ដឹង​ថា មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ មាន​ស្នាដៃ​ធំ​ៗ លេចធ្លោ​ជាងគេ​អ្វីខ្លះ ហើយ​ជា​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ មាន​អ្វី​ត្រូវ​បន្ត​

​ព្រះវិហារ​ ៖ ខេត្ត​ព្រះវិហារ​ជា​ខេត្ត​មួយ នៅ​ដាច់ស្រយាល​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ជាប់​ព្រំដែន​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ពោល​គឺ ​បើ​ទោះ​បី​ខេត្ត​មួយ​នេះ​មានការ​អភិវឌ្ឍ​ក្រោយ​គេ​ក៏​ពិតមែន តែ​មកដល់ពេលនេះ​គេ​បាន​ឃើញ​ខេត្ត​ព្រះវិហារ​មានការ​អភិវឌ្ឍ​លឿន គួរ​ឲ្យ​ចាប់អារម្មណ៍​និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​ទៅមក​កម្សាន្ត​ច្រើន​ដោយសារ​ខេត្ត​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​និង​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​ខ្វាត់ខ្វែង​ស្អាត​មាន​សោភ័ណភាព​ទាំង​ផ្លូវ​ជន​បទ​និង​ផ្លូវ​ក្នុង​ទីក្រុង​។

ជាក់ស្ដែង​គេ​ពិនិត្យ​ឃើញ​ការងារ​សំខាន់ៗ​និង​ស្នាដៃ​ធំៗ​ សម្រេច​បាន​និង​លេចធ្លោ​ជាងគេ​ដែល​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​កន្លងមក រួមមាន​ការដ្ឋាន​ជួសជុល ថែទាំ​ផ្លូវថ្នល់​ទាំង​ផ្លូវជាតិ​លេខ​៦២​និង​ផ្លូវ​ក្រួស​ក្រហម​នានា​ទាំង​ផ្លូវ​ក្នុង​ទីក្រុង​និង​ទីប្រជុំជន​ក៏​ដូច​នៅ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្ត​ជាពិសេស​គឺ​ ការស្ថាបនា​ស្ពាន​២​កន្លែង​នៅ​ផ្លូវជាតិ​លេខ​៩៥​ក្នុងស្រុក​ឆែប​ខេត្ត​ព្រះវិហារ គ្រោង​ស្ថាបនា​ឲ្យ​បាន​រួចរាល់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​២០២០​ខាងមុខនេះ ដើម្បី​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​។​

ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក ​សំ លាង​ទ្រី បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩​នោះ​គឺ​ អនុវត្ត​តាម​ការដឹកនាំ​ចង្អុលបង្ហាញ​ជាប្រចាំ​ពី​លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លោក ​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​។

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ចរាចរណ៍​ទៅមក​នោះ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​ធ្វើ​ការ​ជួសជុល​ថែទាំ​ផ្លូវ​បាន​ប្រវែង​៨០០​គីឡូម៉ែត្រ ​ដែល​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​៤០០​គីឡូម៉ែត្រ ក្នុង​នោះ​មាន​ដូច​ជា​ការថែទាំ និង​ជួសជុល​ផ្លូវជាតិ​លេខ​៦២ ប្រវែង ២២០០​ម៉ែត្រ​ស្មើ​២​គីឡូ ២០០ ម៉ែត្រ​។ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅ​នេះ​ដែរ មន្ទីរ​បាន​ពង្រីក​ផ្លូវ​កោះ​កែរ​និង​ផ្លូវ​ម្លូរ​ព្រៃ​បន្ថែម​ទំហំ​៤​ម៉ែត្រ​កន្លះ​ទៀត​ លើ​ផ្លូវ​ដែល​មាន​ស្រាប់​នៅ​ក្នុង​សង្កាត់​កំពង់​ប្រណាក់ ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ប្រវែង ២២៧០​ម៉ែត្រ ជា​មួយ​នឹង​ការ​ពុះ​ទ្រូងផ្លូវ​ដាក់​សួនច្បារ​នៅ​កណ្ដាល បំពាក់​ទៅ​ដោយ​អំពូល​ភ្លើង ។ ទន្ទឹម​នឹង​នោះ​នៅ​ក្នុង​ទី​រួម​ខេត្ត​នេះ​ដែរ មន្ទីរ​បាន​អ៊ុត​កៅស៊ូ​AC​នៅមុខ​សាលាខេត្ត​មាន​ប្រវែង​ប្រមាណ​ជា ៧ ម៉ឺន​ម៉ែត្រការ៉េ​។

លោក សំ លាង​ទ្រី ក៏បាន​បញ្ជាក់​ទៀត​ថា ផ្លូវ​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ​មាន​អាយុកាល​ប្រមាណ​ជាង​១០​ឆ្នាំ​ហើយ ដែល​ធ្វើ​ឲ្យ​កៅស៊ូ​ងាប់​តែ​នៅ​ពេល​យើង​ធ្វើការ​អ៊ុត​កៅស៊ូ AC នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​កៅស៊ូ​មានជីវិត​ឡើងវិញ​ហើយ​ប្រើប្រាស់​បាន​ពី​៥​ទៅ​៦​ឆ្នាំ​ទៀត​។​ ក្រៅ​ពី​នេះ​មន្ទីរ​ក៏​នឹង​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​កាត់​ទទឹង ការ​ដាក់​លូ អក្សរ​U នៅ​តាម​បណ្ដោយ​ផ្លូវ​ដោយ​មន្ទីរ​សាធារណការ​ខេត្ត​បាន​បើក​ការដ្ឋាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ​២០១៩​ដើម្បី​រំដោះ​ទឹក​ចេញពី​ទី​រួម​ខេត្ត​។

លោក​សំ លាង​ទ្រី​ ក៏បាន​បញ្ជាក់​បន្ត​ថា​ ក្រៅពី​សកម្មភាព​ជួសជុល​ថែទាំ​ផ្លូវ​ទាំង​ប៉ុន្មាន​ខាងលើ នៅ​មាន​ស្ថាបនា​ស្ពាន ២​កន្លែង​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៩៥ មន្ទីរ​សាធារណការ​និង​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​រួចរាល់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន​ស្រួល​។

គួរ​បញ្ជាក់​ថា​ ការស្ថាបនា​ស្ពាន ២​កន្លែង​លើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៩៥ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​អនុវត្ត​ការងារ​បាន​ប្រមាណ​ជាង​៩០​ភាគរយ​ហើយ ដោយ​ស្ពាន​ទី​១ មាន​ប្រវែង​៤៥​ម៉ែត្រ​ទទឹក​១២​ម៉ែត្រ​៥០ ស្ពាន​ទី​២​មាន​ប្រវែង​១៨​ម៉ែត្រ​ទទឹង​១០​ម៉ែត្រ​៩ ស្ថិតនៅ​ក្នុង​ភូមិ ឃុំ ស្រុក​ឆែប​ខេត្ត​ព្រះវិហារ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ឆ្នាំ​២០១៩​នោះ​ដែរ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​ធ្វើ​ការ​សាងសង់​រូប​សំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ​នៅ​រង្វង់​មូល​ស្រអែម នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​ហើយ​ចំពោះ​ការសាងសង់​រូប​សំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ​នេះ គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ ជា​អ្នកទទួលខុសត្រូវ​ក្នុង​ការសាងសង់​ទាំងស្រុង ក្នុង​នោះ​ត្រូវ​សាងសង់​រង្វង់​មូល​ដែល​មាន​អង្កត់ផ្ចិត​៤០​ម៉ែត្រ រូប​សំណាក់​គោ​បូ​រៈ​ទី​៥ នៃ​ប្រាសាទ​ព្រះវិហារ ខ្នាត​១​លើ​២៥ ស្មើនឹង​៧៥​ភាគរយ​នៃ​តួ​ប្រាសាទ​ព្រះវិហារ​ដើម មាន​រូប​នាគ​២ ហើយ​នៅ​លើ​រង្វង់​មូល​នេះ​ក៏​នឹង​មាន​ការ​ដាំ​ស្មៅ ផ្កា​និង​ដើមឈើ លំអ​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ​។

លោក​ សំ លាង​ទ្រី បាន​អះអាង​ថា រូបសំណាក​ប្រាសាទ​ព្រះវិហារ​រង្វង់​មូល​ស្រអែម​សាងសង់​ឡើង ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក ទេសរដ្ឋមន្ត្រី មាស សុភា​, លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ​, លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ និង​លោក អ៊ុន ចាន់​ដា អតីត​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​សប្បុរសជន​នានា​ជាច្រើន​រូប​ទៀត ដោយ​មិនបាន​ប្រើប្រាស់​ថវិកា​របស់​ជាតិ​នោះ​ទេ ។

លោក​បន្ត​ទៀត​ថា ​ក្នុង​ឆ្នាំ​២០១៩​ដែរ​ការិយាល័យ​សាធារណការ ស្រុក​ឆែប ស្រុក​រវៀង ស្រុក​ជាំ​ក្សាន្ត ស្រុក​គូលែន និង​ស្រុក​ជ័យ​សែន នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​ចុះ​កាត់​សម្អាត​រុក្ខ ជាតិ​(​កាត់​ស្មៅ​) និង​កូនឈើ​ដែល​ដុះ​បាំង​ផ្លូវ​កោង បង្គោល​គីឡូ​ម៉ែត្រ ផ្លាក​សញ្ញា ដា​ឡូ លូ និង​ស្ពាន ដែល​ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ ៩, លេខ​៦២, លេខ​៦៤, លេខ​៩៥ ផ្លូវ​ខេត្ត​លេខ ២៦២៦, ២៦២៥ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះវិហារ​ឲ្យ​មាន​សោភ័ណ​ភាព​ផង​និង​អ្នក​ធ្វើ​ដំណើរ​ងាយស្រួល​មើ​ល​ផ្លូវ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លំបាក​និង​ការ​ប្រឈម​សម្រាប់​មន្ទីរ​សាធារណការ​ខេត្ត​វិញ​លោក​សំ លាង​ទ្រី បាន​បញ្ជាក់​ដែរ​ថា ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ មាន​ដូច​ជា​បញ្ហា​ទឹកជំនន់​ភ្នំ​ដែល​ធ្លាប់​មកពី​ភ្នំ​បណ្ដាល​ឲ្យ​ជន់​លិច​ផ្លូវ​និង​ដាច់​ផ្លូវ​ជាច្រើន​កន្លែង​និង​ផ្លូវ​នៅ​តាម​ព្រំដែន​ឡាវ​វិញ​ត្រូវ​ទឹកជំនន់​មកពី​ទន្លេ​ល្ពៅ​ជន់​លិច​និង​ហូរ​កាត់​ផ្លូវ​បណ្ដាល​ឲ្យ​ដាច់​ខូចខាត​ពិបាក​ក្នុង​ការងារ​ជួសជុល​ផង​និង​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​នៅ​រដូវ​វស្សា​ដោយសារ​ផ្លូវ​របស់​យើង​ជា​ផ្លូវ​គ្រួស​ក្រហម​។

លោក​ សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ​បាន​បញ្ជាក់​ថា ​ជា​ទិសដៅ​សម្រាប់​ឆ្នាំ​២០២០​នេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​មាន​គម្រោង​អ៊ុត​កៅស៊ូ​AC​នៅ​ផ្លូវ​កោះ​កែរ​និង​ផ្លូវ​ម្លូរ​ព្រៃ​ក្នុង​ទី​រួម​ខេត្ត​បន្ត​ទៀត ​ដែល​មាន​ប្រវែង​ប្រមាណ​៥​គីឡូម៉ែត្រ ។ ​ក្នុង​នោះ​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​កាត់​ទទឹង ការ​ដាក់​លូ អក្ស​រU នៅ​តាម​បណ្ដោយ​នានា​ក្នុង​ក្រុង​ព្រះវិហារ​ថែមទៀត​។​ ជា​គម្រោង​នៅ​ក្នុង​ឆ្នាំ​២០២០​នោះ​ផង​ដែរ ផ្លូវ​កាត់​ទទឹង​ទាំងអស់​នៅ​ក្នុង​ទី​រូប​ខេត្ត​មន្ទីរ​សាធារណការ​និង​ធ្វើការ​ស្ថាបនា​ដោយ​ចាក់​បេតុង​ឆ្អឹង​ដែក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ដោយ​ភាព​សុខ​សប្បាយ ។

លោក​ប្រធាន​បន្ត​ទៀត​ថា ​ជា​ទិសដៅ​ឆ្នាំ​២០២០​នេះ​ដែរ​ គ្រោង​ជួសជុល​បង្ហើយ​ផ្លូវជាតិ​លេខ​៩៥ ដែល​នៅសល់​ប្រវែង​២០​គីឡូម៉ែត្រ​នេះ​ ដោយសារ​ផ្លូវជាតិ​លេខ​៩៥​នេះ​មាន​ប្រវែង​សរុប ៨០ គីឡូម៉ែត្រ ដោយ​បំបែក​ចេញពី​ផ្លូវជាតិ​លេខ ៩ ត្រង់ គីឡូម៉ែត្រ ៥៤៥+៥០០ ក្នុង​ទីរួមស្រុក​ឆែប ខេត្ត​ព្រះវិហារ និង​បញ្ចប់​ត្រង់​កែង​ផ្លូវជាតិ​លេខ ៦២ ត្រង់ គីឡូម៉ែត្រ ៦៨+២០០ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ដែក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​ សព្វថ្ងៃ​ផ្លូវជាតិ​លេខ ៩៥ នេះ​បាន​ក្រាល​កៅស៊ូ DBST បាន​ប្រវែង ៥៩ គីឡូម៉ែត្រ ហើយ​នៅ​សល់​ប្រវែង​ជាង ២០ គីឡូម៉ែត្រ ទៀត​ដែល​នៅ​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម​នៅឡើយ (​គីឡូម៉ែត្រ ៤+៣០០ ដល់ គីឡូម៉ែត្រ ២១+២០០​និង គីឡូម៉ែត្រ ៣០+២០០ ដល់ គីឡូម៉ែត្រ ៣៣+៧០០)​។​ផ្លូវ​លេខ​៩៥​នេះ ឆ្លងកាត់​ស្រុក​ចំនួន​៣ គឺ ស្រុក​ឆែប ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ដោយមាន​ប្រជាជន​រស់នៅ​សរុប ចំនួន ២២៥១៤ គ្រួសារ ស្មើនឹង ចំនួន ៩៥៥៧០ នាក់​។

លោក ​សំ លាង​ទ្រី បាន​បញ្ជាក់​ទៀត​ថា ​ផ្លូវជាតិ​លេខ​៩៥​នេះ វា​បាន​បម្រើ​ឲ្យ​ប្រជាជន​ដឹកជញ្ជូន​កសិផល​ក្នុង​តំបន់ ដែល​ពួកគាត់​ភាគច្រើន​ជា​អ្នកស្រែ ចម្ការ ដូចជា​ស្រូវ ស្វាយ ដំឡូង​មី ស្វាយចន្ទី ក៏ដូចជា ដំណាំ​ហូប​ផ្លែ​មួយ​ចំនួន រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​។ ប្រសិនបើ​យើង​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ស្ទឹងត្រែង កាត់​តាម​ផ្លូវជាតិ​លេខ ៩៥ នេះ គឺ​វា​ជិត​ជាង​កាត់​តាម​ផ្លូវជាតិ​លេខ ៦២ (​កាត់​តាម​ទី​រួម​ខេត្ត​ព្រះវិហារ​) ប្រមាណ​ជា ៣៥ គីឡូម៉ែត្រ​។​មន្ទីរ​ក៏​គ្រោង​ជួសជុល​ស្ពាន​ពុទ្រា​ដែល​មាន​ប្រវែង​១២០​ម៉ែត្រ​ឆ្លងកាត់​ស្ទឹងសែន​នៅ​ភូមិ​ពុទ្រា ឃុំ​ពុ​ទ្រ ស្រុក​ជ័យ​សែន​មាន​សភាព​ទ្រុឌទ្រោម​ត្រូវការ​ជួសជុល​បន្ទាន់​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​សាធារណៈ​ធ្វើដំណើរ​ឆ្លងកាត់​៕

   

 

អត្ថបទ៖ ស្រីរ័ត្ន​