ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករណ៍ថា កម្ពុជានឹងខាតបង់សេដ្ឋកិច្ចប្រមាណ៣៩០ លានដុល្លារ ដោយ​សារតែ​ការ​ផ្ទុះឡើង​នៃ​កូវីដ១៩​

ភ្នំពេញ៖ធនាគារអភិវឌ្ឍអាស៊ី(​ADB )បានព្យាករណ៍នៅពេលថ្មីៗនេះថា​ ដោយ​សារតែ​ការ​ផ្ទុះឡើង​នៃជំងឹ​កូវីដ១៩​ នៅឆ្នាំនេះ​នឹង​បណ្តាលឲ្យ​សេដ្ឋកិច្ច​កម្ពុជាខាត​បង់​គិត​ជាទឹក​ប្រាក់​ជាង ​៣៩០ ​លាន​ដុល្លារអាមេរិក ។​ ការខាត​បង់​សេដ្ឋកិច្ច​នៅឆ្នាំ​នេះ​មិនមែន​កើត​មានតែកម្ពុជាទេគឺបណ្តាប្រទេស​ស្ទើទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​ជួប​នឹង​វិបត្តិ​ដូច   គ្នានេះដែរ​បង្កឡើងដោយ​សារតែ​ជំងឺ​កូវីដ​១៩។ ទំហំខាតបង់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដោយសារតែ​ជំងឺកូវីដ១៩​នេះ​នៅតូចជាងបណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ានខណៈដែលប្រជាជនកម្ពុជា​ក៏មានចំនួនតិចជាងប្រទេស​មួយចំនួននោះ។

បើតាម​ធនាគារអភិវឌ្ឍអាស៊ី​ ប្រទេសថៃ​ដែល​មាន​ប្រជាជន​ជិត ​៧០​ លាននាក់​បាននាំមុខគេ​ក្នុង​ការ​ខាត​បង់​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​​រហូត​ដល់ជាង៥,៦០១​លាន​ដុល្លារអាមេរិក ដែល​តាមពីក្រោយ​ដោយ​ប្រទេស​ឥណ្ឌូនេស៊ីដែល​មាន​ប្រជាជន​ជាង២៧៣លាននាក់​នឹង​ខាត​បង់​​សេដ្ឋកិច្ច​ទំហំ២,២៦៣​លាន​ដុល្លារ​អាមេរិក។ចំណែក​ប្រទេស​សិង្ហបុរី​មាន​ប្រជាជន​ជិត​៦លាននាក់​និង​វៀតណាមមាន​ប្រជាជន​ជាង​៩៧​លាននាក់​នឹង​ត្រូវ​ខាត​បង់​ទំហំសេដ្ឋកិច្ច​ជាង​១ពាន់​លាន​ដុល្លារ​អាមេរិកដូចគ្នា ,ខណៈ​ម៉ាឡេស៊ី​មាន​ប្រជាជន​ជាង ​៣២ ​លាននាក់នឹង​ខាត​បង់​ប្រមាណ​៨៣០​លាន​ដុល្លារ​អាមេរិក។​ រីឯប្រទេស​ឡាវ​ដែល​មាន​ប្រជាជនជាង ​៧ លាន​នាក់​នឹង​ខាត​បង់​សេដ្ឋកិច្ច​តែ​ជិត៤០​ លាន​ដុល្លារអាមេរិក,ខណៈ​ប្រទេស​ប៊្រុយណេ​ដែល​មាន​ប្រជាជនតែជាង៤សែននាក់​នឹង​ខាត​បង់​ប្រមាណ​២៨​លាន​ដុល្លារ​ដោយ​សារតែ​ជំងឺ​កូវីដ​១៩ ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថាផលប៉ះពាល់ជាសកលនៃវីរុសនេះមានចន្លោះពី ៧៧ ពាន់លានដុល្លារអាមេរិកទៅ ៣៤៧ ពាន់លានដុល្លារអាមេរិកដោយចិនមាន ចំនួន២ភាគ៣នៃចំនួនសរុប ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថាស្ថានភាព Covid-19 ដែលកំពុងបន្តធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិន និង សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ នៅអាស៊ីតាមរយៈបណ្តាញជាច្រើនរួមមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្រូវការក្នុងស្រុកការថយចុះ ទេសចរណ៍ និង ការធ្វើដំណើរអាជីវកម្មការកាត់បន្ថយពាណិជ្ជកម្ម និងផលិតកម្មការបង្អាក់ការផ្គត់ផ្គង់និងផលប៉ះពាល់ដល់សុខភាព។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឱ្យដឹងថាកម្ពុជាបានត្រៀមថវិកាចន្លោះ ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកដើម្បីជួយ សង្គ្រោះសេដ្ឋកិច្ចកម្ពុជាឱ្យមានស្ថេរភាពនិងលំនឹងបើជំងឺកូវីដ ១៩ អូសន្លាយរហូតដល់១ឆ្នាំ ។

សម្តេចតជោបានថ្លែងថា «យើងត្រៀមថវិកាប្រមាណ ៨០០ លានដុល្លារក្នុងរយៈពេល ៦ ខែដើម្បីសង្គ្រោះសេដ្ឋកិច្ចហើយបើវាអូសបន្លាយដល់១ឆ្នាំយើងក៏ប៉ានស្មាន ថាវាធ្លាក់កំណើនប៉ុណ្ណាផលប៉ះពាល់វាធំប៉ុណ្ណាហើយបាត់បង់ចំណូលប៉ុណ្ណាបើវាដល់មួយឆ្នាំសេដ្ឋកិច្ចរបស់យើងធ្លាក់ប៉ុណ្ណាត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណាអញ្ចឹងវាស្ថិត នៅក្នុងចន្លោះ ពី ៨០០ ទៅ ២០០០ លានដុល្លារអាមេរិកដើម្បីបំរ៉ុង»។

យោងតាម​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កាលពីថ្ងៃទី ២៣ មីនា ២០២០ ជំងឺកូវីដ១៩នេះនឹង​បំផ្លាញសេដ្ឋកិច្ចសកលលោកនៅឆ្នាំ ២០២០ធ្ងន់ធ្ងរជាងវិបត្តិហិរញ្ញវត្ថុ សកលកាលពីឆ្នាំ២០០៨-២០០៩ទៅទៀត ។ ប៉ុន្ដែ IMF រំពឹងថាសេដ្ឋកិច្ចពិភពលោកអាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ ២០២១ លុះត្រាតែប្រទេស​នានាត្រូវផ្ដល់អាទិ ភាព​ដល់ការ​គ្រប់គ្រងនិង​ពង្រឹងប្រព័ន្ធ​សុខាភិបាល៕