វិស័យ​កសិកម្ម​ នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​

កំពង់ធំ ៖ មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២០ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ ឆ្នា​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត ព្រឹម រដ្ឋា អភិបាលរង​ខេត្ត បាន​លើកឡើងថា វិស័យ​កសិកម្ម​នៅតែមាន​តួនាទី​សំខាន់​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ធានា​សមធម៌ ធានា​សន្តិ​សុខ ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។

ក្នុង​កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​ការិយាល័យ និង​អង្គភាព​ជំនាញ​បាន​ជួបប្រទះ​ក្នុងការ​អនុវត្ត​ការងារ​កន្លងមក និង​វិធានការ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២០ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។​

ក្នុងឱកាស​នោះ ​លោក ប៉ែន សុវណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង ​នេសាទ បាន​រាយ​ការណ៍​សង្ខេប​អំពី​ការងារ​ប្រឈម​មួយ​ចំនួន​ដែល​មន្ត្រី​ជំនាញ​តាម​ការិយាល័យ​បាន​អនុវត្ត​ កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅនោះ គឺ​ការងារ​បង្កបង្កើនផល​ស្រូវ និង​ទិន្នផល​ផល​ស្រូវ​ដែល​ទទួលបាន​។ ដោយ​មានការ​បម្រែបម្រួល​អាកាសធាតុ និង​ទទួលរង​នូវ​ឥទ្ធិពល​បាតុភូត​ធម្មជាតិ​មិន​ប្រក្រតី​កន្លង​មក ការងារ​កសិកម្ម​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត និង​គ្រោះ​ទឹកជំនន់​បាន​បង្ក​ផលប៉ះពាល់​លើ​ស្រូវប្រាំង រដូវវស្សា ក្នុងនោះ​ដោយ​គ្រោះរាំងស្ងួត ចំ​នួន​១៥ ៩៥៧ ហិកតា និង​ដោយ​ទឹកជំនន់​៦៧០៣​ហិកតា ព្រមទាំង​បង្ក​ឲ្យ​ខូចខាត​ស្រូវ​សរុប​ចំនួន​៤៣៣៣​ហិកតា ប៉ុន្តែ​ស្តារឡើងវិញ​បាន​ចំនួន​៩៥០​ហិកតា​។

លោក​បាន​បន្ដថា ដើម្បីឲ្យ​ការអនុវត្តន៍​ការងារ​នៅ​ឆ្នាំ​បន្ទាប់​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​ យើង ត្រូវ​មាន​វិធានការ​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ដែល​កើតឡើង​កន្លងមក​ឲ្យ​បាន​ប្រសើរ​នៅ​ពេល​ខាង​មុខ។

បន្ទាប់មក​ លោក ព្រឹម រដ្ឋា បាន​មានប្រសាសន៍ថា​ វិស័យ​កសិកម្ម​នៅតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច ធានា​សមធម៌ ធានា​សន្តិសុខ ស្បៀង និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដើម្បី​សម្រេចបាន​ទិសដៅ​គោលនយោបាយ​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវអនុវត្ត​វិធី​ជា​យុទ្ធសាស្ត្រ​ចំនួន​៥​រួមមាន ​៖​
ទី​១.​ការបង្កើន​ផលិតភាព ពិធី​ភាវូបនីយកម្ម និង​ពាណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម
ទី​២​.ការជំរុញ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ
ទី​៣​.ការគ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព
ទី​៤.​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ សត្វព្រៃ ​ប្រកបដោយ​និរន្ត​ភាព ​និង​ ទី​៥.ការ​ពង្រឹង​ស្ថាប័ន ការ​បង្កើន​ប្រសិទ្ធភាព​សេវា​គាំទ្រ និង​ការអភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​កសិកម្ម​។ ក្នុង​ការងារ​អភិវឌ្ឍន៍​វិស័យ កសិកម្ម កម្ពុជា​ ត្រូវ​ចាប់​ច្បាម​នូវ​កាលានុវត្តភាព ជាពិសេស​ត្រូវ​ធ្វើឲ្យ​កម្ពុ​ជា​មាន​ឧត្ដមភាព​ប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ កសិផល​ទាំង​ក្នុង​តំបន់ និង​ពិភពលោក និង​កាត់​បន្ថយ​ការ​នាំ​ចូល​។​

ជា​ចុងក្រោយ ​លោក​អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ សូម​ឲ្យ​មន្ត្រី​ទាំងអស់​ដែល​បាន​ចូលរួម​យក​ស្មារតី​យកចិត្តទុកដាក់​ក្នុង​ការ​ពិភាក្សា​ឆ្លុះបញ្ចាំង​នូវ​រាល់​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម និង​លើកឡើង​នូវ វិធានការ​សមស្រប​នានា ដើម្បី​ខេត្ត​មាន​មូលដ្ឋាន​ពិនិត្យ​លទ្ធភាព ដោះស្រាយ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​៕


អត្ថបទ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114