ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ាន ជុំវិញ​ការ​ផ្អាក ដំណើរការ​ពានរង្វាន់​មួយ​ចំនួន​ក្នុង​តំបន់​

​កាលពី​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០២០​កន្លង​ទៅនេះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ហៅ​កាត់ AFF បានសម្រេច​ប្រកាស​អំពី​បច្ចុប្បន្នភាព​នៃ​ការប្រកួត​បាន​រង្វាន់​ជើងឯក​យុវជន និង​បាល់ទាត់​នារី ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ឆ្នាំ ២០២០​នេះ ដោយ​ពានរង្វាន់​មួយចំនួន ត្រូវ​រៀបចំ​កាលវិភាគ​ថ្មី និង​មួយ​ចំនួន​ទៀត​នៅ​រក្សា​តាម​កាលវិភាគ​ចាស់​។​

​ជុំវិញ​សេចក្តី​ប្រកាស​នេះ ឯក​ឧត្តម ខៀវ សា​ម៉េ​ត ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ាន ( AFF ) បាន​ថ្លែង​នូវ​ប្រសាសន៍​ទាំងស្រុង​ថា​៖ “ ទាំងនេះ​គឺជា​ពេលវេលា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ពិភពលោក​ទាំងមូល រួម​ទាំង​គ្រួសារ​បាល់ទាត់​និង​សហគមន៍​របស់​យើង ប៉ុន្តែ​យើង​នឹង​ឆ្លងកាត់​វា​ជាមួយគ្នា​។ ទោះ​យ៉ាង​ណា​ការ​ឆ្លង​កាត់​វា​នឹង​តម្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​ចូល​រួម​ចំណែក​ជា​ចាំបាច់ ” ។​

“ ចាប់​តាំង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ ដល់​ការ​ប្រមូលផ្តុំ​មនុស្ស​ក្នុង​ការ​ទស្សនា​បាល់ទាត់ ពួក​យើង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ពន្យារ​ពេល និង​ប្រសិន​ក្នុងករណី​ចាំបាច់​ណាមួយ គឺ​ត្រូវ​លុបចោល​ការប្រកួតប្រជែង​ពានរង្វាន់​របស់​យើង ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម ជាមួយនឹង​គោលដៅ​ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​របស់​គ្រួសារ​បាល់ទាត់ និង​សហគមន៍​របស់​យើង ” ។​

​ឯកឧត្តម បាន​បន្ត​ថា​ “ នៅពេលដែល​ស្ថានភាព​កំពុង​វិវត្តន៍​ទៅមុខ​ឥត​ឈប់ឈរ យើង​នឹងធ្វើ​ការពិនិត្យ​យ៉ាង​ដិតដល់ ហើយ​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្លាស់ប្ដូរ​កាលវិភាគ​របស់​យើង​នោះទេ ប្រសិនបើ​ចាំបាច់ ជាមួយគ្នា​នោះ​ផងដែរ គឺ​គ្រប់ការ​សម្រេច​ចិត្ត​រប​ស់​យើង AFF នឹង​តែងតែ​ផ្តល់​អាទិភាព​សុខុមាលភាព​ដល់​គ្រួសារ​បាល់ទាត់ និង​សហគមន៍​របស់​យើង ” ។​

“ AFF កំពុងតែ​តាមដាន​ការវិវត្តន៍​នៃ​មេរោគ COVID-19 តាមរយៈ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​, រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​, ភ្នាក់ងារ​របស់​រាជរដ្ឋាភិបាល​, FIFA និង AFC ហើយ​នឹង​ផ្តល់​ជូន​នូវ​បច្ចុប្បន្នភាព​ពេលដែល​ចាំបាច់ ” ។​

​យើងទាំងអស់គ្នា ត្រូវតែ​ចូលរួម​ចំណែក​ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ឲ្យ​ស្ថិតនៅ​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ដូច​ច្នេះ​ក្រុម​វីរជន​របស់​យើង​ដែល​មាន ក្រុម​គ្រូពេទ្យ និង​គិលានុបដ្ឋាកនាយិកា ដែល​កំពុង​ប្រថុយ​ជីវិត​របស់​ពួកគេ អាច​ទប់​ទល់នឹង​ចំនួន​អ្នកជំងឺ​ធ្ងន់ធ្ងរ ហើយ​មន្ទី​រពេទ្យ​របស់​យើង នឹងមិន​ងាយ​ទ្រុឌទ្រោម​ឡើយ​។​

“ វិធានការណ៍​ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ អាច​ទៅរួច​លុះត្រាតែ​យើងទាំងអស់គ្នា​ចូលរួមចំណែក ដើម្បី​កាត់បន្ថយ​ទំនាក់ទំនង​សង្គម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន “ ។​

​គួររំលឹក​ថា ការប្រកួត​ពានរង្វាន់​បាល់ទាត់​ចំនួន ៤ នឹង​ត្រូវ​លើក​ពេល​ទៅធ្វើ​នៅ​ចុងឆ្នាំ ២០២០​នេះ រួមមាន AFF Women’s Championship, AFF U18 Women’s Championship, AFF U16 Boy’s Championship និង AFF U19 Boy’s Championship ហើយ​ពានរង្វាន់​ចំនួន ៤​ទៀត​នឹង​ត្រូវ​រៀបចំ​តាម​ការ​គ្រោងទុក​ដដែល គឺ AFF U15 Girls’ Championship, AFF Futsal Championship, AFF Futsal Club Championship និង AFF Beach Football Championship ៕