អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ហ្វឹកហាត់​មួយ​សប្ដាហ៍​ជុំ​គ្នា​៣​ថ្ងៃ​ក្នុង​អំឡុង​លី​គ​ផ្អាក ដោយសារ COVID19

ក្លឹប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​ដាក់​ផែនការ​ហ្វឹកហាត់​ថ្មី​មួយ​ត្រូវ​បាន​រៀបចំឡើង​អំឡុង​ការ​ផ្អាក​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដោយសារ​ជំងឺ​កូ​វីដ​១៩ (COVID-19) ដោយ​ជួបជុំគ្នា​ត្រឹម ៣​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ លោក សុក វាសនា គ្រូ​បង្វឹក​របស់​ក្លឹប​ផ្ទាល់ តាមរយៈ​គេហទំព័រ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC)​។

​សម្រាប់ ៣​លើក​នោះ គឺ​ហាត់​ជុំ​គ្នា​ពីរ​ដង​នៅ​កីឡដ្ឋាន AEU Sports Park និង​មួយលើកទៀត​ត្រូវ​រត់​សាក​កម្លាំង​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រៅពី​ជុំគ្នា​ដោយ​ផ្ទាល់ លោក សុក វាសនា ក៏បាន​រៀបចំ​កម្មវិធី​ស្វ័យ​ហ្វឹកហាត់​ផ្តាល់​ខ្លួន​សម្រាប់​កូន​ក្រុម​ទាំងអស់​ដែរ​។

​លោក សុក វាសនា បាន​និយាយ​នៅ​លើ cncc-football.com ថា​៖ “​យើង​នឹង​ព្យាយាម​រៀបចំ​ការ​ហ្វឹកហាត់​ខ្លះ​ឲ្យ​ពួកគាត់​ជុំ​គ្នា អាច​មួយ​សប្ដាហ៍​ពីរ​ពេល​នៅ AEU Sports Park និង​មួយ​ពេល​ហាត់​ផ្ទាល់ខ្លួន ហើយ​មួយ​ពេល​ទៀត​នៅ​ស្តា​ត​អូឡាំពិក​។ យើង​កាត់បន្ថយ​ការ​ជុំ​គ្នា និង​បន្ថយ​ការ​ទៅ Gym ​។ សម្រាប់​ការហាត់​ជុំគ្នា​ថ្មី​នេះ គឺ​យើង​ឲ្យ​ពួកគាត់​នៅ​ឆ្ងាយ​ពី​គ្នា យើង​មិន​ឲ្យ​កៀក​គ្នា​ទេ​។ យើង​ក៏​ពន្យល់​ពួកគាត់​ឲ្យ​យល់ដឹង និង​ចេះ​រក្សា​ការពារ​ខ្លួន​ពី​ជំងឺ COVID 19 នេះដែរ​។​”

​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​ផ្អាក​ជុំ​កីឡាករ​តាំងពី​ប្រកួត​ចុងក្រោយ Metfone Cambodian League សប្ដាហ៍​ទី​៥ ម្ល៉េះ ដោយ​ឲ្យ​កីឡាករ​ហាត់​ខ្លួនឯង​នៅផ្ទះ​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ ទី​២៤ ខែ​មីនា លោក សុក វាសនា បាន​កោះហៅ​កូន​ក្រុម​រត់​តេស្ដ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដើម្បី​ពិនិត្យ​ថា​តើ​ពួកគេ​រក្សា​កម្លាំង​បាន​កម្រិត​ណា​។

​សូម​បញ្ជាក់ថា មិន​ត្រឹមតែ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ទេ​ដែល​ធ្វើការ​ហ្វឹកហាត់​តាម​ផ្ទះ​រៀងខ្លួន ក្លិប​ទាំងអស់​នៅ​លី​គ​កំពូល​កម្ពុជា ក៏​អនុវត្ត​ការ​ហ្វឹកហាត់​តាម​ផ្ទះ បូករួម​ជាមួយ​វិធីសាស្ត្រ​តាម​គ្រូ​នីមួយៗ​រៀងៗ​ខ្លួន​។​
​គួរ​ដឹង​ដែរ​ថា គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ប្រកាស​ផ្អាក​ប្រកួត​ក្របខណ្ឌ​កំពូល​កម្ពុជា រដូវ​កាល​២០២០ ត្រឹម​សប្ដាហ៍​ទី​៦ ជា​បណ្ដោះអាសន្ន​ដោយសារ​បញ្ហា​ជំងឺ COVID 19 ហើយ​ក្លឹប​នីមួយៗ​បាន​រៀប​ចំ​វិធានការ​ហ្វឹកហាត់​ផ្សេងៗ​គ្នា ដើម្បី​រក្សា​កម្លាំង​កីឡាករ ធានា​ពេល​ត្រលប់មក​ស្ថានភាព​ប្រក្រតី កីឡាករ​អាច​រក្សា​កម្លាំង​នៅ​ដដែល​។

​គួរ​បញ្ជាក់​ថា ជំងឺ​កូ​វីដ​១៩ (COVID-19) ដែល​បាន​ផ្ទុះឡើង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន បាន​នាំ​ឲ្យ​ការប្រកួត​បាល់ទាត់​ស្ទើរ​ជុំវិញ​ពិភពលោក ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​បានសម្រេច​ផ្អាក ក៏ដូចជា​ពន្យារ​ពេល​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​វីរុស​នេះ ខណៈ​កីឡាករ​ស្ទើរ​ជុំវិញ​ពិភពលោក​ដូចគ្នា ធ្វើការ​ហ្វឹកហាត់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន​ផង​ដែរ​៕