ចោរ​ពាក់​យ័ន្ត​ និង​ខ្សែក​បញ្ញើ​ក្អែក​បន្តោង​រូប​ព្រះ​ គាស់​ផ្ទះ​មន្ត្រី​ACU ​ប៉ង​លួច​ទ្រព្យសម្បត្តិ ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ចាប់​ខ្លួន
BREAKING NEWS
Search

ចោរ​ពាក់​យ័ន្ត​ និង​ខ្សែក​បញ្ញើ​ក្អែក​បន្តោង​រូប​ព្រះ​ គាស់​ផ្ទះ​មន្ត្រី​ACU ​ប៉ង​លួច​ទ្រព្យសម្បត្តិ ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់​ចាប់​ខ្លួន

ភ្នំពេញ ​៖​ បុរស​ម្នាក់​ ត្រូវ​បាន​គេ​ចាប់ខ្លួន​យក​មក​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​តាមច្បាប់​ ដោយ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២០​នៅផ្ទះ​លេខ​១០-១១-១២B ផ្លូវ​បេតុង​ភូមិ​ឧកញ៉ា​វាំង​ សង្កាត់​ ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ។

ជនសង្ស័យ​ជា​ចោរ​ខាងលើ​ឈ្មោះ ​វន​ភ័​ក្ត្រា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ​ជនជាតិ​ខ្មែរ​គ្មាន​មុខរបរ​ពិតប្រាកដ ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ​ហួរ​ម៉េង​វ៉ាង ​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ឲ្យ​ដឹង​ថា ​៖ ​ជនសង្ស័យ​ខាងលើ ​ត្រូវ​បាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ដោយ​ឈ្មោះ ​ជឹម​ទួន​ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ​មាន​ទីលំនៅ​នៅផ្ទះ​លេខ​២៧៣ ​ផ្លូវលំ​ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បើ​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ បាន​ឲ្យដឹង​ថា ​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០២០​ ជនសង្ស័យ ​បាន​មក​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ជនរងគ្រោះ​នៅ​ចំណុច​កើត​​ហេតុ​ខាងលើ ពេលនោះ​ជនរងគ្រោះ​បាន​ដឹង​តាមរយៈ​ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ ក៏បាន​ឲ្យ​កូន​ចៅ​មក​ចាប់ខ្លួន​ទុក ​រហូតដល់​ម៉ោង​៦​ព្រឹក​ ទើប​នាំ​ខ្លួន​យក​មក​ប្រគល់ឲ្យ​ប៉ូលិស​មូលដ្ឋាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ តាម​បណ្ដឹង​ចោទប្រកាន់​របស់​ជន​រ​ង​គ្រោះជា​ម្ចាស់ផ្ទះ​ខាងលើ​ ដែល​សម្ភារៈ​ជា​​ភស្តុតាង​នៅ​ជាប់​ខ្លួន​ជនសង្ស័យ​មាន​ កូនសោ​​មាត់​ចំនួន​០៣, ​ដែក​កាប់​០១​,និង​ទួរណឺវិស​០១​​ រីឯ​​ជនរងគ្រោះ​ពុំមាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ទេ​ដោយសារ​មក​ទាន់​ពេល ​ចោរ​កំពុង​ធ្វើ​សកម្មភាព​លួច។

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ល្បាយ​ទឹកនោម​គឺ​មាន​ការ​​ប្រើប្រាស់​ថ្នាំញៀន​ខុសច្បាប់ ​ហើយ​ជនសង្ស័យ​ជា​ជន​មាន​ជំនឿ​ស៊ុប​ទៅលើ​មន្តអាគម​គាថា​ ដែល​នៅ​លើ​ដងខ្លួន​មាន ​សាក់​យ័ន្ត​ និង​មាន​ខ្សែ​កសាង​ពី​បញ្ញើក្អែក​ច្រើន​មុខ​ និង​មាន​បន្តោង​រូប​ព្រះ​សាង​ពី​ចង្កូម​ឬ​ចែ​ជ្រូកព្រៃ ​ប៉ុន្តែ​បារមី​មិនបាន​ជួយ​គាត់ ​ដែល​សាង​អំពើ​អាក្រក់​៕


អត្ថបទ៖ ប៊ុន​សឿន​