ព័ត៍មានទាន់​ហេតុការណ៏
Search

ACU រក​មិន​ឃើញ​តម្រុយ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​តុលាការ​ខេត្តសៀមរាប​ពាក់ព័ន្ធ​ទទួល​សំណូក​៥​ម៉ឺន​ដុល្លារ​ទេ

សៀមរាប ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU​បានចេញ​លិខិត​មួយ​ដោយមាន​សេចក្តី​ថា ACU រក​មិនឃើញ​តម្រុយ​នៃ​ការប្រព្រឹត្តិ​អំពើពុករលួយ​របស់​តុលាការ​ខេត្ត​សៀមរាប ពាក់ព័ន្ធ​ទទួល​សំណូក​ចំនួន​៥​ម៉ឺន​ដុល្លារ ដូច​ពាក្យបណ្តឹង​របស់​លោក ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ នោះទេ។

នៅ​ក្នុង​លិខិត​មួយ​របស់ ACU កាលពី​ថ្ងៃទី​២០​ ខែវិច្ឆិកា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជាក់​ថា ACU បាន​ទទួល​និង​ពិនិត្យ​រួចហើយ​ លើ​ពាក្យ​ប្តឹង​ដែល​បាន​ចោទប្រកាន់​លោក គង់ មង្គល ប្រធាន​សហគមន៍​កសិកម្ម​ប្រើប្រាស់​ទឹក​ទំនប់​៧៨​ជ្រាវ​ និង ជា​ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង ករណី​បទ​ប៉ុនប៉ង​មនុស្សឃាត​គិតទុក​ជាមុន និង​ករណី​ដែល​លោក គង់ មង្គល សមគំនិត​គ្នា​ជាមួយ​លោក ក្ដោប រ៉​ន ចៅសង្កាត់​ជ្រាវ​និង​លោក គង់ ប៊ី​ប ចៅសង្កាត់រង​ទី​១ សង្កាត់​ជ្រាវ យក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​លោក អ៊ូ ផន ក្រឡាបញ្ជី​ដើម្បី​យក​ប្រគល់ជូន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​តម្កល់​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១១៦ ចុះ​ថ្ងៃ​៧ ខែ កុម្ភៈ ឆ្នាំ២០១៩ របស់​សាលាដំបូង​ខេត្តសៀមរាប ទុក​ឥត​ចាត់ការ​។

ករណី​ដែល​លោក​អះអាងថា លោក គង់ មង្គល រួមជាមួយ​នឹង​សមាជិក​សហគមន៍​រប​ស់​ខ្លួន​ជាច្រើន​នាក់​បាន​ប៉ុនប៉ង​វាយ​សម្លាប់​រូបលោក ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ ដោយមាន​គម្រោង​គិតទុក​ជាមុន លោក​បាន​ប្តឹងទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយមាន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១១៦ ចុះ​ថ្ងៃទី​៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ហើយ អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានធ្វើការ​ស៊ើបអង្កេត និង​បានសម្រេច​ចេញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ លេខ ៨៤៥ ចុះ​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៩​ អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។

ក្រោយ​មក​ទៀត ចៅក្រម​ស៊ើបសួរ​បានចេញ​ដីកា​បញ្ជូន​រឿង​ឲ្យ​ពិនិត្យ​លេខ ៦២១៤/១៩​ចុះ​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩​ របស់​ចៅក្រម​ស៊ើបសួរ រួចហើយ​។ តាមរយៈ​ចំណាត់​ការ​លើ​សំណុំ​រឿងនេះ បាន​បង្ហាញ​ថា អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប និង​ចៅក្រម​ស៊ើបសួរ​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​តាម​នីតិវិធី។

ហេតុនេះ​ ការ​ចោទប្រកាន់​ថា លោក គង់ មង្គល បាន​សមគំនិត​គ្នា​ជាមួយ​លោក ក្ដោប រ៉​ន និង​លោក គង់ ប៊ី​ប ដើម្បី​យកប្រាក់​ចំនួន ៥​ម៉ឺន​ដុល្លារ ឲ្យ​លោក​ក្រឡាបញ្ជី អ៊ូ ផន ដើម្បី​យក​បន្ត​ទៅ​ឲ្យ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​លោក​ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១១៦ ចុះ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នោះ គឺ​មិន​ពិត​ដូច​ការចោទប្រកាន់​ទេ។

ចំណែក​លោក ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​ករណី​នេះ​លោក​បានដឹង​ព័ត៌មាន​មក​ថា ករណី​សំណុំរឿង​ហិង្សា​មក​លើ​រូបលោក​នោះ​ គឺ​ត្រូវ​បាន​គេ​យកលុយ​ទៅ​ឲ្យ​ខាង​តុលាការ​ដើម្បី​តម្កល់​សំណុំរឿង​មិន​ចាត់​។​ ហើយ​លោក​បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ និង​ ជួយ​រក​ភាពយុត្តិធម៌​ឲ្យ​រូបលោក​ផង​។

ដោយឡែក​លោក គង់ មង្គល ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​បឹង​ពារាំង បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃ​ទី​២២​នេះ​ថា ជុំវិញ​ករណី​នេះ​លោក​កំពុង​រក​មេធាវី​និង​អ្នកច្បាប់ ពិភាក្សា​គ្នា​ដើម្បី​ដាក់ពាក្យ​បណ្តឹង​លោក ស៊ីម ឈី​វ​ឈាន​ពិសិដ្ឋ វិញ ករណី​ចោទ​ប្រកាន់​ថា លោក​និង​អាជ្ញាធរ​សង្កាត់​ជ្រាវ យក​លុយ​ទៅ​សូកប៉ាន់​តុលាការ​ដើម្បី​បិទ​សំណុំរឿង​។

លោក​បន្តថា តាម​ការពិត​លោក​និង​អាជ្ញាធរ​មិនបាន​ធ្វើ​ដូច​ការលើកឡើង​របស់​លោក​ពិសិដ្ឋ​នោះទេ។ ​ចឹ​ង​ហើយ​លោក​ត្រូវតែ​ប្តឹង​ដើម្បី​ការពារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់លោក​និង​អាជ្ញាធរ​មកវិញ​។ លោក​បន្ថែម​ថា លោក​ក៏​នឹង​ប្តឹង​លោក​ពិសិដ្ឋ ករណី​ចូល​កន្លែង​សហគមន៍​ទាំង​យប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម នា​ព្រឹក​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា​នេះ​ថា ខ្ញុំ​ហួសចិត្ត ខ្ញុំ​បាន​អនុវត្តន៍​តាម​នីតិ​វិធី​ច្បាប់ តែ​គាត់​ចង់បាន​អ្វី​តាម​ចិត្ត​គាត់ ហើយ​គាត់​ប្តឹង​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ចាត់ការ​រឿង​គាត់​ហើយ​។

ទោះជា​យ៉ាង​នេះ​ក្តី​តុលាការ​ខេត្តសៀមរាប នៅតែ​បន្ត​នីតិ​វិធី​តាមផ្លូវ​ច្បាប់​ជា​បន្ត ដោយ​មិន​ដូច​ពាក្យ​ចោទប្រកាន់​ថា តម្កល់​រឿង​ទុក​ឥត​ចាត់ការ​នោះ​ទេ​៕
កុសល

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114