AFC Cup 2020 ដែល​ព្រះខ័ន​រាជ​ស្វាយរៀង​ កំពុង​ចូលរួម​ប្រកួត ​ត្រូវ​AFC ប្រកាស​ផ្អាក​បណ្ដោះអាសន្ន ​ដោយសារ​COVID-19

ការប្រកួត​ពាន​ក្លិប​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី កម្រិត​ទី​២ (AFC Cup 2020) ឆ្នាំ​២០២០ ដែល ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ចូលរួម​ប្រកួត​ត្រូវ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ប្រកាស​ផ្អាក​បណ្ដោះអាសន្ន​គ្រប់ការ​ប្រកួត​ទាំង​អស់ហើយ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 នេះ​បើ​យោងតាម​ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​។​

ការចេញផ្សាយ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ដដែល​បាន​បញ្ជាក់ថា បន្ទាប់ពី​ការដាក់ចេញ​នូវ​វិធានការណ៍​បង្ការ និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​របស់​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​មួយចំនួន​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ( COVID-19 ) សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) បានសម្រេច​នៅថ្ងៃនេះ ដើម្បី​ពន្យារពេល​រាល់​ការប្រកួត AFC Cup 2020 រហូតដល់​មានការ​ជូនដំណឹង​បន្ថែម​។ ទន្ទឹមនឹងនេះ AFC ក៏​នឹង​បន្ត​តាមដាន​ស្ថានការណ៍​នេះ​ ឲ្យ​បាន​ដិតដល់ មុន​ពេល​សម្រេច​ចិត្តថា​ នឹងត្រូវ​ផ្តល់​យោបល់​ជាថ្មី នៃ​ពានរង្វាន់​ ( AFC Cup 2020 ) រដូវ​កាល​២០២០។

សម្រាប់​ក្លិប​បាល់ទាត់ ​ដែល​តំណាង​ឲ្យ​កម្ពុជា ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​ផង​ដែរ​នោះ ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​នៅសល់​ការប្រកួត​ចំនួន ៣​ប្រកួត​ដែល​នៅ​សេសសល់​សម្រាប់​ពូ​ល G រួមមាន​ដូចជា​៖ ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ប្រកួត​ជាមួយ Than Quang Ninh នៅ​វៀតណាម (​ផ្អាក​)​។ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ប្រកួត​ជាមួយ Ceres-Negros នៅ​កម្ពុជា (​ផ្អាក​)​។ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ប្រកួត​ជាមួយ Bali United នៅ​ឥណ្ឌូនេស៊ី (​ផ្អាក​)​។​

គួរ​ដឹង​ដែរ​ថា កាលពីពេល​ថ្មីៗ​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) ក៏បាន​ប្រកាស​ពី​ការផ្អាក​ការប្រកួត ជុំ​ទី​២ វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក (2022 FIFA World Cup) ឆ្នាំ​២០២២ ផងដែរ ស្ថិតក្នុង​ហេតុផល​ដូចគ្នានេះ ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​នៅសល់​ការប្រកួត​ចំនួន ៣​ប្រកួត​ដូចគ្នា​ក្នុង​ពូ​ល C រួមមាន នៅ​ថ្ងៃទី​២៦ ខែមីនា ការប្រកួត​ជាមួយ ជម្រើស​ជាតិ​បា​រ៉ែ​ន នៅ​ប្រទេស​បា​រ៉ែ​ន​, ការប្រកួត​ជាមួយ ជម្រើសជាតិ​អ៊ីរ៉ង់ នៅ​កម្ពុជា ថ្ងៃទី​៣១ ខែមីនា និង​ប្រកួត​ចុងក្រោយ​លើទឹក​ដី​អ៊ីរ៉ាក់ នា​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​។​

សូម​បញ្ជាក់​ថា វីរុស COVID-19 ដែលមាន​ឈ្មោះ​ដើម​ថា វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ខណៈ​ការប្រកួត​បាល់ទាត់​មួយ​ចំនួនធំ​នៅ​ជុំវិញ​ពិភពលោក​បានសម្រេច​ផ្អាក ក៏ដូចជា​ពន្យារពេល​ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​វីរុស​ខាង​ផ្លូវ​ដង្ហើម​ ដ៏​អាក្រក់​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114