អ្នកវិនិយោគ​ដែលមាន​សក្ដានុពល​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ បាន​ចាប់អារម្មណ៍​ទៅលើ​ទីផ្សារ​មូល​ប​ត្រ​

ភ្នំពេញ ​៖​ អ្នកវិនិយោគ​ដែលមាន​សក្ដានុពល​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​ហើយ​បាន​ចាប់អារម្មណ៍​ទៅលើ​ទីផ្សារ​មូល​ប​ត្រ ​ឬ​ផ្សារ​ហ៊ុន ​បន្ទាប់ពី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ គ្រោង​នឹង​បើក​ការ​ជួញ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
​ ​
ថ្លែង​នៅ​ក្រោយ​សិក្ខាសាលា ​ស្ដីពី​ការ​គ្រោង​បោះផ្សាយ​មូល​ប​ត្រ​របស់​ធនាគារ​អេស៊ីលីដា​ កាលពី​ព្រឹក​ថ្ងៃទី​១៥ ​ខែមករា ​ឆ្នាំ​២០២០ ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​អេស៊ីលីដា​ លោក​បណ្ឌិត អ៊ិន​ ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ​បាន​មានប្រសាសន៍ថា ​សិក្ខាសាលា​ស្ដីពី ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ដល់​អតិថិជន​ និង​ដៃគូ​វិនិយោគ​នាពេលនេះ ​គឺ​ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង​កាន់តែច្បាស់​ទាក់ទិន​នឹង​ការ​ជួញដូរ​ភាគហ៊ុន​មុននឹង​ធ្វើការ​សម្រេចចិត្ត​បើក​គណនី​ជួញដូរ​។

លោក​បណ្ឌិត​បាន​បន្តថា​ «​តាមពិត​អេស៊ីលីដា មានបំណង​ចង់ឲ្យ​មាន​ការ​ជួញដូ​រ​ជា​លក្ខណៈ​ឯកត្តជន​ច្រើនជាង​ជា​លក្ខណៈ​ក្រុមហ៊ុន ​ឬ​ស្ថាប័ន​ដើម្បី​ឲ្យ​សាធារណជន​ទទួល​បាន​អត្ថប្រយោជន៍​ទាំងអស់គ្នា​»។​

លោក​បណ្ឌិត​បាន​បន្ថែម​ទៀតថា​ បន្ទាប់ពី​ធនាគារ​អេស៊ីលីដា​បានប្រកាស​គ្រោង​បើក​ការជួញដូរ​ភា​គ​ហ៊ុន​នោះ​ឃើញថា ​មាន​អតិថិជន​ដែលមាន​សក្ដានុពល ជាច្រើន​បាន​ចាប់អារម្មណ៍​ចូលរួម​ និង​បើក​គណនី ជួញដូរ ​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​វិនិយោគ​ជាមួយ​អេស៊ីលីដា​នៅពេលដែល​ធនាគារ​ប្រកាស​ជួញដូរ​នៅពេល​ឆាប់ៗ​ខាងមុខនេះ។
​ ​
លោក​បណ្ឌិត​បាន​បន្តទៀត​ថា​ កន្លងមក​អត្ថប្រយោជន៍​ដែល​អេស៊ីលីដា​ទទួលបាន គឺ​បាន​ទៅលើ​តែ​ភាគ​ទុ​និក​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែលមាន​ភាគហ៊ុន​នៅក្នុង​ធនាគារ​អេស៊ីលីដា ដូច្នេះ​ធនាគារ​ចង់​ឲ្យ​អត្ថប្រយោជន៍​របស់ខ្លួន​បាន​ទៅលើ​អតិថិជន​កាន់តែច្រើន​បន្ថែមទៀត ទើប​ធនាគារ​បោះផ្សាយ​លក់​មូ​លប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ។

លោក​បន្តថា អត្ថប្រយោជន៍​ដែល​អតិថិជន​ក៏ដូចជា​វិនិយោគិន​ទទួលបាន​ពី​ការវិនិយោគ​ជាមួយ​ធនាគារ​អេស៊ីលីដា តាមរយៈ​ការទិញ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា រួម​មាន ​អតិថិជន​ នឹង​ទទួលបាន​ភាគលាភ​ពី ​អេស៊ីលីដា ហើយ​អាច​ជួញដូរ​ភាគហ៊ុន​ជាមួយ​អេស៊ីលីដា ហើយ​អ្នកវិនិយោគ​ជាមួយ​អេស៊ីលីដា នឹង​ក្លាយជា​ម្ចាស់​ស្ថាប័ន​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា និង​អាច​បង្គាប់បញ្ជា​ទៅកាន់​ស្ថាប័ន​នោះ​ទៅតាម​ការចង់បាន​រប​ស់​គាត់​ផងដែរ។​

លោក​បណ្ឌិត​បានបញ្ជាក់​ថា​ ការចូល​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នេះ​ គឺ​ដើម្បីឲ្យ​វិនិយោគិន អតិថិជន ​និង​សាធារណជន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​ដើម្បី​ក្លាយជា​ភាគហ៊ុនិក​របស់​ធនាគារ ប្រមូល​ដើម​ទុន​គាំទ្រ​ការ​រីកចម្រើន​លូតលាស់​របស់​ធនាគារ​អេស៊ីលីដា​ទាំង​ក្នុងស្រុក ​និង​តំបន់​ប្រកបដោយ​ចីរភាព​ និង​កាន់តែ​រឹងមាំ បង្កើត​ប្រាក់ចំណូល​ជូន​វិនិយោគិន​ និង​សាធារណជន​ចូលរួម​វិនិយោគ​ជា​មួយ​ធនាគារ​រយៈ​ការបែងចែក​ភាគ​លាប​ និង​ចូលរួម​លើកស្ទួយ​ប្រាក់រៀល​ ព្រម​ទាំង​ចូលរួមចំណែក​ក្នុង​ការ​លើកស្ទួយ​វិស័យ​មូល​ប​ត្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

លោក​បណ្ឌិត ​អ៊ិន ​ចាន់នី​ បាន​លើកឡើងថា​ «​ដូច្នេះ​ប្រសិនបើ​វិនិយោគិន អតិថិជន​ ក៏ដូចជា​សាធារ​ណ​ជន​ដែលមាន​បំណង​ទិញ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ដែល​គ្រោង​នឹង​បោះផ្សាយ​លក់​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅពេល​ឆាប់​ខាងមុខនេះ​ សូម​អញ្ជើញ​មក​បើក​គណនី​ជួញដូរ​ និង​អត្តសញ្ញាណ​វិនិយោគិន​ដែលមាន​បម្រើ​នៅ​អេស៊ីលីដា​ស៊ី​ឃ្យូ​រី​ធី​ភីអិលស៊ី​ ដែលមាន​អាស័យដ្ឋាន​នៅ​អគារ​លេខ ៦១ មហាវិថី​ព្រះមុនីវង្ស​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​»​។

លោក ​ហុង សុ​ហួរ អគ្គនាយក​ នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ធ្លាប់បាន​លើកឡើងថា ​ការចូល​ផ្សារ​ហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​នេះ​ នឹង​ធ្វើ​ឲ្យ​ធនាគារ​មួយ​នេះ​កាន់តែ​ទទួលបាន​ការទុកចិត្ត​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នឹង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ស្ថាប័ន​មួយ​នេះ​កាន់តែ​មានការ​គាំទ្រ និង​មានការ​ជឿជាក់​កាន់តែខ្លាំង​ឡើង​ ពិសេស​នឹងមាន​វិនិយោគិន​ជាច្រើន​ចាប់អារម្មណ៍​ជា​មួយ​ភាគហ៊ុន​អេស៊ីលីដា​នេះ​ផងដែរ​។​

លោក​សង្ឃឹមថា ​បន្ទាប់ពី​ការចុះបញ្ជី​របស់​ធនាគា​រ អេស៊ីលីដា ​នឹងមាន​ចំនួន​វិនិយោគិន​សកម្ម និង​ទំហំ​ជួញដូរ​នៅលើ​ទីផ្សារ​ នឹងមាន​ការកើនឡើង​ជា​ប​ន្ត​បន្ទាប់​ផងដែរ ដែល​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​ការចុះបញ្ជី និង​ការ​វិនិយោគ​មកលើ​ទីផ្សារ​បន្ថែម​ទៀត​។​

គួរ​បញ្ជាក់ថា អេស៊ីលីដា បានចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​២៧​ឆ្នាំ​មកហើយ ដោយ​ផ្ដើម​ពី​ទុន​ជាង​៦០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ដែល​មកដល់​បច្ចុប្បន្ននេះ​មានទ្រព្យ​សកម្ម​ជាង​៦​ពាន់​លាន​ដុល្លារ សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៨៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៤,៣៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង​ពីរ​លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៩​កន្លងទៅនេះ៕


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114