​ត្រសក់ស្រូវខ្មែរ​កំពុង​ប្រមូល​ផល លោក​រដ្ឋមន្ត្រី​ចុះផ្ទាល់លើកទឹកចិត្ត​
BREAKING NEWS
Search

​ត្រសក់ស្រូវខ្មែរ​កំពុង​ប្រមូល​ផល លោក​រដ្ឋមន្ត្រី​ចុះផ្ទាល់លើកទឹកចិត្ត​

​ភ្នំពេញ​ ៖ ក្រោយពី​បញ្ចប់​ការ ចូលរួម​សកម្មភាព​ធ្វើស្រែ​បង្ហាញ​ដោយ​ប្រើ​គ្រឿងយន្ត និង​ឧបករណ៍​សម្រាប់ បម្រើ​ឲ្យ​វិស័យ​ផលិតកម្ម​ស្រូវ នៅ​ភូមិ​ផ្តៅ​ជុំ​កើត ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ជាមួយ ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី លោក វេ​ង សាខុន រដ្ឋមន្ត្រី កសិកម្ម និង​ឯកអគ្គរដ្ឋទូត បាន បន្ត ចុះ​ពិនិត្យ​សកម្មភាព​ប្រមូល​ផល​ឪឡឹក និង​ត្រសក់ស្រូវ របស់​កសិករ​ឃុំ​ព្រីង​ជុំ ស្រុក​ជើងព្រៃ ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ។​

ក្រសួង​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ចេញពី​ឃុំ​ផ្តៅ​ជុំ លោក​រដ្ឋមន្ត្រី លោក ឯកអគ្គរដ្ឋទូត លោក អភិបាល​នៃ​គណ​អភិបាលខេត្ត និង​សហការី​បាន​បន្ត​ដំណើរ​មក​ចុះ​ពិនិត្យ​សកម្មភាព​ប្រមូល​ផល​ឪឡឹក និង​ត្រសក់ស្រូវ របស់​កសិករ​ឃុំ​ព្រីង​ជុំ ស្រុក​ជើងព្រៃ​។ តាម​ការ​រាយការណ៍​របស់​បង​ស្រី​ម្ចាស់​ចំកាង​បាន​ឲ្យ​ដឹង​ថា ​បងស្រី និង​គ្រួសារ​ផ្សេងទៀត បាន​ចាប់​យក​អាជីព​ដាំ​ឪឡឹក និង​ត្រសក់ស្រូវ ជាច្រើន​ឆ្នាំ​មក​ហើយ​ លើ​ដី​ជា​កម្មសិទ្ធិ និង​ដី​ជួល ក្រៅពី​ដំណាំ​ស្រូវ​ដោយ​ទទួល​បាន​ចំណូល​យ៉ាង​ល្អ​ប្រសើរ ប៉ុន្តែ​ទៅតាម​រដូវ និង​អាកាសធាតុ (​ភ្លៀង ឬ​រាំងស្ងួត​)​។ បច្ចុប្បន្ន ទីផ្សារ​ឪឡឹក​មានតម្លៃ​ល្អ អាច​ប្រមូល​បាន​ចំណូល​ជាង ២​លាន​រៀល​ក្នុង ១​ហ​ត ក្នុង​១​រដូវ​។ អ្វី​ដែល​ជា​បញ្ហា​សម្រាប់​ពួកគាត់ គឺ​ទឹក ប្រសិនជា​មាន​ទឹក​កសិករ​នៅ​តំបន់​នេះ អាច​ធ្វើ​ស្រែ​បាន ២​ដង​ក្នុង​មួយ​ឆ្នាំ និង​ដាំ​ដំណាំ​ផ្សេងទៀត​បាន​ផល​ល្អ ដូច្នេះ​នៅ​ចំពោះ មុខ​ឯក​ឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​ឯកអគ្គរាជទូត ឯកឧត្តម​ប្រធាន​អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​សំណូមពរ​ប្រឡាយ​ទឹក​នាំ​ទឹក​មកកាន់​តំបន់​នេះ​។ ពួកគាត់​បាន​អរគុណ​សន្តិភាព មាន​សន្តិភាព ធ្វើ​ឲ្យ​ជីវិត​មាន​ភាព សុខសាន្ត បង្ក​លក្ខណ​ងាយស្រួល​ក្នុង​ការងារ​បង្កបង្កើន​ផល បង្កើន​ចំណូល និង​កំណើន​សេដ្ឋកិច្ច ក្នុង​គ្រួសារ​។​

​បន្ទាប់ពី​បាន​ឃើញ​ផល​ឪឡឹក និង​ត្រសក់ស្រូវ ដែល​កំពុង​ប្រមូល​ផល លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​លើ​ការងារ​ដាំ​ដុះ​បន្លែ ធ្វើ​យ៉ាង​ណា​បង្កើន​បរិមាណ​ផលិត ធានា​គុណភាព ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ និង​ជាពិសេស​កាត់បន្ថយ​ការ​នាំ​ចូល និង​ជាពិសេស​គួរ​ធ្វើការ​កែច្នៃ​ត្រសក់​ចាវ អាច​រក្សាទុក​បាន​យូរ​។ លោក​បាន​ណែនាំ​ឲ្យ​មន្ទីរ​ជួយ​ធ្វើការ​បណ្ដុះបណ្ដាល​បច្ចេកទេស​បន្ថែម រក​ទីផ្សារ និង​គួរ​ដាំ​ដំណាំ​ឆ្លុះ​។ ក្រៅ​ពី​នេះ មន្ទីរ​គួរ​សិក្សា​ពី​លទ្ធភាព​បង្កើត​កន្លែង​ប្រមូល​ផ្តុំ​បន្លែ​បន្ថែម ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​។​

​អត្ថបទ៖ ឌួង​វិ​រះ​ជ័យ
សូមចុចអាន៖ ​ជំងឺកូវីដ១៩ធ្វើឲ្យអាជីវកម្មទេសចរណ៍បិទទ្វារជិត៣ពាន់កន្លែង ប៉ះពាល់ដល់បុគ្គលិកជាង៤ម៉ឺន៥ពាន់នាក់ នៅទូទាំងប្រទេស