រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ៖​ ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ ឆ្នាំ​២០១៩-២០២០ មាន​ភាព​ល្អ​ប្រសើរ

ភ្នំពេញ​ ៖​ លោក ​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ​ឆ្នាំ​២០២០ បាន​បង្ហាញ​របាយការណ៍​ ស្ដីពី​ការ​បង្កបង្កើនផល​ ស្រូវ​ប្រាំង ​និង ស្រូវវស្សា ឆ្នាំ ២០១៩-២០២០ មាន​លក្ខណៈ​ល្អ​ប្រសើរ បើ​ទោះ​កម្ពុជា​បាន​ជួបប្រទះ​នឹង​គ្រោះ​រាំងស្ងួត​អូស​បន្លាយ​រយៈពេល​យូរ រួមជាមួយ​គ្រោះ​ទឹកជំនន់​នៅ​តំបន់​មួយចំនួន​នៅ​រដូវវស្សា​ឆ្នាំ​២០១៩ និង​ជួប​ប្រទះ​កង្វះ​ទឹក​ស្រោចស្រព ក្នុង​រដូវប្រាំង​២០១៩-២០២០ យ៉ាងណាក៏ដោយ។

យោងតាម​របាយការណ៍​ ដែល​បង្ហាញ​ដោយ លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹងថា លទ្ធផល​បឋម ​នៃ​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​ឆ្នាំ​២០១៩-២០២០ គិត​មកទល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០ (1) . ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​សរុប មាន​ចំនួន ៣ ៣២៨ ៨៤៦ ហិកតា ៖ ១.ផ្ទៃដី​ដាំ​ដុះ​ស្រូវ​រដូវវស្សា មាន​ចំនួន ២ ៧៣១ ៣៣៨ ហិកតា។ ២.ផ្ទៃដី​ដាំ​ដុះ​ស្រូវ​រដូវប្រាំង មាន​ចំនួន ៥៩៧ ៥០៨ ហិកតា។ ៣.បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ឆ្នាំ​២០១៩​ ថយ​ចុះ​ចំនួន ៧ ០៨៣​ ហិកតា​ ឬ​ស្មើនឹង ០,២១​ភាគរយ​។ (2). ផ្ទៃដី​ប្រមូល​ផល​ស្រូវ​សរុប មាន​ចំនួន​៣ ២៦៣ ៧៥៤ ហិកតា ៖ ១. ផ្ទៃដី​ប្រមូល​ផល​ស្រូវ​រដូវវស្សា មាន​ចំនួន​២ ៦៧១ ៦៤៦ ហិកតា។ ២. ផ្ទៃដី​អាច​ប្រមូល​ផល​ស្រូវ​រដូវប្រាំង អាច​ទទួល​បាន​ចំនួន ៥៩២ ១០៨ ហិកតា។ ៣ .ធៀប​នឹង​ឆ្នាំ​២០១៨ ផ្ទៃដី​ប្រមូល​ផល​ស្រូវ​ឆ្នាំ​២០១៩ កើន​ឡើង​ចំនួន ១៥ ៦៩៣​ហិកតា ឬ​ស្មើនឹង ០,៤៨ ភាគរយ។ ( 3). ទិន្នផល​ស្រូវ​ជា​មធ្យម​ប្រចាំឆ្នាំ អាច​ទទួល​បាន ៣,៣៣៥ តោន​/​ហិកតា ៖ ១.ទិន្នផល​ស្រូវ​រដូវវស្សា​មាន​ចំនួន​៣,០៩៥ តោន​/​ហិកតា។ ២ . ទិន្ន​ផល​ស្រូវ​រដូវប្រាំង អាច​ទទួលបាន​ចំនួន ៤,៤១៨ តោន​/​ហិកតា​។ ៣.បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ទិន្នផល​ស្រូវ​មធ្យម​ប្រចាំឆ្នាំ​២០១៩ អាច​ថយចុះ​ចំនួន ១៨​គីឡូក្រាម​/​ហិកតា ឬ​ស្មើនឹង ០,៥៤​ភាគរយ ។ (4) បរិមាណ ផល​ស្រូវ សរុបប្រចាំឆ្នាំអាច​ទទួលបានចំនួន ១០ ៨៨៥ ៤៩២ តោន។ ១.បរិមាណ​ផល​ស្រូវ​រដូវវស្សា មាន​ចំនួន​៨ ២៦៩ ៣៣៣ តោន។ ២.បរិមាណ​ផល​ស្រូវ​រដូវប្រាំង អាច​ទទួលបាន​ចំនួន ២ ៦១៦ ១៥៩ តោន។ ៣.បើ​ធៀប​នឹង​ឆ្នាំ​២០១៨ បរិមាណ​ផល​ស្រូវ​សរុប​ឆ្នាំ​២០១៩ ថយចុះ​ចំនួន ៦ ២៤៣​តោន ឬ​ស្មើនឹង ០,០៦​ភាគរយ។​

​ជាមួយនឹង​ផលិតផល​ទទួលបាន លោក ​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល ​សម្ដេច​ តែងតែ​ផ្តល់​អនុសាសន៍ តម្រង់​ទិស និង​ជួយ​ទំនុក​បម្រុង​គ្រប់បែបយ៉ាង ក្នុងការ​ដឹកនាំ​លើ​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ដូច​បានបញ្ជាក់​ជូន​ខាង​ក្រោម បើទោះបី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួបប្រទះ​នឹង​គ្រោះធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០ យ៉ាងណាក៏ដោយ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ផងដែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ រួម​ជា​មួយ​សហការី​ក្រសួង​ទាំងអស់ ដែល​បាន​បំពេញភារកិច្ច​យ៉ាង​ល្អ​ប្រសើរ​បំផុត ក្នុង​ការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ទុក្ខ​លំបាក​របស់​ប្រជាកសិករ​នា​ឆ្នាំ​កន្លង​មក៕​

​អត្ថបទ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114