាសា​ភូមាក៏​បង្កើត“ shithole” ផង​ដែរ។ “យើង​បាន​ដោះស្រាយ​បញ្ហា​បច្ចេកទេស​ដែល​បណ្ដាល​ឱ្យ​ការ​បកប្រែ​មិន​ត្រឹមត្រូវ​ ពី​ភាសា​ភូមា​ទៅ​អង់គ្លេស​នៅ​លើ​ហ្វេសប៊ុក។ ហើយ​នេះ​មិន​គួរ​ឲ្យ​កើត​មាន​ឡើង​ទេ ​​យើង​កំពុង​ចាត់​វិធានការ​ដើម្បី​ធានា​ថា​វា​មិន​កើត​ឡើង​ម្ដង​ទៀត​ទេ”។

សេចក្ដី​ថ្លែងការណ៍​របស់​ហ្វេសប៊ុក​បាន​សរសេរ​ថា “យើង​សូម​ទោស​ដោយ​ស្មោះត្រង់​ចំពោះ​កំហុស​ដែល​បាន​បង្ក​ឡើង” ។ នៅ​ពេលនេះគេនៅ​មិន​ទាន់​ច្បាស់​ថា​ តើ​បញ្ហា​នេះ​អូស​បន្លាយ​ពេល​យូរ​ប៉ុណ្ណាទេ វាអាស្រ័យលើមុខងារ​បកប្រែ​របស់ ​ Google ប្រទេសភូមា។

​គួរ​រំលឹក​ថា​ ហ្វេសប៊ុក​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ជាមួយ​នឹង​ការ​បកប្រែ​ពី​ភាសា​ភូមា​កាល​ពី​មុន​ហើយ​ត្រូវ​បាន​ដក​ចេញ​ជា​បណ្ដោះ​អាសន្ន​នៅ​ឆ្នាំ ២០១៨ ៕

 

ចុចអាន៖តុលាការអន្តរជាតិ​នឹង​ចាត់​វិធានការណ៍​បន្ទាន់​ក្នុង​ករណី​​ប្រល័យពូជសាសន៍​មីយ៉ាន់ម៉ាបណ្ដេញ​ជនជាតិ Rohingya

ចុចអាន៖ប្រធានាធិបតី​តៃវ៉ាន់​បាន​ប្រាប់​ប្រទេស​ចិន​ថា “តៃវ៉ាន់​មាន​ឯករាជ្យ​រួច​ហើយ”

 

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ